The Phnom Penh Post Search

Search form

ក្រុមហ៊ុន​បូម​ខ្សាច់​ឃាត់​អ្នក​កាសែត​បរទេស សកម្មជន និង​ប្រជាសហគមន៍ ៧ នាក់

សកម្មភាព​បូម​ខ្សាច់​នៅ​ស្រុក​បទុម​សាគរ​ខេត្ត​កោះកុង​នា​ពេល​កន្លង​មក។
សកម្មភាព​បូម​ខ្សាច់​នៅ​ស្រុក​បទុម​សាគរ​ខេត្ត​កោះកុង​នា​ពេល​កន្លង​មក។ រូបថត ចលនា​មាតា​ធម្មជាតិ

ក្រុមហ៊ុន​បូម​ខ្សាច់​ឃាត់​អ្នក​កាសែត​បរទេស សកម្មជន និង​ប្រជាសហគមន៍ ៧ នាក់

កោះកុងៈ សកម្មជន​ចលនា​មាតា​ធម្មជាតិ​ និង​ប្រជាសហគមន៍​សរុប ៧ ​នាក់​ក្នុង​នោះ​មាន​អ្នក​កាសែត​បរទេស​ម្នាក់​ផង​ត្រូវ​បាន​ក្រុមហ៊ុន​បូម​ខ្សាច់​ក្នុង​ស្រុក​មួយ​នៅ​​ខេត្ត​កោះកុង​ឃាត់​ខ្លួន​ជាង​ ១ ​ម៉ោង​បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ថត​សកម្មភាព​បូម​ខ្សាច់​នៅ​ភូមិ​កោះកុង​ក្នុង​ឃុំ​ត្រពាំងរូង ស្រុក​កោះកុង។

អ្នក​ដែល​គេ​ឃាត់​ខ្លួន​ទាំង​នោះ​មាន​ឈ្មោះ Rod Harbinson ជា​អ្នក​កាសែត​ជនជាតិ​អង់គ្លេស​ ញេក នីត្រា, ម៉ូត គីមរី ជា​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ប្រជាសហគមន៍​មាន​ឈ្មោះ ខៀវ សាឡេះ, ម៉ូត ថាវី,ឡឹក សុជាតា និង​កុមារី​អាយុ ៥ ​ឆ្នាំ​ម្នាក់​ឈ្មោះ ម៉ារី។

លោក ម៉ូត គីមរី អាយុ ២៣ ​ឆ្នាំ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នោះ​បាន​ឲ្យ​ដឹង​ថា​នៅ​រសៀល​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ពួកគេ​ទាំង​ ៧ ​នាក់​បាន​ចុះ​ទៅ​ថត​រូបភាព និង​វីដេអូ​ជុំវិញ​ការ​បូម​ខ្សាច់​នៅ​តំបន់​ក្បែរ​កោះ​កាពិ​ដើម្បី​ធ្វើ​ជា​ឯកសារ​សម្រាប់​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​បាន​ដឹង​ពី​ការ​បូម​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​នៅ​ខេត្ត​កោះកុង ​ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​បុគ្គលិក និង​សន្តិសុខ​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ​ ឧត្តម ​សីម៉ា ឃាត់​ខ្លួន​នៅ​ម៉ោង​ជិត​ ៤ រសៀល។

លោក​បាន​បន្ត​ថា​ នៅក្នុង​ការ​ឃាត់​ខ្លួន​នោះ​ខាង​ក្រុមហ៊ុន​បាន​ឲ្យ​ពួកគេ​លុប​ចោល​ឯកសារ​ដែល​បាន​ថត​នោះ និង​បាន​សួរ​នាំ​ជាច្រើន​ទើប​ព្រម​ធ្វើការ​ដោះលែង​វិញ​នៅ​ម៉ោង​ប្រមាណ​ជាង​ ៥ ល្ងាច​ថ្ងៃ​ដដែល។

