ភ្នំពេញ: មាន​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ចំនួន​ ៥០ ​បាន​មក​សិក្សា​ពី​គម្រោង​វិនិយោគ​កែច្នៃ​សំរាម​នៅ​កម្ពុជា ប៉ុន្ដែ​មិន​ទាន់​មាន​ក្រុមហ៊ុន​ណា​មួយ​ហ៊ាន​សម្រេច​បោះទុន​វិនិយោគ​នៅឡើយ​ដោយសារ​តែ​មើលឃើញ​ពី​ការ​មិនសូវ​ទទួល​បាន​ប្រាក់ចំណេញ ខណៈ​ក្នុង​មួយ​ថ្ងៃៗ​រាជធានី​ភ្នំពេញ​មាន​កាកសំណល់​សំរាម​ពី​ ២ ​ទៅ​ ៣ ​ពាន់​តោន​។ នេះ​បើ​តាម​លោក នួន សំណាវុធ នាយក​ទីចាត់ការ​គ្រប់គ្រង​សំណល់ និង​បរិស្ថាន​នៃ​សាលា​រាជធានី​ភ្នំពេញ​។

លោក នួន សំណាវុធ បាន​ថ្លែង​កាលពី​ម្សិលមិញ​នៅក្នុង​កិច្ចពិភាក្សា​មួយ​ស្ដីពី «​កាកសំណល់​នៅ​កម្ពុជា​ឆ្នាំ​ ២០១៩» ដោយមាន​សហគមន៍​ធុរកិច្ច​កម្ពុជា អ្នករៀបចំ​គោលនយោបាយ​ និង​នាយកដ្ឋាន​ពាក់ព័ន្ធ​ព្រមទាំង​អង្គការ​បរិស្ថាន ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី និង​អ្នកចូលរួម​ជាង ៣០០ ​នាក់ ​ដែល​រៀបចំ​ដោយ​មូលនិធិ​អាល្លឺម៉ង់​ (Konrad-Adenauer-Stiftung(KAS) ក្នុង​គោលបំណង​បង្កើត​កិច្ចពិភាក្សា​លើក​ទឹកចិត្ត​ឲ្យ​មាន​ភាព​ជា​ដៃគូ​រវាង​អ្នកដោះស្រាយ​បញ្ហា​វិស័យ​សាធារណៈ​ និង​ផ្នែក​ឯកជន​​វិនិយោគិន​ និង​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត​ក្នុង​វិស័យ​បរិស្ថាន​។

លោក នួន សំណាវុធ ថ្លែង​ថា​ជា​រៀងរាល់​ថ្ងៃ​គ្រាន់តែ​រាជធានី-ភ្នំពេញ​មួយ បាន​បង្កើត​ឲ្យ​មាន​កាកសំណល់​ក្នុង​បរិមាណ​ចន្លោះ​ពី​ ២ ពាន់ ទៅ ៣ ​ពាន់​តោន​ដោយ​ក្នុងនោះ​មាន ៦០០ តោន​គឺជា​កាកសំណល់​ប្លាស្ទិក​។ ប្រទេស​កម្ពុជា​ទាំងមូល​បាន​បង្ក​ឲ្យ​មាន​កាកសំណល់​ជាង ១ ម៉ឺន​តោន​ជា​រៀងរាល់​ថ្ងៃ​ ឬ​ច្រើន​ជាង ៣,៦ លាន​តោន​នៅក្នុង​មួយឆ្នាំ​។

លោក​បញ្ជាក់​ថា​៖ «​កន្លង​មក​នេះ​មាន​ក្រុមហ៊ុន​ប្រមាណ​ជាង ៥០ ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​ផ្នែក​វិស័យ​សំរាម​នៅ​កម្ពុជា​ ប៉ុន្ដែ​នៅពេល​ដែល​គាត់​មកជួប​ប្រជុំ​ជាមួយ​យើង ហើយ​បង្ហាញ​ពី​បច្ចេកទេស​ និង​ចុះ​សិក្សា​រួចរាល់​ពួកគាត់​គិត​ថា​មិន​មាន​អ្វី​ចំណេញ ដោយសារ​ថា​លក់​អគ្គិសនី​ទៅ​ថោក​ហើយ​ខាង EDC គាត់​មិនមាន​លទ្ធភាព​ទិញ​អគ្គិសនី​ក្នុង​តម្លៃ​ថ្លៃ​ទេ ហើយ​ពេល​ទៅរក Government Policy ដែល Support ទៅលើ Project ហ្នឹង​វា​អត់​មាន​ទៀត​។ អ៊ីចឹង​ធ្វើឲ្យ​គាត់​ដកខ្លួន​ថយ​ទៅវិញ​កន្លងមក​យើង​ជួបតែ​រឿង​អ៊ីចឹង​»​។

