ភ្នំពេញៈ ​ខ្សែ​វីដេអូ​អប់រំ​ជាង​ ៧០ ​វីដេអូ​នឹងត្រូវ​ផលិតឡើង​ដោយ​ក្រុមហ៊ុន MK International and Development របស់​ប្រទេស​ន័រវេស​ដោយមាន​កិច្ចសហការ​ជាមួយ​នឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​រយៈពេល ៣ ​ឆ្នាំ​ដែល​នឹង​វិនិយោគ​ទឹកប្រាក់​ជិត​ ២ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​ផលិត​វីដេអូ​អប់រំ​​បែប​កម្សាន្ត​នេះ​។

ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ២៩ ខែធ្នូ​ឆ្នាំ​ ២០២០ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​លើ​កិច្ចសហប្រតិបត្តិ​ការផលិត​មាតិកា​អប់រំ​ជាមួយ​នឹង​ក្រុមហ៊ុន​ MKI ​ដើម្បី​អភិវឌ្ឍ​មាតិកា​អប់រំ ផលិត និង​ផ្សព្វផ្សាយ​វីដេអូ ក្រោមរូបភាព​នៃ​ការអប់រំ និង​មាន​បង្កប់​នូវ​ការកម្សាន្ត​ផងដែរ​។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ក្រសួង​អប់រំ​ស្វាគមន៍​នូវ​កិច្ចសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ចូលរួម​លើកកម្ពស់​នូវ​គុណភាព​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ជាក់ស្តែង​​ដូច​នៅក្នុង​កិច្ចសហការ​រវាង​​ក្រុមហ៊ុន MKI ​របស់​ប្រទេស​ន័រវែស​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា​នាពេល​ថ្មីៗ​​នេះ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​កិច្ចសហការ​នេះ​ផ្តោតលើ​ការផលិត​ និង​ផ្សព្វផ្សាយ​វីដេអូ​សរុប​ចំនួន​ ៧២ ​វីដេអូ​ក្រោម​រូបភាព​ការអប់រំ​ និង​ការកម្សាន្ត​ដោយ​មាន​ការសហការ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៣»​។

លោក​បាន​បន្តថា ការផលិត​វីដេអូ​នេះ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាជន​កម្ពុជា​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​ ១២ ​ឆ្នាំ​ឡើង​ទៅ​មិន​ថា អ្នក​ដែលមាន​ឱកាស ឬ​គ្មាន​ឱកាស​ក្នុង​ការសិក្សា​នៅ​សាលា​រដ្ឋ​ ឬ​បណ្តា​​សាលា​ឯកជន​នានា នៅក្នុង​ប្រទេស​កម្ពុជា​។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ជួន ណារ៉ុន បាន​មានប្រសាសន៍​ក្នុង​ពិធី​ចុះ​ MoU ​នាទី​ស្តីការ​ក្រសួង​ថា ក្រសួង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ MKI ​ប្រទេស​ន័រវែស​ដែលមាន​ជំនាញ​ផលិត​មាតិកា​ព័ត៌មាន​មក​វិនិយោគ​ក្នុង​ការផលិតកម្ម​វិធី​វីដេអូ​សម្បូរបែប​ជាច្រើន​ព្រមទាំង​ផ្ដល់​ជា​ចំណេះដឹង​ក្នុងការ​រៀនសូត្រ​លើ​ប្រធានបទ​ផ្សេងៗ ដើម្បី​ជួយ​កាត់បន្ថយ​ភាពតានតឹង​ក្នុង​ការសិក្សា​ដែល​ខ្លឹមសារ​ប្រកប​ដោយ​ការអប់រំ​។

ចំណែក​លោកស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ស្ថាបនិក និង​ជា​នាយក​ក្រុមហ៊ុន​ MKI ​បាន​លើកឡើង​ដែរ​ថា ខ្សែ​វីដេអូ​ទាំងនេះ​គឺធ្វើឡើង​ដើម្បី​ជំរុញ​ការចង់​ចេះ ដឹង​របស់​ពលរដ្ឋ​កម្ពុ​ជាទូទៅ​។

លោកស្រី​បាន​ថ្លែងថា​៖ «​គម្រោង​​ការអប់រំ​ផ្តោត​សំខាន់​ទៅលើ​ប្រធានបទ​ផ្សេងៗ​ដូចជា សុខភាព អាហារូបត្ថម្ភ វិទ្យាសាស្ត្រ​ធម្មជាតិ បច្ចេកវិទ្យា សេដ្ឋកិច្ច ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ​សុខាភិបាល ភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និង​​អរិយធម៌​ដ៏យូរលង់​របស់​មនុស្ស​ជាតិ​មាន​ដូចជា ទស្សនវិជ្ជា សង្គមវិទ្យា ចិត្តវិទ្យា និង​វប្បធម៌​ផ្សេងៗ​ក្នុង​ពិភពលោក​មាន​អក្សរសាស្ត្រ តូរ្យតន្ត្រី សិល្បៈ និង​ភាពយន្ត​ជាដើម​»​។

កម្មវិធី​ដែល​បាន​ផលិត​នឹង​ផ្តល់ជូន​ដោយ​ឥតគិតថ្លៃ​តាម​​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ Facebook,Youtube​ ​និង​កម្មវិធីសិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក្រសួង​អប់រំ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឱ្យដឹងថា គម្រោង​រយៈពេល​ ១០ ​ឆ្នាំ​ក្នុង​ការផលិត​កម្មវិធី​ទាំងនេះ​ជា​ក្តី​ស្រមៃ​ផ្ទាល់​របស់លោក​ស្រី ម៉ារី ខេ អ៊ីវជេន អ៊ុលសុន ចំពោះ​ប្រទេស​កម្ពុជា​ដែល​លោកស្រី​មាន​តាំងពី​ឆ្នាំ​ ២០០៨ នៅពេល​លោកស្រី​មក​ដល់​កម្ពុជា​លើកដំបូង​។ ​ចន្លោះ​ឆ្នាំ​ ២០០៨ ដល់​ឆ្នាំ​ ២០១១ លោកស្រី និង​ក្រុមការងារ​បាន​ផលិត​ឯកសារ​ខ្នាត​វែង​ «Total Brokeness» ដែល​បង្ហាញពី​ការរំលោភបំពាន​លើ​កុមារ និង​ខ្មែរ​វីដេអូ​ជា​ស៊េរី «Women in Their 40s» ដែល​ផ្សព្វផ្សាយ​លើ​ទូរទស្សន៍​ NHK ​ជប៉ុន និង​ Asia Media Corp របស់​សិង្ហបុរី​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បន្តថា លោកស្រី​ម៉ារី និង​ដៃគូ​បាន​បង្កើត​ក្រុមហ៊ុន​ MKI ​ន័រវែស​ក្នុង​ឆ្នាំ​ ២០០៥ ​នឹង​វិនិយោគ​ទឹកប្រាក់​ ១,៨ ​លាន​ដុល្លារ​ដើម្បី​ផលិត កម្មវិធី​អប់រំ​បែប​កម្សាន្ត​នេះ​សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​នៅ​កម្ពុជា​៕