កោះកុងៈ បុគ្គលិក​របស់​ក្រុមហ៊ុន Union Development Group បាន​ប្រើ​គ្រឿងចក្រ​ឈូស​រំលំ​ដើមឈើ​ និង​បំផ្លាញ​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ចំនួន ៧ គ្រួសារ​ដែល​បាន​បដិសេធ​មិន​ទទួល​យក​សំណង​ពី​ក្រុមហ៊ុន​អភិវឌ្ឍ​របស់​ចិន​នេះ​នៅ​ក្នុង​ស្រុក​គិរីសាគរ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​អង្គារ​។

អ្នកស្រី ផឿង លួន អាយុ ៤៥ ឆ្នាំ​ជា​អ្នកភូមិ​ម្នាក់​ដែល​បាន​រស់នៅ​លើ​ផ្ទៃដី ២,៥ ហិកតា ក្នុង​ឃុំ​កោះ​ស្តេច​ចាប់​តាំងពី​ការបញ្ចប់​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ ១៩៧៩ មក​បាន​ថ្លែង​ថា អាប៊ុល​ទាំង​នោះ​បាន​ឈូសឆាយ​រំលំ​ដើម​ដូង ដើម​ស្វាយ ដើមអម្ពិល របស់​ប្រជាពលរដ្ឋ និង​បាន​គំរាម​បំផ្លាញ​អ្វីៗ​បន្ថែម​ទៀត​។

អ្នកស្រី បាន​ថ្លែង​បន្ត​ថា​៖ «​កាលពី​ឆ្នាំ​មុន​ក្រុមហ៊ុន​បាន​ផ្តល់​សំណង​ដល់​ខ្ញុំ​ចំនួន​ ៣ ​ម៉ឺន​ដុល្លារ ប៉ុន្តែ​ខ្ញុំ​មិន​ទទួល​យក​»​។ អ្នកស្រី​បញ្ជាក់​ថា​៖ «​ពួកគេ​និយាយ​ថា មិន​មាន​ឱកាស​សម្រាប់​ខ្ញុំ​ទទួល​បាន​ច្រើន​ជាង​នេះ​ទៀត​ទេ​។ ប៉ុន្តែ​ខ្ញុំ​មិន​ទទួល​យក​ដោយសារ​ជីវភាព​របស់​យើង ផ្អែក​លើ​ដី​នេះ វា​ផ្តល់នូវ​ដំណាំ ផ្លែឈើ​ដល់​យើង ហើយ​ខ្ញុំ​អាច​ធ្វើការ​នេសាទ​បាន​ហើយ​ដី​នេះ​ត្រូវ​បាន​ផ្តល់​ឲ្យ​ខ្ញុំ​ដោយ​ឪពុកម្តាយ​របស់​ខ្ញុំ​»​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​អ្នកស្រី លួន មិន​បាន​ធ្វើ​ប្លង់​កាន់កាប់​ដីធ្លី​របស់​អ្នកស្រី​ទេ​។

គ្មាន​នរណា​ម្នាក់​នៅ​ក្រុមហ៊ុន UDG បាន​លើក​ទូរស័ព្ទ​ទេ​កាលពី​ថ្ងៃ​ពុធ ហើយ​អ្នក​នាំពាក្យ​ក្រុមហ៊ុន​អ្នកស្រី Bella Zhang មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​។

ក្រុមហ៊ុន​ចិន UDG កំពុង​សាងសង់​កន្លែង​ទេសចរណ៍​ដ៏ធំ​មួយ​ដែល​មាន​តម្លៃ​ប្រមាណ ៣,៨ ពាន់​លាន​ដុល្លារ​តាម​បណ្តោយ​ឆ្នេរ​ដោយ​បង្ក​ឲ្យ​មាន​ជម្លោះដីធ្លី ជាមួយ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​។

កាលពី​ខែ​កុម្ភៈ​ប្រជាពលរដ្ឋ​ចំនួន ១៤ គ្រួសារ​ក្នុង​ឃុំ​ចំនួន​ពីរ​ជាប់​នោះ បាន​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​សន្តិសុខ​របស់​ក្រុមហ៊ុន UDG ពី​បទ​ដុត​ដំណាំ​របស់​ពួកគេ និង​ខ្ទម​មួយ​ចំនួន​របស់​ពួកគេ​។

អធិការរង​ស្រុក​គិរីសាគរ​លោក គីម សុជាតិ បាន​បញ្ជាក់​ថា​កម្លាំង​របស់​យើង បាន​នៅ​កន្លែង​កើតហេតុ ប៉ុន្តែ​បាន​ថ្លែង​ថា​ក្រុមហ៊ុន​ «​គ្រាន់តែ​ឈូសឆាយ​ដី​របស់​គ្រួសារ​ដែល​បាន​ទទួល​សំណង​រួច​ហើយ​»​។

ទោះ​យ៉ាង​ណា​ក្តី​លោក ញៀប អឿន ​មន្ត្រី​សម្របសម្រួល​របស់​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​បាន​ថ្លែង​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​មួយ​ក្នុង​ចំណោម​គ្រួសារ​ទាំង​នោះ​បាន​ទទួល​យក​សំណង​នោះ​ទេ​។

លោក​បាន​ថ្លែង​បន្ត​ថា​តំណាង​ក្រុមហ៊ុន​បាន​ទុក​ពេល​ឲ្យ​ប្រជារដ្ឋ​រយៈពេល ៣ ថ្ងៃ​ដើម្បី​ចាកចេញ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈមមុខ​នឹង​ការរុះរើ​ផ្ទះ​ផង​ដែរ​៕ PS