ភ្នំពេញៈ ព្រះរាជ​អាជ្ញា​សា​លា​ដំបូង ​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​ ២៨ ​ខែ​មិថុនា​នេះ ​​បាន​សម្រេច​ចោទ​ប្រ​កាន់​ស្ត្រី​ជន​ជាតិ​ចិន​ម្នាក់​ និង​ ស្ត្រី​ខ្មែរ​ ចំនួន​ ៤​ នាក់​ពី​បទជួញដូរ​មនុស្ស​និង​សម្រប​សម្រួល​សម្រាប់​ឲ្យ​មាន​ករណី​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ ខណៈ​​មន្ត្រី​រដ្ឋាភិ​បាល​ថា​ ស្ត្រី​ស៊ី​ឈ្នួល​ព​ពោះ​ជំនួស​ក៏​អាច​​ប្រ​ឈម​នឹង​ការ​ចោទ​ប្រ​កាន់​ផង​ដែរ​​។

កាល​ពី​ថ្ងៃទី ​២១ ​ខែ​មិថុនា ​នគរ​បាល​​ប្រ​ឆាំង​ការ​ជួញដូរ​មនុស្ស​ បាន​ចាប់​ខ្លួន​មនុស្ស ​៥​ នាក់​នៅ​ខណ្ឌ ​ឫស្សី​កែវ​ រាជ​ធានី​ភ្នំពេញ​ ពី​បទ​បង្កើត​ភ្នាក់​ងារ​ស៊ី​ឈ្នួល​ព​ពោះ​ជំនួស​ខុស​ច្បាប់ ​ហើយ​ក្នុង​ពេល​ចុះ​បង្ក្រាប​នោះ ​នគរ​បាល​ក៏​បាន​រក​ឃើញ​ស្ត្រី​ចំនួន​៣៣​នាក់​នៅ​ទី​នោះ ខ​ណៈ​ពួកគេ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មាន​ផ្ទៃ​ពោះ​ផ្សេងៗ​គ្នា​។ ស្ត្រី​ទាំង​៣៣​នាក់​នោះ​ត្រូវ​បាន​គេ​ជឿថា ​ជា​អ្នក​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ជន​ជាតិ​ចិន​។

​ព្រះរាជ​អាជ្ញា​ គួច​ គឹម​ឡុង​ បាន​ថ្លែង​ថា ​លោក​បាន​បញ្ជូន​របាយ​ការណ៍​ទៅ​ការិ​យា​ល័យ​ចៅ​ក្រម​ស៊ើប​អង្កេត​រួច​ហើយ​។

លោក​ សួស ​វិ​ទ្យារ៉ា​ន់​ឌី​ អនុ​ប្រធាន​រដ្ឋ​បាល​សា​លា​ដំបូង​រាជ​ធានីភ្នំ​ពេញ​​ បាន​ឲ្យ​ដឹង​ថា ​ព្រះ​រាជ​អាជ្ ញា​បាន​ចោទ​ប្រ​កាន់​អ្នក​ទាំង ​៥ ​នាក់​នោះ​នៅ​ក្រោម​មាត្រា​ ១៦​ នៃ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស​ និង​ កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​និង​មាត្រា ​៣៣២ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។​

យោង​តាម​មាត្រា​ ១៦ អ្នក​ទាំង​៥​នោះ ​អាច​ប្រ​ឈម​នឹង​ការ​ជាប់​ពន្ធ​នា​គារ​រហូត​ដល់ ២០ ​ឆ្នាំ​ពីព្រោះ​ «​បទ​ល្មើស​ត្រូវ​បាន​ប្រ​ព្រឹត្ត​ដោយ​ក្រុម​ដែល​មាន​ការ​រៀប​ចំ​»​។

