កំពង់ស្ពឺៈ ក្រុមហ៊ុន​ចម្ការ​អំពៅ​ឈ្មោះ​អេច​ (H) ​ដែល​ជា​សាខា​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គើរ​បាន​ផ្ដល់​ប្រាក់​ ១ ​លាន​រៀល​ថ្លៃ​បូជាសព​កម្មការិនី​ម្នាក់ បន្ទាប់ពី​ត្រូវ​ម៉ាស៊ីន​កាត់​ដើម​អំពៅ​កាប់​គាត់​ស្លាប់​កាលពី​ថ្ងៃទី​ ១៥ ​ធ្នូ​នៅ​ភូមិ​ត្រពាំង​ក្រើញ ឃុំ​ប្រាំបីមុំ ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ​។

លោក គឹម យ៉ុន អធិការរង​ស្រុក​ថ្ពង​ប្រាប់​ពី​ម្សិលមិញ​ថា ករណី​នេះ​លោក​បាន​ដឹង ប៉ុន្តែ​ថា​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​ការស្លាប់​នេះ​ទេ​។

លោក​ថា​៖ «​រឿង​នេះ​ខ្ញុំ្ញ​ឮ​ថា​ជនរងគ្រោះ​ដាក់​កាស​ស្តាប់​ចម្រៀង ហើយ​គាត់​ដេក​ក្នុង​ចម្ការ​អំពៅ​មិនឮ​ឡាន​កាត់​​អំពៅ​មក​ដល់​»​។

បុរស​អ្នកភូមិ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​ថា នារី​រងគ្រោះ​ឈ្មោះ អ៊ិត អាយុ ១៨ ​ឆ្នាំ​មាន​បងប្អូន​ ៥ ​នាក់​។ គាត់​កំព្រា​ឪពុក តែ​ម្តាយ​ឈ្មោះ វ៉ាន់ វន អាយុ​ ៥០ ​ឆ្នាំ ឯ​នារី​រងគ្រោះ​ធ្វើការ​នៅ​ចម្ការ​អំពៅ​នោះ​។

លោក​ថា​៖ «​ខ្ញុំ​បាន​ចូលរួម​​បុណ្យសព​គាត់​ដែរ ហើយ​ខ្ញុំ​សួរ​ម្តាយ​នារី​រងគ្រោះ​ប្រាប់​ខ្ញុំ​ថា ខាង​ក្រុមហ៊ុន​គេ​ឲ្យ​ប្រាក់​ ១ ​លាន​រៀល​ថ្លៃ​មេន​ធ្វើ​បុណ្យសព ហើយ​បុណ្យ​ចប់​ទើប​ក្រុមហ៊ុន​​គេ​ឲ្យ​ទៅ​ជួប​គេ​ម្តង​ទៀត​។ ខ្ញុំ​ឮ​គ្រួសារ​សព​និយាយ​អ៊ីចឹង​»​។

លោក សឿន ឡាយ ប្រធាន​សហគមន៍​ព្រៃឈើ​ប្រាំបី​មុំ​នៅ​ស្រុក​ថ្ពង​ដែរ​នោះ បាន​ប្រាប់​ថា​នារី​រងគ្រោះ​ត្រូវ​ម៉ាស៊ីន​កាត់​អំពៅ​កាប់​ស្លាប់ ហើយ​ស្រូប​ចូល​ក្នុង​ម៉ាស៊ីន ហើយ​ធ្លាក់​លើ​រថយន្ត​ដឹក​អំពៅ​។ សាកសព​នារី​រងគ្រោះ​ត្រូវ​ម៉ាស៊ីន​កាត់​ដាច់​ក្បាល​ជ្រុះ​នៅ​លើ​ដី​រីឯ​ជើង​ដងខ្លួន​ និង​ដៃ​មួយ​ចំហៀង​ត្រូវ​ម៉ាស៊ីន​ស្រូប​ចូល​ហើយ ទម្លាក់​លើ​រថយន្ត​ដឹក​អំពៅ​។

លោក ស ម៉ូរ៉ា ប្រធាន​សហជីព​ចំណី​អាហារ និង​សេវាកម្ម​​កម្ពុជា​បាន​ថ្លែង​ថា ធម្មតា​ពួកគាត់​ត្រូវ​ចុះ​បញ្ជី​ក្នុង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ (​បសស​) ​ហើយ​បើ​មិន​បាន​ចុះបញ្ជី​ទេ គឺ​ខាង​គ្រួសារ​ជនរងគ្រោះ​ត្រូវ​ប្តឹង​ទារ​ផលប៉ះពាល់​នេះ​ជា​លក្ខណៈ​ផ្លូវ​ច្បាប់​៕