លោក​បន្ថែមថា ទោះបី​យ៉ាងណា​រដ្ឋាភិបាល​នៅតែ​ស្វាគមន៍ ចំពោះ​ក្រុមហ៊ុន​ជាតិ​ និង​អន្តរជាតិ​ដែល​មាន​បំណង​ចង់​មក​វិនិយោគ​កែច្នៃ​សំរាម​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​កាកសំណល់​នៅក្នុង​ក្រុងភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​ក៏​កំពុង​មាន​ចំនួន​កើនឡើង​ជា​លំដាប់​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ ចំពោះ​សុខភាព ​និង​បរិស្ថាន​ដែល​ត្រូវបាន​លើកឡើង​ជារឿយៗ​នៅក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក និង​បណ្ដាញ​សង្គម​នានា​។

លោក ហ៊ាប សុគន្ធ តំណាង​ក្រុមហ៊ុន​ស៊ីនទ្រី (CINTRI) បាន​ថ្លែងថា ដោយសារ​កំណើនសេដ្ឋកិច្ច​រីកចម្រើន ការពង្រីក​ទីក្រុង​យ៉ាង​ឆាប់រហ័ស​ និង​ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ក៏​មាន​ច្រើន​ធ្វើឲ្យ​ការគ្រប់គ្រង​កាកសំណល់​គឺជា​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​នៅក្នុង​ប្រទេស​កម្ពុជា​ខណៈ​ក្រុមហ៊ុន​បាន​ត្រៀម​រថយន្ត​ដឹក​សំរាម​ចំនួន ២០០ ​គ្រឿង និង​កម្មករ​ចំនួន​ជាង ៤០០ ​នាក់​សម្រាប់​បម្រើ​សេវាកម្ម​នេះ​។

លោក​បន្តថា​ក្នុង​នោះ​ក៏​មាន​ការកើនឡើង​នូវ​ការប្រើប្រាស់​របស់​ប្រជាជន​ដែល​មាន​កម្រិត​ជីវភាព​មធ្យម​ និង​ខ្ពស់​ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើងៗ​នៅក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ចុងក្រោយ​បាន​ធ្វើឲ្យ​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិមាណ​កាកសំណល់​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក សុគន្ធ បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​ជំរុញ​ដដែលៗ​ទៅ​ពលរដ្ឋ​យើង​មួយ​ចំនួន​សូមជួយ​ទុកដាក់​សំរាម​ឲ្យ​មាន​របៀបរាបរយ គឺ​ទុក​តាម​ផ្នែក​ដោយ​សំរាមប្លាស្ទិក​ទុក​មួយ​ឡែក សំរាម​ផ្ទះបាយ​ទុក​មួយ​ឡែក និង​សំរាម​កែច្នៃ​ឡើងវិញ​ទុក​មួយ​ឡែក​ដើម្បី​ងាយស្រួល​ដល់​បុគ្គលិក​ស៊ីនទ្រី​ចុះ​ប្រមូល​។ ម្យ៉ាងទៀត​ស្នើសុំ​ឲ្យ​ពលរដ្ឋ​យក​សំរាម​មក​ទុក​ខាង​មុខ​ផ្ទះ​ដោយ​មើល​តារាង​ពេលវេលា​របស់​ក្រុមហ៊ុន​ដែល​បានកំណត់​»​។

លោក Tom Hesketh ប្រធាន​គ្រប់គ្រង​ផ្នែក​សេវាកម្ម​អាជីវកម្ម​នៃ Eurocham Cambodia បាន​ថ្លែងថា នៅ​ប្រទេស​ជឿន​លឿន​មួយចំនួន​ក៏​ធ្លាប់មាន​បញ្ហា​សំរាម​នេះ​ដែរ ប៉ុន្ដែ​ប្រទេស​ទាំង​នោះ​បាន​កែប្រែ​ទម្លាប់​របស់​ប្រជាពលរដ្ឋ ដោយ​ពង្រឹង​ច្បាប់ និង​ផ្សព្វផ្សាយ​ពី​ផលប៉ះពាល់​នៃ​ការ​ចោល​សំរាម​ពាសវាល​ពាសកាល​ជាពិសេស​បង្រៀន​ក្មេងៗ​ឲ្យ​យល់ដឹង​ពី​របៀប​ទុកដាក់​សំរាម​។

