កំពង់ស្ពឺ :​អាជ្ញាធរខេត្ត​កំពង់ស្ពឺ​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រុករក​រ៉ែ​ឈ្មោះ សុខចាន់លី ធ្វើការ​ខួង​យក​ថ្ម​ម៉ាប​ឡើង​វិញ​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ប៉ុន្ដែ​ត្រូវ​បង់ប្រាក់​ពិន័យ​ជាង ៥០ ​លាន​រៀល ​ចំពោះ​ការធ្វើ​សកម្មភាព​ដោយ​មិន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​កន្លងមក បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កម្មករ​ក្រុមហ៊ុន​នេះ ៥ ​នាក់​។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​រុករក​រ៉ែ​ឈ្មោះ សុខ ចាន់លី (SOK CHANLY CO., LTD) មាន​ច្បាប់​ត្រឹមត្រូវ ប៉ុន្ដែ​ក្នុងអំឡុង​ពេល​ធ្វើ​សកម្មភាព​កន្លងមក ពួកគាត់​មិន​បាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​បង្ហាញ​លិខិតបញ្ជាក់​នានា ទើប​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​កម្មករ​របស់​ក្រុមហ៊ុន​នេះ​ចំនួន ៥​ នាក់​យក​មក​សាកសួរ​តាម​នីតិវិធី​ច្បាប់​។

លោក​បន្តថា បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​កម្មករ​ក្រុមហ៊ុន​នេះ​បាន​ឆ្លើយថា ដំបូង​ឡើយ​ក្រុមហ៊ុន​គ្រាន់តែ​ឲ្យ​ពួកគេ​ចុះ​ទៅ​ស្រាវជ្រាវ​នៅ​ទីតាំង​ខាងលើ​នេះ​ជា​បណ្ដោះអាសន្ន បើសិន​មាន​រ៉ែ​ដែល​គាត់​ចង់​បាន​នោះ គាត់​នឹង​មកសុំ​ច្បាប់​ជា​ផ្លូវការ ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​អាជីវកម្ម​នៅក្នុង​តំបន់​នោះ​។

លោក​អភិបាលខេត្ត​បន្តថា​អាជ្ញាធរ​បាន​ពិន័យ​ក្រុមហ៊ុន​ប្រមាណ​ជាង​ ៥០ ​លាន​រៀល​ចំពោះ​បទល្មើស​ស្វែងរក​រ៉ែ​ដោយ​គ្មាន​ការអនុញ្ញាត​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​ចង់​បញ្ជាក់ថា ក្រុមហ៊ុន​ហ្នឹង​គេ​មានច្បាប់​ត្រឹមត្រូវ ប៉ុន្ដែ​ការ​ទៅ​ខួង​ថ្ម​ម៉ាប​ហ្នឹង គឺ​គាត់​ទៅ​ធ្វើ​តេស្ត​ក្រៅ​ផ្លូវការ​សិន ហើយ​ធ្វើតេស្ត​ក្រៅផ្លូវការ​ហ្នឹង​ហើយ ដែល​យើង​ត្រូវ​ពិន័យ​ក្នុង​ ១ ​ថ្ងៃ ៥០ ​ម៉ឺន​រៀល​ក្នុង​មនុស្ស​ម្នាក់​ហើយ​គាត់​ធ្វើ​សកម្មភាព​ជាង ១០​ ថ្ងៃ​ (​ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​)​។ អ៊ីចឹង​យើង​ពិន័យ​រឿង​ធ្វើតេស្ត​ក្រៅផ្លូវការ​ហ្នឹង​»​។

លោក នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែងថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​បាន​ផ្អាក​សកម្មភាព​ខួង​ថ្ម​ម៉ាប​របស់​ក្រុមហ៊ុន​បណ្ដោះអាសន្ន​សិន ដើម្បី​ឲ្យ​គាត់​បង់ប្រាក់​ពិន័យ​ក្នុង​​ ១ ​ថ្ងៃ​ម្នាក់ ៥០ ​ម៉ឺន​រៀល​ចំពោះ​ការធ្វើសកម្មភាព​រយៈពេល​ជាង ១០ ​ថ្ងៃ​ដោយ​គ្មាន​ការអនុញ្ញាត​។

