កំពង់ឆ្នាំងៈ វិវាទ​ការងារ​រវាង​កម្មករ និង​ក្រុមហ៊ុន​ទទួល​ម៉ៅការ​បន្ត​ពី​ក្រុមហ៊ុន Sumitomo Mitsui Construction Company (SMCC) ក្នុង​ការសាងសង់​កំណាត់​ផ្លូវជាតិ​លេខ​ ៥ ពី​ចំណុច​ភូមិសាស្ត្រ​ស្រុក​រលាប្អៀរ ទៅ​ស្រុក​បរិបូណ៌​ខេត្ត​កំពង់ឆ្នាំង​ត្រូវ​បាន​បញ្ចប់ បន្ទាប់ពី​ក្រុមហ៊ុន SMCC បាន​ចេញមុខ​ទទួល​ខុសត្រូវ​ក្នុង​ការបើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ៥៥ ​នាក់​តាម​ការណែនាំ​របស់​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង​។

លោក​ ពៅ ស៊ីថា ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា កាលពី​ថ្ងៃទី​ ១០ ខែកក្កដា ឆ្នាំ​ ២០២០ តំណាង​ក្រុមហ៊ុន​ SMCC បាន​សម្រេច​បើកប្រាក់​ឈ្នួល​ដល់​ក្រុមកម្មករ​ ៥៥ ​នាក់​ជំនួស​ក្រុមហ៊ុន​ទទួល​ម៉ៅការ​បន្ត​ពី​ក្រុមហ៊ុន​របស់ខ្លួន​ដើម្បី​បិទ​បញ្ចប់​ករណី​វិវាទ​រឿង​ប្រាក់​ឈ្នួល​កម្មករ​ដែល​អាក់ខាន​មិនបាន​បើក​ចាប់​តាំងពី​ខែមេសា ឆ្នាំ​ ២០២០ មក​។

លោក ស៊ីថា បាន​ថ្លែង​ថា​៖ «​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន SMCC ក្នុង​ការបើក​ប្រាក់​ឈ្នួល​ដល់​កម្មករ​ ៥៥ ​នាក់​ជំនួស​ឲ្យ​ក្រុមហ៊ុន​ជា​ដៃគូ​របស់ខ្លួន នាពេល​នេះ​បាន​ធ្វើឲ្យ​ជីវភាព​​គ្រួសារ​កម្មករ​ទាំង​ ៥៥ ​នាក់​នោះ​មាន​ក្ដីសង្ឃឹម​ជាថ្មី​បន្តទៀត ខណៈ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ នៅតែ​បន្ត​ញាំញី​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ​»​។

កម្មករ​ម្នាក់​ក្នុង​ចំណោម​កម្មករ​ទាំង​ ៥៥ ​នាក់​នោះ​លោក កែម សារ៉ាត់ បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​ខាង​ក្រុមហ៊ុន​ធំ [​ក្រុមហ៊ុន ​SMCC] បានចេញ​មុខ​ជួយ​ដោះស្រាយ​បើក​ប្រាក់ឈ្នួល​ការងារ​ដល់​ពួក​ខ្ញុំ បើ​មិន​ដូច្នោះ​ទេ ជីវភាព​គ្រួសារ​យើងខ្ញុំ​មិនដឹង​ជា​ដុនដាប​ដល់​កម្រិតណា​ទេ​»​។

លោក សារ៉ាត់ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មាន​ករណី​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ មក​ស្ថានភាព​ជីវភាព​គ្រួសារ​របស់​គាត់​មាន​ការលំបាក​ជាខ្លាំង ដោយ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​មួយចំនួន​ត្រូវ​បាត់បង់​ការងារ​ និង​ប្រាក់​ចំណូល ខណៈ​ការចំណាយ​ទៅលើ​ម្ហូបអាហារ​ប្រចាំថ្ងៃ និង គ្រឿង​បរិកា្ខរ​សម្រាប់​ការពារ​ការឆ្លង​ជំងឺ​កូវីដ​១៩ មាន​ការកើនឡើង​បើ​ធៀប​ទៅនឹង​ការចំណាយ​មុនពេល​មាន​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​នេះ​។

ទន្ទឹម​នឹង​នេះ​លោក សារ៉ាត់ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា នៅពេល​នេះ​គាត់ និង​កម្មករ​មួយ​ចំនួន​ទៀត​បាន​សម្រេច​ចិត្ត​ឈប់​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ម៉ៅការ​សំណង់ ដែល​ទទួល​ម៉ៅការ​បន្ត​ពី​ក្រុមហ៊ុន SMCC នោះ​ទៀត​ហើយ ដោយ​បារម្ភ​ថា ក្រុមហ៊ុន​ដែល​ទទួល​ម៉ៅការ​បន្ត​នោះ​អាច​នឹងមិន​បើកប្រាក់​ឈ្នួល​ដល់​ពួកគាត់​ជាថ្មី​ម្ដងទៀត​។

លោក​ថ្លែង​ថា​៖ «​នៅពេល​នេះ​ខ្ញុំ​បានដាក់​ពាក្យស្នើសុំ​ធ្វើការងារ​នៅ​ក្រុមហ៊ុន​ SMCC ដោយផ្ទាល់​វិញ ព្រោះ​ក្រុមហ៊ុន​នេះ​មាន​ការទទួល​ខុសត្រូវ​សង្គម​កម្រិត​ខ្ពស់ ហើយ​ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​នេះ​នឹង​ផ្ដល់​ឱកាស​ការងារ​ដល់​ខ្ញុំ​»​។

លោក Jules Ducalas ប្រធាន​ក្រុម​សង្កេតការណ៍​ក្រុមហ៊ុន SMCC (SMCC''s Chief Surveyor) បាន​ថ្លែងថា ​ក្រុមហ៊ុន​ SMCC រីករាយ និង​ស្វាគមន៍​ចំពោះ​កម្មករ​ដែល​មាន​សមត្ថភាព និង​ឧស្សាហ៍​ព្យាយាម​ក្នុង​ការងារ​៕