ភ្នំពេញ៖ ក្រុម​ស្រ្ដី​ជាច្រើន​នាក់​មក​ពី​សមាគម​ និង អង្គការ​សង្គម​ស៊ីវិល​នានា ត្រូវ​បាន​កង​កម្លាំង​របស់​សាលា​រាជធានី​ភ្នំពេញ​រារាំង និង មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ដើរ​ដង្ហែរ​ក្បួន​ចេញ​ពី​ស្ដាត​អូរឡាំពិក យក​ញត្តិ​ទៅ​ដាក់​នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋមន្រ្តី នា​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨ មីនា​នោះ​ទេ​ កាល​ពី​ថ្ងៃ​ទី ៨ មីនា។ ប៉ុន្តែ​ខាង​អាជ្ញាធរ​លើក​ឡើង​ថា ដោយសារ​តែ​ពួកគេ​មិន​គោរព​តាម​សេចក្ដី​សម្រេច​ក្នុង​កិច្ច​ប្រជុំ​ ថា​ឲ្យ​​ប្រារព្ធ​​​នៅ​​តាម​ទីតាំងរៀងៗ​​ខ្លួន។

ក្រុម​កង​កម្លាំង​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​ប៉ូលិស ស៊ីវិល និង​ប្រជាការពារ​ប្រហែល ២០០ នាក់ បាន​នាំ​គ្នា​ឈរ​ពាំង​ទប់​ស្កាត់​ក្រុម​ស្រ្ដី​ដែល​មាន​បំណង​ដើរ​ដង្ហែរ​ញត្តិ​ចេញ​ពី​ក្នុង​ស្ដាត​អូឡាំពិក យក​ទៅ​កាន់​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី ដើម្បី​ស្នើ​សុំ​ដំណោះ​ស្រាយ​មួយ​ចំនួន​ពី​រដ្ឋាភិបាល ជុំវិញ​បញ្ហា​នានា​ដែល​ពួកគេ​ជា​ស្រ្ដី​កំពុង​ជួប​ប្រទះ​សព្វ​ថ្ងៃ។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង សេវាកម្ម​លើក​ឡើង​ថា ភាគ​ច្រើន​នៃ​អ្នក​ចូល​រួម​ហែរ​ញត្តិ​នេះ គឺ​ជា​ស្រ្ដី ដែល​មាន​គ្នា​ជាង ៤០០ នាក់ មាន​ទាំង​យុវជន អ្នក​ប្រកប​របរ​ផ្លូវ​ភេទ អ្នក​បម្រើ​ការងារ​ផ្នែក​សេវា​កម្ម​កម្សាន្ត កម្មករ​កាត់ដេរ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ កសិករ និង​ស្រ្ដី​មាន​បញ្ហា​ដីធ្លី។

អ្នក​ស្រី​បន្ត​ថា នៅ​ពេល​ចាប់​ផ្ដើម​នាំ​គ្នា​ដើរ​ចេញ​ពី​ស្ដាត​អូរឡាំពិក ក៏​ត្រូវ​អាជ្ញាធរ​រារាំង និង ព្យាយាម​បំបែក​ក្រុម​អ្នក​ចូលរួម​ជា​ពីរ​ផ្នែក ហើយ​ក្រោយ​មក​អាជ្ញាធរ​ក៏​បាន​សម្រុះ​សម្រួល​ទទួល​ញត្តិ​ដោយ​សន្យា​យក​ទៅ​ប្រគល់​ឱ្យ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​ជំនួស​វិញ។

អ្នកស្រី​ថ្លែង​ថា «យើង​គិត​ថា យើង​សោកស្ដាយ​ចំពោះ​ការ​រារាំង​ហ្នឹង ព្រោះ​ប្រទេស​យើង គឺជា​ប្រទេស​ប្រជាធិបតេយ្យ មាន​សេរីភាព​ក្នុង​ការ​ជួបជុំ សេរីភាព​ក្នុង​ការ​សម្ដែង​មតិ ដែល​គួរ​តែ​ត្រូវ​បាន​ការពារ​និង​ធានា។ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ហើយ ក្រោម​រូបភាព​នៃ​ការ​រឹត​បន្តឹង​ទៅ​ទៀត»។

