ភ្នំពេញ: លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានបង្ហាញ​ការគាំទ្រ​ដល់​ក្រុមហ៊ុន​ចិន​ឈ្មោះ Khmer Holding Group ដែល​កំពុង​ស្វែងរក​ការវិនិយោគ​ដាំ​រុក្ខជាតិ​ឱសថ និង​បង្កើត​រោងចក្រ​ចម្រាញ់​រុក្ខជាតិ​ឱសថ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ប្រើប្រាស់​វត្ថុ​ធាតុដើម​បង្កើត​ការងារ​ជូន​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។

លោក វេង សាខុន បាន​ជួបពិភាក្សា​ការងារ​គម្រោង​វិនិយោគ​ដាំដុះ​រុក្ខជាតិ​ឱសថ ការបង្កើត​វិទ្យាស្ថាន និង​ការបង្កើត​រោងចក្រ​ចម្រាញ់​រុក្ខជាតិ​ឱសថ​នៅ​កម្ពុជា​ជាមួយ​តំណាង​ក្រុមហ៊ុន Khmer Holding Group កាលពី​ថ្ងៃទី​ ៦ ខែសីហា​ដែល​គម្រោង​នេះ​នឹង​ចូលរួម​ចំណែក​កាត់បន្ថយ​បរិមាណ​ការនាំ​ចូល​ឱសថ​ពី​បរទេស​។

លោក សាខុន បាន​ថ្លែងថា​៖ «​យើង​ស្វាគមន៍​ចំពោះ​បំណង​វិនិយោគ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ ដាំដុះ ធ្វើការ​ចម្រាញ់​រុក្ខជាតិ​ឱសថ​នៅ​កម្ពុជា​សំដៅ​ចូលរួម​ប្រើប្រាស់​វត្ថុធាតុដើម បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន បង្កើន​ចំណូល កាត់បន្ថយ​បរិមាណ​នាំចូល​ពី​ក្រៅ​ប្រទេស​ដែរ​»​។

លោក វេង សាខុន បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​សិក្សា​ឲ្យ​បានច្បាស់លាស់​អំពី​ទីតាំង និង​ទំហំ​ផ្ទៃដី​ដាំ​ដុះ​រុក្ខជាតិ​ឱសថ​នេះ ដោយសារ​គម្រោង​វិនិយោគ​ត្រូវបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​ចិន ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ធ្វើការ​ទំនាក់ទំនង​ជា​មួយ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដើម្បី​ទទួល​បាន​កំណត់​ទូត​ច្បាស់លាស់​ដែល​អាច​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ផ្តល់​កិច្ចសហការ​ឲ្យ​បាន​ពេញលេញ និង​គ្រប់​ជ្រុងជ្រោយ​។

លោក វេង សាខុន ក៏បាន​ស្នើឲ្យ​គណ:ប្រតិភូ​រៀបចំ​ក្រុមការងារ​បច្ចេកទេស សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​អគ្គនាយកដ្ឋាន​កសិកម្ម ដើម្បី​សិក្សា​លើ​លទ្ធភាព​នៃ​កិច្ចសហការ​ជាមួយ​សហគមន៍​ព្រៃឈើ សហគមន៍​កសិកម្ម​ក្នុង​ការដាំដុះ និង​ពិនិត្យ​លើ​ក្រុមហ៊ុន​សម្បទាន​ដី​សេដ្ឋកិច្ច​មួយ​ចំនួន​ដែល​មិនទាន់​បាន​ធ្វើការ​អភិវឌ្ឍ ដើម្បី​ធ្វើជា​ដៃគូ​សហការ​ដាំដុះ​ដំណាំ​រុក្ខជាតិ​ឱសថ​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពី​ម្សិលមិញ​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​គម្រោង​វិនិយោគ​ដាំដុះ​រុក្ខជាតិ​ឱសថ​របស់​ក្រុមហ៊ុន​ចិន​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

លោក ឆាវ អ៊ីនទ័រ តំណាង​ក្រុមហ៊ុន Khmer Holding Group បាន​ថ្លែង​ក្នុងអំឡុងពេល​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​កាលពី​ថ្ងៃទី​ ៦ ខែសីហា​នោះដែរ​ថា លោក​មាន​គោលបំណង​សំខាន់ ដើម្បី​ស្នើសុំ​កិច្ចសហការ និង​ការគាំទ្រ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុង​ការបង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ និង​បង្កើត​រោងចក្រ​ចម្រាញ់​រុក្ខជាតិ​ឱសថ និង​ស្វែងរក​ផ្ទៃដី​ដាំដុះ​រុក្ខជាតិ​ឱសថ​ដែល​គម្រោង​នេះ​ត្រូវ​បាន​ទទួល​ការគាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន​។

លោក​បន្តថា ក្រុមហ៊ុន​លោក​ទទួល​យក​អនុសាសន៍​លោក វេង សាខុន ដែល​ចាំបាច់​ត្រូវតែ​រៀបចំ​ផែនទី​បង្ហាញ​ផ្លូវ​មួយ​ច្បាស់លាស់​មុន​នឹង​ឈាន​ទៅ​រៀបចំ​ឯកសារ MOU ចុះហត្ថលេខា​រួមគ្នា​នាពេល​ខាងមុខ​។ លោក​ថា ត្រង់ចំណុច​នេះ ក្រុម​ការងារ​ក្រុមហ៊ុន Khmer Holding Group បាន​ឯកភាព​ទាំងស្រុង​ថា នឹង​យក​សំណើ និង​អនុសាសន៍​របស់​លោក​រដ្ឋមន្ត្រី​ទៅ​ពិចារណា​បន្ថែមទៀត​។

លោក កែវ អូម៉ាលីស្ស ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ពី​ម្សិលមិញ​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បានទេ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ​៕