ផ្លូវ​បេតុង​ប្រវែង ៧០ គីឡូម៉ែត្រ ​នៅលើ​តំបន់​អភិវឌ្ឍន៍​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ត្រូវបាន​ក្រុមហ៊ុន Royal Group Koh Rong Development Company របស់​អ្នកឧកញ៉ា គិត ម៉េង ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សា​ង​ស​ង់​ជាមួយ​ក្រុមហ៊ុន Sinohydro Corporation Limited នាថ្ងៃនេះ ដោយ​ចំណាយ​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ និង​ប្រើ​រយៈពេល ១៦ ​ខែ។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​នៅ​សណ្ឋាគារ Goddess of Liberty Hotel & Resort ក្នុង​ខេត្ត​ព្រះសីហនុ ដោ​យ​​មា​ន​​​ការចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group លោ​ក ជា វុទ្ធី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) និង​មានការ​ចូលរួម​ពី​អភិបាលរង​ខេត្ត អភិបាលក្រុង ប្រ​ធា​ន​​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ​ជាច្រើនរូប​ទៀត។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ ថ្លែង​ក្នុង​ពិធីនោះ​ថា ការចុះហត្ថលេខា​នាពេលនេះ គឺជា​ការបង្ហាញ​នូវ​ការ​អនុវត្ត​គម្រោង​ដ៏​ជាក់លាក់​មួយ​របស់​ក្រុមហ៊ុន Royal Group។ ការកសាង​ផ្លូវ​បេតុងថ្មីៗនេះ មិនមែនជា​ការចាប់ផ្ដើម ហើ​យ​ក៏​មិនមែនជា​ការបញ្ចប់​ដែរ។ ប៉ុន្ដែ​វា​ជាការ​អនុវត្ត​គម្រោង​មួយ​ដែល​ចាប់ផ្ដើម​តាំង​ដើម​រហូតដល់​បច្ចុប្បន្ន ហើយ​ក្រុមហ៊ុន​នៅ​តែ​​បន្តធ្វើ​ការកសាង​នូវ​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា​បន្ថែមទៀត ​ដូចជា សណ្ឋាគារ រោងចក្រ​អគ្គិសនី ព្រលានយន្តហោះ និង​​ផ្លូវ​សំខាន់ៗដែល​បម្រើ​ឲ្យ​គោលដៅ​ទេសចរណ៍។

លោក​បញ្ជាក់ថា៖ «យើង​នៅតែមាន​សេចក្ដីត្រូវការ​អភិវឌ្ឍ​ន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ជាពិសេស​យើង​ត្រូវ​គិតគូរ​ពី​ការធ្វើ​អាង​ប្រព្រឹត្ត​កម្ម​ទឹក​ស្អាង ឬ​ទឹក​កខ្វក់​នៅក្នុង​តំបន់ ដើម្បី​គ្រប់គ្រង​អនាម័យ​បរិស្ថាន​កោះរ៉ុង​កាន់តែ​ស្អាត​ថែមទៀត។ ក្រុមហ៊ុន Sinohydro គួរតែ​ដកស្រង់​បទពិសោធន៍​ពី​គម្រោង​ធ្វើ​ផ្លូវ​ចំនួន ៣៤ ខ្សែ ​របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ធ្វើ​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​គម្រោង​ឲ្យ​ដូច​ផ្លូវ​ដែល​យើង​កំពុង​ធ្វើ​ស្រាប់​នេះ»។

លោកអភិបាលខេត្ត​បន្តថា លោក​ចង់ឃើញ​សមិទ្ធ​ផល​ផ្លូវ​ប្រវែង ៧០ គីឡូម៉ែត្រ​នេះធ្វើ​រួចរាល់​តាម​ពេលវេលា​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​នេះ ដើម្បី​រួម​ចំ​ណែ​ក​​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ផ្ដល់​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ទាក់ទាញ​អ្នកវិនិយោគ​ជាតិ-អន្តរ​ជាតិ​​បន្ថែមទៀត។ ជាពិសេស​​ទា​ក់​ទាញ​ចំណាប់អារម្មណ៍​ភ្ញៀវ​បរទេស​កាន់តែខ្លាំង។

លោក ជា វុទ្ធី អគ្គលេខាធិការរង​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ថ្លែង​ថា ទន្ទឹមនឹង​ការសាងសង់​ផ្លូវ​បេ​តុង ៧០​ គីឡូ​ម៉ែត្រ​នេះ អ្នកឧកញ៉ា គិត ម៉េង នឹង​ខិតខំ​ចាប់ផ្តើម​អភិវឌ្ឍន៍​គម្រោងផ្សេងៗទៀត ដើម្បី​ប្រែក្លាយ​កោះរ៉ុង ទៅជា​ទី​ក្រុង​មួយ​ដ៏​ស្រស់បំព្រង។ មាន​ផាសុខភាព​ល្អ​តាមបែប​ធម្មជាតិ​នៃ​ឆ្នេរ​ខ្សាច់ និង​ព្រៃ​ព្រឹក្សា​នៅ​ទីនោះ សំដៅ​ទាក់ទាញ​ឲ្យ​កា​ន់​តែ​ច្រើន​ឡើង​​នូវ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា និង​លំហែរកាយ​នៅ​កោះរ៉ុង។

លោក​មានប្រសាសន៍ថា៖ «យើង​ជឿជាក់ថា ខេត្ត​ព្រះសីហនុ​ នឹង​ក្លាយជា​កន្លែង​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​របស់​កម្ពុជា​នា​ពេ​ល​ឆា​ប់ៗ​ខាងមុខនេះ​ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។ ជាពិសេស​ខេត្ត​ព្រះសីហនុ​ទាំងមូល នឹងចូលរួម​បង្កើត​កា​រ​ងា​រ​ជូន​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន​ថែមទៀត»។

អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group បាន​ថ្លែងអំណរគុណ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូ​ល​​រួមចំណែក​ក្នុងការ​ជំរុញ​ឲ្យ​មានការស្ថាបនា​ផ្លូវ​នៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង​នេះ។

លោក​បន្តថា បច្ចុប្បន្នក្រុមហ៊ុន​បានចាប់ផ្តើម​សាងសង់​ផ្លូវ​បេតុង ៧០ គីឡូម៉ែត្រ ហើយ​នាពេលខាងមុខ​ទៀត ក្រុមហ៊ុន​នឹង​ត្រូវ​​សាងសង់​រោងចក្រ​អគ្គិសនី កំពង់ផែ និង​ព្រលានយន្តហោះ​នៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង​បន្ថែមទៀត។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Royal Group បាន​ឲ្យ​ដឹង​នៅថ្ងៃនេះថា ក្នុង​កិច្ចព្រមព្រៀង​គម្រោង​សាងសង់​ផ្លូវ​បេតុង​នៅលើ​តំបន់​អភិវឌ្ឍន៍​កោះរ៉ុង​នេះ ត្រូវ​ចំណាយ​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​អាមេរិក នឹងត្រូវ​បញ្ចប់​ការសាងសង់​ក្នុ​ង​​រយៈពេល ១៦ ខែ ស្របតាម​ផែនការមេ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​គណៈកម្មការ​អន្តរក្រសួង​របស់​ក្រុមប្រឹក្សា​អ​ភិ​វឌ្ឍ​ន៍​​កម្ពុជា បានអនុម័ត​កាលពី​ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១០។

សេចក្ដីប្រកាស​ព័ត៌មាន​បន្តថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ចុះហត្ថលេខា​ជួល​កោះរ៉ុង ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុ​ម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលជា​ភាគី​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០០៨ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​អ​ភិ​វឌ្ឍន៍ ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ៕