លោក​បាន​បញ្ជាក់​ថា៖ «យើង​​ចុះ​មក​មើល​ថា​តើ​ការ​បូម​ខ្សាច់​នេះ​មាន​ដំណើរការ​ដល់​​ណា​ព្រោះ​សាឡង់​បូម​ខ្សាច់​ដូចជា​មាន​ទិសដៅ​ច្រើន​​មែនទែន​ក្នុង​តំបន់​នេះ​យើង​ចង់​បង្ហាញ​ឲ្យ​​បងប្អូន​ខ្មែរ​ទាំង​អស់​បាន​ដឹង​ថា​ខេត្ត​កោះកុង​កំពុង​ធ្វើ​អាជីវកម្ម​ខ្សាច់​រាប់​លាន​តោន​ទៅ​បរទេស និង​ប្រទេស​សិង្ហបុរី»។

ប្រធាន​ក្រុមហ៊ុន​បូម​ខ្សាច់​ ឧត្តមសីម៉ា លោក អៀត ប៊ុនថុល បាន​ថ្លែង​ថា​ក្រុមហ៊ុន​លោក​មាន​អាជ្ញាប័ណ្ណ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប៉ុន្តែ​ក្រុម​​​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហគមន៍​ទាំងនោះ​ចុះ​ទៅ​ពិនិត្យ​ដោយ​ពុំ​បាន​ប្រាប់​ពី​អត្តសញ្ញាណ និង​ជម្រាប​ទៅ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ជា​មុន​ទេ​ទើប​ក្រុមហ៊ុន​តម្រូវ​ឲ្យ​គាត់​លុប​ឯកសារ​ទាំងនោះ។

លោក​ថា៖ «ខ្ញុំ​អត់​ដឹង​ទិសដៅ​គាត់​យ៉ាង​ម៉េច​ទេ​តែ​បើ​គាត់​មាន​អត្តសញ្ញាណ​ឧទាហរណ៍​ថា​ជា​អ្នក​កាសែត​ហើយ​គាត់​សុំ​យោបល់​ពី​មន្ទីរ​រ៉ែ និង​ថាមពល​សិន​មាន​អាជ្ញាធរ​អី​ទៅ​ជាមួយ​នោះ​មិន​មាន​បញ្ហា​អី​ទេ​យើង​អនុញ្ញាត​ឲ្យ​គាត់​ចុះ​ពិនិត្យ​តែ​បើ​សិន​គាត់​ឡើង​ទៅ​ដោយ​មិន​បាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​គេ​អាច​ឃាត់​សួរ​នាំ​គាត់​បាន​ខ្ញុំ​មិន​ដឹង​ថា​ពួកគាត់​ហ្នឹង​ធំ​ជាង​រាជរដ្ឋាភិបាល​ឬ​យ៉ាង​ម៉េច​បាន​ជា​ធ្វើ​សកម្មភាព​បែប​នេះ​ពួកខ្ញុំ​ធ្វើការ​ស្ថិត​នៅ​ក្រោម​ច្បាប់​របស់​រដ្ឋាភិបាល»។

មន្ត្រី​ប៉ូលិស​ស្រុក​កោះកុង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​លោក​ពុំ​បាន​ដឹង​ពី​ហេតុការណ៍​នេះ​ទេ។

កាលពី​ពាក់កណ្តាល​ខែ​សីហា​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣ នាក់​ឈ្មោះ សាន់ ម៉ាឡា, ទ្រី សុវិគា និង ស៊ឹម សំណាង ត្រូវ​បាន​អាជ្ញាធរ​ស្រុក​បទុមសាគរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សាកសួរ​តាម​បណ្តឹង​របស់​អាជ្ញាធរ​ឃុំ និង​ក្រុមហ៊ុន Direct Access។ បន្ទាប់ពី​ការ​សាកសួរ​ពួកគេ​ត្រូវ​បាន​ព្រះរាជ​អាជ្ញា​បាន​សម្រេច​ចោទ​ប្រកាន់​ពី​បទ​គំរាម​កំហែង​ថា​នឹង​​ធ្វើឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នឹង​បញ្ជា​អ្វី​មួយ​តាម​មាត្រា ៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ​ហើយ​បច្ចុប្បន្ន​កំពុង​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​៕

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។