ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក្នុង​នោះ​រួមមាន ទូរទស្សន៍ CBS និង Digital Sky កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៨ ខែ កុម្ភៈ ឆ្នាំ​ ២០២១ បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MoU) ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ភ្នំពេញ​ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​ ២ ក្នុងនោះ​រួមមាន ក្រុមហ៊ុន​ទូរស្សន៍​បាយ័ន​គ្រុប និង​ក្រុមហ៊ុន​ហង្សមាស​គ្រុប ដែលជា​ការបោះ​ជំហ៊ាន​ដ៏ធំ​មួយ ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​។

ពិធី​ចុះហត្ថលេខា​នេះមានការ​ចូលរួម​ជា​ផ្លូវការ​ដោយ​អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោក​ឧកញ៉ា ឆាល វ៉ាន់ ទីប្រឹក្សា​ក្រុមហ៊ុន​ទូរស្សន៍​បាយ័ន​គ្រុប ព្រមទាំង​លោក​ឧកញ៉ា អ៊ឹង ឆៃងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប​។

គោលបំណង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ដែល​មាន​ឈ្មោះថា​ «​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​គ្រុប ខូអិល ធីឌី​» ដែលមាន​ការចូលរួម​ភាគហ៊ុន​ដោយ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​។

ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​មួយ​នេះ​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ដែល​នឹង​ផ្តល់ជូន​នូវ​សេវា និង​ជម្រើស​ទូរទស្សន៍​ឌីជីថល​ដ៏សម្បូរបែប ព្រមទាំង​មាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ សំដៅ​លើកស្ទួយ​ចំណេះដឹង ការកម្សាន្ត និង​ទស្សនីយភាព​ត្រជាក់​ភ្នែក ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។

ពិធី​ចុះ MoU ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ​។ ហុង មិនា

អ្នកឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប សម្រាប់​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ឌីជីថល​ពេញលេញ និង​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​សម្រេច​ឲ្យ​បាន​ឧស្សាហកម្ម​ជំនាន់​ ៤.០ ហើយ​នេះ​ក៏​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុង​ការដាក់​វិស័យ​សោតទស្សន៍ និង​ផ្សព្វផ្សាយ​ឲ្យ​ទៅជា​ប្រព័ន្ធ​ឌីជីថល​ផងដែរ​»​។

អ្នកឧកញ៉ា គិត ម៉េង បន្តថា​៖ «​យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចាប់​ដៃគូ​សហការគ្នា​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ ដែល​នឹង​ចូលរួមចំណែក​ជួយ​ដល់​ការអនុវត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការជំរុញ​ឲ្យ​រាល់​បណ្តាញ​ផ្សព្វផ្សាយ​របស់​ឯកជន និង​រដ្ឋ ដើម្បី​ប្តូរ​ការផ្សាយ​ពី​អាណាឡូក​ទៅជា​ការផ្សាយ​លើ​ថ្នាល​ទូរទស្សន៍​ឌីជីថល​វិញ​។

ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ថ្មី​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​គុណភាព រូបភាព វីដេអូ សម្លេង និង​កម្មវិធី​ផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​តាមរយៈ​ច្រកចេញចូល​តែមួយ ហើយ​ក៏​ចូលរួម​ធានាបាន​នូវ​ការផ្លាស់ប្តូរ ការផ្សាយ​ពី​ប្រព័ន្ធ​អាណាឡូក​ទៅ​ជា​ប្រព័ន្ធ​ឌីជីថល​ដោយ​រលូន​ឲ្យ​បាន​ទាន់ពេល​កំណត់​មុន​ឆ្នាំ​ ២០២៣​។

ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នៅតែ​ប្តេជ្ញាចិត្ត​យ៉ាង​ពេញទំហឹង​ក្នុង​ការគាំទ្រ​ការកែប្រែ​ឲ្យ​ប្រទេស​កម្ពុជា​មាន​ឌីជីថល​ពេញលេញ​។ បណ្តា​ក្រុមហ៊ុន​ក្នុង​ផ្នែក ICT របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​រួមមាន Cellcard, Ezecom, Wing Money, CBS និង Digital Sky បាន​នឹង​កំពុង​ធ្វើការ​រួមគ្នា ដើម្បី​សម្រេច​យុទ្ធសាស្ត្រ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ឌីជីថល​ពេញលេញ​។

សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​និមួយៗ​បាន​បម្រើ​ទស្សនីយ​អារម្មណ៍ ចំណេះដឹង និង​ការកម្សាន្ត​ក្នុង​វិស័យ​សោតទស្សន៍ ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល​ ២៥ ​ឆ្នាំ​មកហើយ​រហូត​មក​ដល់​ពេលនេះ​៕