ភ្នំពេញ៖ ក្រុមហ៊ុន​សាជីវកម្ម​ចិន ឈ្មោះ China Great Wall Industry Corporation (CGWIC) បាន​និង​កំពុង​ត្រៀម​ខ្លួន​បើក​ការិយាល័យ​នៅ​កម្ពុជា​ ក្នុង​គោល​បំណង​ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ GPS សម្រាប់​បំពាក់​លើ​មធ្យោបាយ​ដឹក​ទំនិញ​ក្នុង​ការ​ធានា​សុវត្ថិភាព​នៃ​ការ​ដឹក​ជញ្ជូន​ក្នុង​ស្រុក និង​ក្នុង​តំបន់​អាស៊ាន។

ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធវី​ដេអូ​ពី​ចម្ងាយ​ជាមួយ​នាយក​ក្រុមហ៊ុន​សាជីវកម្ម CGWIC កាល​ពី​ថ្ងៃទី ១១ ឧសភា​នេះ លោក​ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងថា ក្រុមហ៊ុន​នេះ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ប្រព័ន្ធ​ផ្កាយ​រណប Beiduo GPS នៅ​ទូទាំង​ពិភព​លោក។

លោក​បាន​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​ត្រៀម​លក្ខណៈ​ជា​ស្រេច​ក្នុង​ការ​សហការ​លើ​ការ​ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្កាយ​រណប Beidou GPS នៅ​កម្ពុជា ជា​ប្រយោជន៍​ដល់​ការ​ដឹកជញ្ជូន ហើយ​ក៏​គ្រោង​នឹង​លើក​យក​ប្រធាន​បទ​នេះ ទៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​បូក​កូរ៉េ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​បូក​ចិន និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​បូក​ជប៉ុន ដែល​កម្ពុជា​គ្រោ​ងធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ នៅ​លើ​ទឹកដី​អង្គរ​ដោយ​ផ្ទាល់ ប្រសិន​បើ​ស្ថានភាព​ជំងឺ​កូវីដ ១៩ មាន​ភាព​ធូរស្រាល។

លោក ស៊ុន ចាន់ថុល បាន​ស្នើ​ឱ្យ​​ក្រុមហ៊ុន​ចិន​ពន្លឿន​ការ​បំពាក់ប្រព័ន្ធ BeiDou GPS ៥៥០ គ្រឿង ដែល​បាន​គ្រោង​ទុក​នោះ ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ក្រសួង​អាច​យក​ជា​បទពិសោធន៍ និង​មាន​មូលដ្ឋាន​ដើម្បី​ជំរុញ​ការ​ប្រើប្រាស់​នៅ​កម្ពុជា​ព្រម​ទាំង​អាច​ប្រើប្រាស់​ដើម្បី​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ដឹក​ជញ្ជូន​អាស៊ាន​នាចុង​ឆ្នាំ ២០២១ ខាង​មុខ​នេះ។

លោក​ថា៖ « ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន​ទាំង​អស់​នឹង​ចាប់​អារម្មណ៍​ឈាន​ទៅ​ប្រើប្រព័ន្ធ GPS នេះ​ទាំង​អស់​គ្នា»។

អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លោក គង់ វិមាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ បន្ថែម​ថា ក្រុម​ការងារ​បច្ចេកទេស​ទាំង​ពីរ​កំពុង​សិក្សា​លម្អិត​ទៀត ខណៈ​ការិយាតំណាង​របស់​ក្រុមហ៊ុន​សាជីវកម្ម​ចិន អាច​នឹង​បើក​នៅ​កម្ពុជា​ឆាប់ៗ​ខាង​មុខ​នេះ ឬ​អាច​នៅ​ចុង​ឆ្នាំ ២០២១។

លោក​ថា៖ «គម្រោង​បំពាក់​ប្រព័ន្ធ GPS នេះ ស្ថិត​នៅ​ក្នុង​ការ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​នៅ​ឡើយ​ទេ ព្រោះ​ត្រូវ​ការ​ពេលវេលា ហើយ​បើ​តាម​ផែនការ​គ្រោង​បើក​ការិយាល័យ​នៅ​កម្ពុជា​អាច​ឆាប់ៗ​នេះ ឬ​អាច​នៅ​ចុង​ឆ្នាំ ដោយសារ​ស្ថិត​ក្នុង​ដំណាក់​កាល​ពិភាក្សា»។

លោក​បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធ GPS នេះ ផ្តោត​សំខាន់​លើ​មធ្យោបាយ​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន និង​នៅ​ក្នុង​តំបន់​អាស៊ាន ពុំមែន​សម្រាប់​បំពាក់​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​ទូទៅ​ឡើយ។

យោង​តាម​ក្រសួង​សាធារណការ​ប្រព័ន្ធ Beidou GPS មាន​សារ​ប្រយោជន៍​អាច​ចូល​រួម​ចំណែក​ក្នុង​ការ ស្វែងរក​ដំណោះស្រាយ​លើ​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ការ​ដឹក​ជញ្ជូន​ទំនិញ​លើស​ទម្ងន់​កម្រិត កំណត់​ដោយ​ច្បាប់ ការ​បើកបរ​ហួស​ល្បឿន​កំណត់ និង​ការ​តាមដាន​យានយន្ត​មិន​ចូល​ទៅ​ក្នុង​ស្ថានីយ​ថ្លឹង​ទម្ងន់​ជាដើម។

លោក វិមាន អះអាង​ថា តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​នៃ​ប្រព័ន្ធ BeiDou GPS នឹង​ផ្តល់​ដង្ហើម​ជីវិត​ថ្មី​ទៅ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា​សម​ស្រប​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល និង​យុទ្ធសាស្ត្រ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​របស់​ប្រទេស​ចិន​ ផង​ដែរ។

CGWIC បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្តីពី​ការ​ជំរុញ ប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យា​ចាប់​រលក​សញ្ញា​ពី​ចម្ងាយ (Remote Sensing) និង​ប្រព័ន្ធ​ផែនទី​ផ្លូវ​ថ្នល់​នៅ​កម្ពុជា កាល​ពី​ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០៕