លោក​បន្តថា បន្ទាប់ពី​ក្រុមហ៊ុន​បង់ប្រាក់​ពិន័យ​រួចរាល់ កិច្ច​ការបន្ត​នឹងត្រូវ​ប្រគល់​ជូនទៅ​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល​។ លោក​បញ្ជាក់ថា​៖ «​បើ​គាត់​ចង់​បន្តការងារ​អាជីវកម្ម​គាត់​ទៀត គាត់​ត្រូវ​ទៅសុំ​ច្បាប់​ពី​មន្ត្រី​ជំនាញ​រ៉ែ និង​ថាមពល និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​គេ​ចេញ​ច្បាប់ ឬ​គេ​ដឹង​ឮថា យើង​ធ្វើ​អាជីវកម្ម​ហ្នឹង​។ បើ​គាត់​ធ្វើ​អ្វី​ស្ងាត់ៗ​បែប​នេះ​គឺ​ច្បាស់​ជា​ខុសច្បាប់​ហើយ​»​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ដែល​ជា​អ្នក​រកឃើញ​ទីតាំង​ខួង​យក​ថ្មម៉ាប​ចំនួន ៦ ​កន្លែង​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ក្រុមហ៊ុន​រុករក​រ៉ែ​ឈ្មោះ សុខចាន់លី មាន​ច្បាប់​ត្រឹមតែ​បណ្ណ​ប៉ាតង់​បង់ពន្ធ​នៅ​ក្រសួង​សេដ្ឋកិច្ច​ប៉ុណ្ណោះ ប៉ុន្ដែ​គ្មាន​លិខិត​ដែល​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម​ខួង​ថ្មម៉ាប​នេះ​ទេ​។

លោក​ថា ច្បាប់​របស់​ក្រុមហ៊ុន​នេះ​មិនទាន់​គ្រប់គ្រាន់​ក្នុង​ការធ្វើ​អាជីវកម្ម​ខួង​យក​ថ្មម៉ាប​ ឬ​រ៉ែ​ធម្មជាតិ​បានទេ ព្រោះ​គាត់​មាន​តែ​បណ្ណ​បង់ពន្ធ​ប៉ាតង់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្ដែ​តាមច្បាប់​គឺ​តម្រូវ​ឲ្យ​គាត់​ស្នើសុំ​ច្បាប់​ពី​មន្ទីរជំនាញ ឬ​ស្ថាប័ន​ជំនាញ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ជាមុនសិន​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​រកឃើញ​ថា ក្រុមហ៊ុន សុខ ចាន់លី នេះ​គឺ​បាន​ធ្វើ​សកម្មភាព​នៅ​ខេត្ត​កំពង់ឆ្នាំង ក្រចេះ មណ្ឌលគិរី រតនគិរី និង​នៅ​តំបន់​ផ្សេងៗ​មួយ​ចំនួន​ទៀត ប៉ុន្ដែ​ខ្ញុំ​មិនទាន់​ដឹងថា ទីតាំង​ដែល​គាត់​ធ្វើ​សកម្មភាព​នេះ​បាន​សុំច្បាប់​ដែរ ឬ​គ្មាន​សុំច្បាប់​ដូច​ករណីនេះ​។ ខ្ញុំ​នឹង​រៀបចំ​លិខិត​ដាក់​ទៅ​ក្រសួង​បរិស្ថាន និង​ក្រសួង​រ៉ែ និង​ថាមពល​ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​ទៅលើ​ទីតាំង​ដែល​ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្មភាព និង​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​»​។

លោក​ ហូ វិចិត្រ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​ពី​ម្សិលមិញ​បាន​បដិសេធ​ការធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​លោក យស មន្នីរ៉ាត់ វិញ​។

ប៉ុន្តែ​លោក យស មន្នីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ធនធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល​មិនទាន់​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិនអាច​ទាក់ទង​បាន​ពី​ម្សិលមិញ​។

ចំណែក​តំណាង​ក្រុមហ៊ុន​សុខចាន់លី​ក៏​មិន​អាច​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ករណីនេះ​បានដែរ ដោយ​ទូរស័ព្ទ​ចូល​ប៉ុន្ដែ​អ្នក​ទទួល​ប្រាប់ថា ច្រឡំ​លេខ​។

គួររំឭក​ថា កម្មករ​ជា​ជនជាតិ​ខ្មែរ ៣ ​នាក់ និង​វៀតណាម ២ នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី ២៥ ខែ​វិច្ឆិកា ខណៈ​ដែល​ពួកគេ​កំពុង​ខួង​យក​ថ្មម៉ាប​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ដោយ​មិនបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ក្រោយពី​អង្គការ​មួយ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ជន​ទាំងនេះ​៕