លោក​បន្តថា ជាក់ស្ដែង​នៅ​ប្រទេស​កម្ពុជា​គួរតែ​នាំគ្នា​ធ្វើ​យុទ្ធនាការ​ឲ្យ​បាន​ផុសផុល ដើម្បី​ឲ្យ​ការគ្រប់គ្រង​កាកសំណល់​មាន​ប្រសិទ្ធភាព​។ ចំពោះ​ការគ្រប់គ្រង​សំរាម​ដូចជា​ការយល់ដឹង​របស់​ពលរដ្ឋ ការប្រមូល​កាកសំណល់​ឲ្យ​បាន​ត្រឹមត្រូវ​ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព្រឹត្តិកម្ម​ បច្ចេកទេស​ការបណ្ដុះបណ្ដាល​បច្ចេកទេស​បុគ្គលិក​ក៏ដូចជា​គោលនយោបាយ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បញ្ជាក់ថា​៖ «​កំណើន​នៃ​ការបង្ក​កាកសំណល់​នេះ​រួមមាន កាកសំណល់​គ្រប់​ប្រភេទ​ទាំងអស់​ពោល​គឺ​កាកសំណល់​រឹង​ទីក្រុង កាកសំណល់​ឧស្សាហកម្ម​កាកសំណល់​គ្រោះថ្នាក់​ កាកសំណល់​សំណង់​ និង​កាក​សំណល់​ពី​ការ​វាយកម្ទេច​អគារ​ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ជាច្រើន​»​។

លោក សំ ផល្លា នាយករង​អង្គការ​កែច្នៃ​សំរាម (Comped) និង​ជា​ប្រធាន​គម្រោង​ផ្នែក​កែច្នៃ​ជី​កំប៉ុស្តិ៍​បាន​ថ្លែងថា អង្គការ​របស់​លោក​ជា​ចំណែក​តូច​មួយ ក្នុង​ការជួយ​កាត់បន្ថយ​សំរាម​នៅក្នុង​ប្រទេស​កម្ពុជា​តាមរយៈ​ការកែច្នៃ​កាកសំណល់​ផ្ទះបាយ​មក​ធ្វើ​ជា​ជី​កំប៉ុស្តិ៍​នៅ​ក្រុងភ្នំពេញ និង​ខេត្តបាត់ដំបង​ប៉ុន្ដែ​វា​នៅតែ​មាន​កម្រិត​ស្ដួចស្ដើង​នៅឡើយ​។

លោក​បាន​បញ្ជាក់​ថា​អង្គការ​លោក និង​ក្រុមហ៊ុន​ប្រមូល​សំរាម​បាន​សហការគ្នា​ក្នុង​ការកែច្នៃ​សំរាម​ធ្វើ​ជី​កំប៉ុស្តិ៍​នេះ ដើម្បី​កាត់បន្ថយ​សំរាម និង​ការផលិត​ជីធម្មជាតិ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ពួក​ខ្ញុំ​ក៏​ចង់​ពង្រីក​ចង្វាក់​ផលិតកម្ម​ឲ្យ​វា​បាន​ធំ​ដែរ​ ប៉ុន្ដែ​យើង​ទទួល​លុយ​ពី​ក្រៅ​ប្រទេស​បាន​តិចតួច​ពេក អ៊ីចឹង​ធ្វើតាម​លទ្ធភាព​។ បញ្ហា​លក់​ជី​កំប៉ុស្តិ៍​នេះ គឺ​វា​មិន​បាន​ចំណេញ​ប្រាក់​ទេ គោលបំណង​យើង​គឺ​ចង់​កាត់បន្ថយ​សំរាម​តែ​ប៉ុណ្ណោះ​»​។

លោក Daniel Schmucking នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​ខុនរ៉ាដ (Konrad-Adenauer-Stiftung(KAS) បាន​ថ្លែង​ថា កាកសំណល់​គឺជា​ប្រធានបទ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​មាន​ការព្រួយបារម្ភ ហើយ​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ​គឺ​នឹង​ជួយ​កែលម្អ​បរិស្ថាន និង​សង្គម​របស់​ពួកគេ​ទាំងមូល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា​យើង​អាច​ចូលរួម​ចំណែក​នៅក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ជោគជ័យ​រវាង​វិស័យ​សាធារណៈ​ និង​ឯកជន​ស្ដីពី​ការគ្រប់គ្រង​កាកសំណល់​។ យើង​មាន​ឱកាស​ជាច្រើន​ដើម្បី​សម្រេច​កិច្ចការងារ​នេះ​»៕