តាម​មាត្រា​ ៣៣២​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​អំពើ​ប្រព្រឹត្ត​នៅ​ក្នុង​គោល​បំណង​ចង់​បាន​កម្រៃ​ធ្វើ​ជា​អន្តរ​ការីរ​វាង​បុគ្គល​ម្នាក់​ ឬ ​ប្តី​ប្រពន្ធ​ដែល​ចង់​សុំ​កូន​យក​មក​ចិញ្ចឹម​និង​ស្ត្រី​ម្នាក់​យល់​ព្រម​ពពោះ​ដើម្បី​ប្រគល់​កូន​នោះ​ទៅ​ឲ្យ​អ្នក​សុំ​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​ពី ​១​ ខែ​ទៅ ​៦​ ខែ​។

លោក​ស្រី​ ជូ​ ប៊ុន​អេង ​រដ្ឋ​លេខា​ធិការ​ក្រសួង​ម​ហា​ផ្ទៃ​និង​អនុ​ប្រ​ធាន​អចិ​ន្ត្រៃ​យ៍​នៃ​ គណៈ​កម្មាធិ​ការ​ជាតិ​ប្រ​យុទ្ធ​ប្រ​ឆាំង​ការ​ជួញ​ដូរ​មនុស្ស​ថ្លែង​ថា​ ស្ត្រី​ដែល​មាន​ផ្ទៃ​ពោះ​ទាំង​ ៣៣​ នាក់​នោះ​ត្រូវ​ទទួល​ខុស​ត្រូវចំ​ពោះ​ ការ​ចិញ្ចឹម​កូន​ទាំង​នោះ​ទោះបីជា​ពួក​គេ​មិន​មាន​ហ្សែ​ន​ទាក់​ទង​គ្នា​ក៏​ដោយ​។ លោកស្រី​ ប៊ុន​អេង​ បញ្ជាក់​ថា ​ស្ត្រី​ទាំង​នោះ​អាច​ប្រ​ឈម​នឹង​ការ​ចោទ​ប្រ​កាន់​ផង​ដែរ​។

នៅពេល​សួរថា​ តើ​ការ​ទទួល​ខុស​ត្រូវ​រប​ស់​ស្ត្រី​ទាំង​នោះ​ អាច​ជា​អ្វី ប្រសិន​បើ​ពួក​គេ​រំលូត​កូន ​លោក​ស្រី​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ដឹងថា​ តើ​តុលា​ការ​នឹង​និយាយ​ដូចម្តេច​ទេ​។ ប្រ​សិន​បើ​ពួកគេ​គ្រាន់​តែ​ស្វែង​រក​ការ​រំលូត​កូន​ដើម្បី​លុប​ភ័ស្តុ​តាង​ ដើម្បី​ឱ្យ​រួចខ្លួន​ពី​សំ​ណាញ់​ច្បាប់​យើង​នឹង​មិន​អនុញ្ញា​តឱ្យ​ធ្វើ​បែប​នោះទេ​»​។

​លោក​ស្រី​បញ្ជាក់​ថា​៖«​យើង​យល់​ថា​វា​សំខាន់​ណាស់​សម្រាប់​ស្ត្រី​ទាំ​ងនោះ​ក្នុងការ​ទទួល​ខុសត្រូ​វ​ចំពោះ​ទារក​ដែល​កំពុង​នៅ​ក្នុង​ផ្ទៃ​របស់​ពួកគេ​»​។

លោក​ស្រី​បន្ថែម​ថា​៖«​នៅក្រោម​ច្បាប់​កម្ពុជា​ស្ត្រី​គឺជា​មាតា​របស់​ទារក​នៅក្នុង​ផ្ទៃ​របស់​ពួកគេ​។ ដោយ​សារតែ​អ្នក​ក្រីក្រមិន​មែន​មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​គិត​អំពី​ជីវិត​របស់​អ្នកដ​ទៃ​នោះ​ទេ​»​។

​អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ច​ការ​នារី​លោក ផុន ពុទ្ធបុរី មិនអាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​៕ NS