ខេត្តភាគឦសានៈ ក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាមដែលមានផ្ទៃដីចម្ការកៅស៊ូប្រមាណជាង ២ ម៉ឺនហិកតានៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះត្រូវការជ្រើសរើសកម្លាំងពលកម្មភ្លាមៗប្រមាណ ៩ ០០០ នាក់ហើយបើគិតចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ នឹងត្រូវការកម្លាំងពលកម្មរហូតដល់ជាង ១ សែន ៥ ពាន់នាក់។
ការប្រកាសយ៉ាងដូច្នេះរបស់ក្រុមហ៊ុនកៅស៊ូវៀតណាមបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ នៅក្នុងជំនួបរវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយគណៈប្រតិភូវៀតណាម ដែលដឹកនាំអមដោយក្លិបអ្នកធុរកិច្ចវៀតណាមប្រចាំកម្ពុជា ធនាគារកសិកម្មវៀតណាម (AGRI Bank) តំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា និងសម្ព័ន្ធក្រុមហ៊ុនថាឌីវៀតណាមនៅទីស្ដីការក្រសួងការងារ។
លោក ឡេង ឫទ្ធី ប្រធានសមាគមចម្ការកៅស៊ូវៀតណាមប្រចាំកម្ពុជា និងតំណាងឲ្យសម្ព័ន្ធក្រុមហ៊ុនវៀតណាមបានលើកឡើងក្នុងឱកាសនោះថា បច្ចុប្បន្នសម្ព័ន្ធឧស្សាហកម្មកៅស៊ូសម្ព័ន្ធថាឌី និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជាដែលជាដៃគូមានចម្ការកៅស៊ូប្រមាណជាង ២ ម៉ឺនហិកតានៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះកំពុងមានតម្រូវការកម្លាំងពលកម្មសម្រាប់ឆ្នាំ ២០២០-២០២១ ជាង ១ សែន ៥ ពាន់នាក់។ ជាមួយនឹងតម្រូវការនេះលោកបន្ថែមថា សម្រាប់ការងារបន្ទាន់ដែលក្រុមហ៊ុនត្រូវការកម្លាំងពលកម្មភ្លាមៗគឺមានប្រមាណ ៩ ០០០ នាក់។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នអ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ ម៉ឺនរៀលសម្រាប់អ្នកចៀរជ័រអាចរកចំណូលបានចាប់ពី ១ លានរៀលទៅ ១ លាន ៥ សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យមិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង»។ លោក ឡេង ឫទ្ធី ក៏បានសម្ដែងនូវការថ្លែងអំណរគុណចំពោះកម្ពុជាដែលបានជួយសម្រួល និងគាំទ្រដល់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម និងវិនិយោគរបស់វៀតណាមនៅកម្ពុជា ខណៈដែលការលើកឡើង និងសំណើរបស់លោកត្រូវបានកម្ពុជាទទួលយក និងបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មនៅតាមមូលដ្ឋាន ឬកម្លាំងពលកម្មដែលបានបាត់បង់ការងារដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវីដ ១៩ ផងដែរ។
លោក អ៊ិត សំហេង បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញដោយបានសម្តែងនូវការពេញចិត្ត និងគាំទ្រយ៉ាងខ្លាំង ចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យនៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្មដូចជាដំណាំកៅស៊ូជាដើម បើទោះជាប្រទេសទាំង ២ កំពុងប្រឈមនឹងជំងឺកូវីដ ១៩ ក៏ដោយ។