នៅ​ក្នុង​ញត្តិ​ដែល​ដាក់​ទៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្រ្តី​នោះ គឺ​ក្រុម​ស្រ្ដី​ស្នើ​សុំ​ចំនួន ៧ ចំណុច​ទៅ​កាន់​រដ្ឋាភិបាល ដូចជា ការ​បង្កើត​មតេយ្យ​ទារក​ដ្ឋាន ឬ សហគមន៍ ការ​បង្កើត​ជម្រក​សុវត្ថិភាព​សម្រាប់​ស្រ្ដី​ជួប​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង ស្រ្ដី​បម្រើ​ការងារ​តាម​ផ្ទះ ការ​បញ្ឈប់​ការ​បៀតបៀន និង ហិង្សា​ផ្លូវ​ភេទ​លើ​ស្រ្ដី​នៅ​កន្លែង​ការងារ​ និង ដោយ​មិន​ត្រូវ​លើក​លែង ការ​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្រ្ដី​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស កំណែ​ទម្រង់​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ ការ​កែលម្អ​លក្ខខណ្ឌ​ការងារ និង ពង្រឹង​យន្តការ​ការពារ​ស្រ្ដី​អ្នក​ធ្វើ​ការងារ​តាម​ផ្ទះ និង​ការ​ពង្រឹង​យន្ត​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក ស្ដីពី​ការ​កេង​ប្រវ័ញ្ច​ការងារ ការ​ជួញដូរ និង ទាសភាព​សម័យ​ទំនើប។

អ្នកស្រី អ៊ូ ទេពផល្លីន បន្ត​ថា «យើង​ទាមទារ​ចំណុច​ទីមួយ​ ដោយ​សារ​កម្មករ​ធ្វើ​ការងារ ឬ នៅ​ក្នុង​សេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ ពួក​គាត់​អត់​មាន​អ្នក​មើល​កូន​ឱ្យ អ៊ីចឹង​គាត់​ត្រូវ​បង្ខំ​ចិត្ត​ដាក់​កូន​នៅ​រទះ​អី​ហ្នឹង ហើយ​ទារកដ្ឋាន​ យោង​តាម​ច្បាប់​ស្ដីពី​ការងារ​មាន​ហើយ អ៊ីចឹង​តម្រូវ​ឱ្យ​នយោជក​អនុវត្ត​តាម​ច្បាប់​ការងារ។ ដូច​ទី​៧ ជំរុញ​យន្តការ​គឺគាត់ [រដ្ឋាភិបាល] ត្រូវ​ធានា​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ ហើយ​ជាពិសេស ក្រសួង​ពាក់​ព័ន្ធ​ទទួល​បន្ទុក​ផ្នែក​បញ្ជូន​ពលករ​ចំណាក​ស្រុក​ទៅ ត្រូវ​ចុះ​ទៅ​តាម​ដាន​ត្រួត​ពិនិត្យ ដើម្បី​ធានា​ថា តើ​ពួកគាត់​ធ្វើ​ការ​នៅ​ទីនោះ មាន​ផាសុខភាព​អត់ មាន​ប្រព័ន្ធ​ការពារ​សុខភាព និង សុវត្ថិភាព​ត្រឹម​ត្រូវ​អត់ ប្រាក់​ឈ្នួល​ត្រឹម​ត្រូវ និង​ថៅកែ​មាន​ឥរិយាបទ​មេច​ដែរ»។

លោក មេត មាសភក្ដី មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា អាជ្ញាធរ​សាទរ​ចំពោះ​ការ​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ប៉ុន្តែ​ការ​ហាម​ឃាត់​ដើរ​ដង្ហែរ​ក្បួន​នេះ ដោយ​តែ​ពួកគេ​មិន​បាន​គោរព​តាម​សេចក្ដី​សម្រេច​ក្នុង​កិច្ច​ប្រជុំ​រវាង​ភាគី​ទាំង​ពីរ ថា​ឱ្យ​អនុវត្ត​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នៅ​តាម​ទីតាំង​របស់​ខ្លួន​នីមួយៗ និង មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ហែរ​ក្បួន​ឡើយ។

លោកថា «ទាំងអស់​ហ្នឹង​បាន​ជំរាប​ជូន​ហើយ ទាំង​បញ្ហា​សណ្ដាប់​ធ្នាប់​សាធារណៈ សណ្ដាប់​ធ្នាប់​ចរាចរណ៍ រួម​ទាំង​បញ្ហា​សុវត្ថិភាព​ទាំង​អស់​ដែល​អាជ្ញាធរ​យើង​គិត​គូរ​ហើយ​នៅ​ក្នុង​ន័យ​ហ្នឹង​ហើយ​ដែល​យើង​មិន​អនុញ្ញាត​ជូន ហើយ​ជាក់​ស្ដែង​សូម្បី​សព្វ​ថ្ងៃ​នេះ​ ទោះ​មិន​មាន​សកម្មភាព​ដើរ​ប្រមូល​ផ្ដុំ​ផ្សេងៗ ក៏​សង្កេត​ឃើញ​មាន​ការ​កក​ស្ទះ​ដែរ»។

