ព្រះសីហនុៈ ក្រោយពីមានការស៊ើបអង្កេតទៅលើក្រុមហ៊ុនឯកជនមួយដែលបានចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ខេត្តព្រះសីហនុជាងមួយសប្ដាហ៍កន្លងមកហើយបន្ទាប់ពីមានការបញ្ជាផ្ទាល់ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏រហូតមកដល់ថ្ងៃម្សិលមិញនេះនៅមិនទាន់មានមន្ត្រីណាម្នាក់អាចបញ្ជាក់ពីអត្តសញ្ញាណនៅឡើយទេ លើសពីនេះក្រុមហ៊ុនបែរជាមិនកាយដីចេញថែមទាំងធ្វើរបងព័ទ្ធជុំវិញបន្ថែមទៀត។
លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែកញ្ញាបានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ចុះទៅពិនិត្យដោយផ្ទាល់ចំពោះការចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរព្រែកត្រែង ហើយបានបញ្ជាឲ្យក្រុមហ៊ុននោះកាយយកដីចេញវិញ និងត្រូវរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើមវិញ។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ម្សិលមិញថា បន្ទាប់ពីលោករដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះទៅពិនិត្យទីតាំងចាក់ដីលុបឆ្នេរនៅតំបន់ព្រែកត្រែងនោះជាង ១ សប្ដាហ៍ ប៉ុន្ដែមិនមានសកម្មភាពកាយដីចេញទេ បែរជាមានសកម្មភាពធ្វើរបងបន្ថែមទៅវិញ។
លោក សុខុម បានថ្លែងថា៖ «បន្ទាប់ពីលោករដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី ចុះទៅប្រហែល ១ សប្ដាហ៍ខ្ញុំក៏ចុះទៅអង្កេត ប៉ុន្ដែមិនទាន់ឃើញមានកាយដីចេញទេ ហើយបានធ្វើរបងព័ទ្ធជុំវិញបន្ថែមជិតពេញទៅហើយ ខ្ញុំមានការសោកស្ដាយចំពោះករណីចាក់ដីរំលោភយកដីរដ្ឋ ហើយទោះបីមានបញ្ជាពីលោកនាយករដ្ឋមន្ដ្រីក៏នៅមិនទាន់មានចំណាត់ការណាមួយចំពោះក្រុមហ៊ុនឯកជនមួយដែលចាក់រំលោភយកដីឆ្នេរធម្មជាតិ ដែលជាឆ្នេរស្អាតនៅក្នុងពិភពលោកនេះ»។
លោក សុខសុវណ្ណ វឌ្ឍនាសារពង្សក្នុងនាមជាប្រតិភូសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដែលមានសមាសភាពពីគណបក្សខ្មែរក្រោកថា ក្រុមហ៊ុននេះគឺឈ្មួញខិលខូចដែលមានងារជាជំទាវ និងមានប្ដីជាសមាជិកព្រឹទ្ធសភាដែលគ្រប់គ្រងក្រុមហ៊ុន Pheapimex Group បានយកដីក្រហមទៅចាក់លុបសមុទ្រដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅទៀត។
លោក ឱ សារឿន អ្នកនាំពាក្យខេត្ដព្រះសីហនុបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ខេត្ដបានធ្វើនីតិវិធីជាច្រើនកន្លងមកចំពោះករណីក្រុមហ៊ុនមួយនេះហើយ ប៉ុន្ដែមិនទាន់បានស្អាតទាំងស្រុងទេ។
លោក សារឿន ថ្លែងថា៖ «ដីដែលចាក់លុបឆ្នេរនោះនៅមិនទាន់កាយចេញអស់ទាំងស្រុងនៅឡើយទេ។ នេះបើយើងនិយាយដោយត្រង់។ ប៉ុន្ដែជាគោលជំហរយើងមិនទាន់បញ្ចប់ទេ»។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីម្សិលមិញសុំបដិសេធមិនធ្វើអត្ថាធិប្បាយព្រោះនៅរង់ចាំទៅប្រមូលព័ត៌មានពីមូលដ្ឋានសិន។
ខណៈលោក នេត ភក្ដ្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងកាលពីម្សិលមិញដែរថា ក្រសួងបរិស្ថានមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ ព្រោះទុកតួនាទីឱ្យគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្របន្តនីតិវិធីលើចំណាត់ការតាមជំនាញរបស់គេ។
លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ ខែកញ្ញាបានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះទៅពិនិត្យដោយផ្ទាល់ចំពោះការចាក់ដីរំលោភចូលឆ្នេរសមុទ្រនៅចំណុចឆ្នេរ ព្រែកត្រែង ហើយបានបញ្ជាឲ្យក្រុមហ៊ុននោះកាយយកដីចេញវិញ និងត្រូវរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើមវិញ។ ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពី សាធារណជន៕