លោករដ្ឋមន្ត្រីបន្តថា ក្នុងករណីដែលក្រុមហ៊ុនវៀតណាមត្រូវការកម្លាំងពលកម្មយ៉ាងដូច្នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលមានមជ្ឈមណ្ឌលការងារចំនួន ១២ ខេត្តរួមនឹងមណ្ឌលការងារចល័តផងនោះ គួរតែចុះទៅធ្វើការផ្សព្វផ្សាយផ្ទាល់តែម្តងដល់មូលដ្ឋានតាមបណ្តាខេត្តនានា ដោយធ្វើការសហការជាមួយអាជ្ញាធរខេត្តដោយអញ្ជើញប្រជាពលរដ្ឋឲ្យចូលរួមចុះឈ្មោះតែម្តង។
លោកបានបញ្ជាក់ថា៖ «សមាគមនេះគិតគូរបន្ថែមទៀតក្នុងការផ្តល់នូវគោលនយោបាយពិសេសដើម្បីផ្តល់ការទាក់ទាញដល់បងប្អូនកម្មករទៅបម្រើការងារនៅទីនោះទាំងប្រាក់បៀវត្សរ៍សមរម្យ អត្ថប្រយោជន៍ផ្សេងៗកន្លែងស្នាក់នៅសាលារៀនផ្សារសេវាសុខភាព។ល»។
តាមទំព័រហ្វេសប៊ុករបស់លោក អ៊ិត សំហេង បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មសរុបទាំងអស់ ១០ លាននាក់ក្នុងនោះវិស័យកសិកម្មមាន ៤ លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១,៥ លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២,៤ លាននាក់ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១,២ លាននាក់ និងមន្ត្រីរាជការមាន ៥ សែននាក់ហើយប្រភពធនធានទាំងនេះអាចធ្វើឲ្យកម្ពុជាអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យផ្សេងៗ។
លោក មឿន តុលា នាយកប្រតិបត្តិសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សថ្លែងថា លោកផ្ទាល់មិនហ៊ានសន្និដ្ឋានយ៉ាងណានោះទេ ចំពោះការប្រកាសជ្រើសរើសពលករជាង ៩ ០០០ នាក់ភ្លាមៗរបស់ក្រុមហ៊ុនវៀតណាមនេះថាតើមានការងារធ្វើពិតប្រាកដមែន ឬក៏គ្រាន់តែជាការបង្ហាញតួលេខជ្រើសរើសពលករឬយ៉ាងណានោះទេ។
លោកថា ព្រោះតែកន្លងមកក្រុមហ៊ុនវៀតណាមភាគច្រើនគឺតែងយកពលករមកពីប្រទេសវៀតណាមខ្លួនឯងតែម្តង ហើយបើសិនជាត្រូវការពលករខ្មែរគឺសម្រាប់តែការងារដែលប្រើប្រាស់កម្លាំងសុទ្ធតែម្តង។ បន្ថែមពីនេះលោកថា៖ «បើសិនជាពលរដ្ឋខ្មែរបានទៅធ្វើការនៅក្រុមហ៊ុនវៀតណាមហើយលក្ខខណ្ឌការងារមិនបានស្មើដូចដែលពួកគាត់ទៅធ្វើការនៅប្រទេសថៃ ឬក្រុមហ៊ុនផ្សេងៗទេនោះអាចនឹងពិបាកក្នុងការទាក់ទាញកម្លាំងពលកម្មបន្តិច»។
លោក មឿន តុលា បានសង្កត់ធ្ងន់ដែរថា ដើម្បីអាចឲ្យក្រុមហ៊ុនទាំងនោះ ផ្តល់នូវប្រាក់បៀវត្សរ៍សមរម្យជូនដល់កម្មករ ឬពលករ រដ្ឋាភិបាលជាពិសេសក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ គួរតែបង្កើតច្បាប់មួយដើម្បីកំណត់ពីប្រាក់ខែគោលសម្រាប់ពលករក្នុងវិស័យទាំងនេះឲ្យដូចកម្មករក្នុងវិស័យកាត់ដែរ។ លោកអះអាងថា បើកម្ពុជាមានច្បាប់ប្បញ្ញត្តិពីអប្បបរមានៃប្រាក់ឈ្នួលរបស់ពលករក្នុងវិស័យទាំងនេះនឹងធ្វើឲ្យក្រុមហ៊ុនទាំងអស់អនុវត្តប្រកបដោយភាពជោគជ័យ៕