លោក អំ សំអាត ប្រធាន​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ​យល់​ឃើញ​ថា ការ​រុញច្រាន​មិន​ឱ្យ​ក្រុម​ស្រ្ដី​ប្រមូល​ផ្ដុំ​និង​ដើរ​ដង្ហែរ​ក្បួន​ដែល​ជា​សិទ្ធិ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី គឺជា​ការ​រឹត​បន្តឹង​សិទ្ធិ​សេរីភាព​មួយ។

លោក​បញ្ជាក់​ថា អាជ្ញាធរ​គួរ​តែ​ជួយ​សម្រួល​ចរាចរណ៍​ឱ្យ​ក្រុម​ស្រ្ដី​ទាំង​នោះ​ដើរ​ហែរ​ក្បួន ទើ​បប្រសើរ​ជាង។

លោកថា «ថ្ងៃ​នេះ​ គឺ​ថ្ងៃ​ទិវា​នារី​អន្តរជាតិ​ផង ហើយ​ពួកគាត់​ប្រារព្ធ​នូវ​ទិវា​ទាំងអស់​ហ្នឹង ហើយ​មាន​ការ​រារាំង ដូច្នោះ​ធ្វើ​ឱ្យ​ប៉ះពាល់​សិទ្ធិ​របស់​ពួកគាត់ ហើយ​អន្តរជាតិ​ក៏​កំពុង​រិះគន់​លើ​ចំណុច​ទាំង​អស់​នេះ​ដែរ»។

លោក ស៊ឹង សែនករុណា មន្រ្តី​សម្រប​សម្រួល​អង្គការ​អាដហុក​បាន​ថ្លែង​ដែរ​ថា ការ​លើក​ឡើង​អំពី​បញ្ហា​ចរាចរណ៍​ដើម្បី​រារាំង​មិន​ឱ្យ​ក្រុម​ស្រ្ដី​ទាំង​នោះ​ដើរ​ដង្ហែរ​ក្បួន គឺ​ជា​លេស​មួយ​ប៉ុណ្ណោះ ហើយ​កន្លង​មក​ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ក៏​ធ្លាប់​ណែនាំ​ដើម្បី​ជំរុញ​ឱ្យ​ពលរដ្ឋ​ទទួល​បាន​សិទ្ធិ​ជួប​ជុំ ប្រមូល​ផ្ដុំ​សម្ដែង​មតិ​ដែរ ប្រសិន​បើ​ការ​ជួប​ជុំ​នោះ​មិន​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ ដូចជា គ្រោះ​ថ្នាក់ ឬ ចលាចល​នៅ​ក្នុង​សង្គម។

លោកថា «យើង​ទៅ​មើល​បាតុកម្ម​នៅ​ក្នុង​ប្រទេស​លោក​សេរី​យើង​ឃើញ​ហើយ ក្រុម​ប៉ូលិស​របស់​ពួកគេ​ជួយ​រៀបចំ​សម្រួល​ចរាចរណ៍​ដើម្បី​ឱ្យ​ពលរដ្ឋ​គេ​ហ្នឹង បាន​ធ្វើ​បាតុកម្ម​ដាក់​ញត្តិ​តាម​ស្ថាប័ន​ទៅ​ទៀត។ ពេល​ខ្លះ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​មិនមែន​ជា​ជនជាតិ​គេ​ផង ប៉ុន្តែ​ជួយ​សម្រួល​ឱ្យ​ពួកគាត់​ដាក់​ញត្តិ អ៊ីចឹង​យើង​ឃើញ​ថា វា​តួនាទី​របស់​សមត្ថកិច្ច ដើម្បី​សម្រួល​ឱ្យ​ពួក​គាត់​បាន​ដាក់​ញត្តិ ដើម្បី​ឱ្យ​ដល់​ស្ថាប័ន​ទាំង​នោះ​បាន​ដឹង​ពី​រឿងរ៉ាវ​ដែល​ពួកគេ​ចង់​បាន​ផង»។

អង្គការ​សហប្រជាជាតិ​បាន​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ក្នុង​ឆ្នាំ ២០១៩ នេះ ក្រោម​ប្រធាន​បទ «គិត​ស្មើរ​ភាព​គ្នា បង្កើត​ភាព​វៃឆ្លាត និង ច្នៃ​ប្រឌិត​សម្រាប់​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ»។ លើសពីនេះ ត្រូវ​ចូលរួម​គាំទ្រ​ចំពោះ​ស្រ្ដី​ដែល​កំពុង​ព្យាយាម​យក​ឈ្នះ​ឧបសគ្គ ដើម្បី​បង្កើត​ឱ្យ​មាន​ពិភព​លោក​កាន់តែ​ប្រសើរ​មួយ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា៕