ភ្នំពេញៈ លោក នួន សំណាវុធ អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​សំណល់​រឹង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចំនួន​ ៣ ​ដែល​ជាប់​ក្នុង​ការដេញថ្លៃ​លើ​ការផ្ដល់​សេវា​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​សំណល់រឹង​នឹងដំណើរការ​នៅ​ខែ​កុម្ភៈ​ដើម​ឆ្នាំ​ក្រោយ ក្រោយ​ពេល​ចុះ​កិច្ចព្រមព្រៀម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ធ្វើ​នៅ​ពាក់កណ្តាល​ខែ​ធ្នូ​នេះ​​។

លោក នួន សំណាវុធ បាន​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ដែល​បាន​ជាប់​ទាំង ៣ លើ​ការផ្ដល់​សេវា​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​សំណល់​រឹង​ហើយ​ ក្រុមហ៊ុន​ទាំង​ ៣ ​នោះ​នឹង​ចេញ​ប្រតិបត្តិការ​ទៅ​តាម​ទីតាំង​ដែល​បាន​កំណត់​ចាប់ពី​ថ្ងៃទី ១ ​ខែ​កុម្ភៈ​ ឆ្នាំ​ ២០២១ ​តទៅ​។

លោក​បញ្ជាក់​ថា៖ ​«ក្នុង​ដំណាក់កាល​នេះ​យើង​នឹង​សម្រេច​បាន​នៅ​ពាក់កណ្តាល​ខែ​ ១២ ​នេះ​ដោយ​ត្រូវ​មាន​ការចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ដែល​ដេញ​ថ្លៃ​ឈ្នះ​ចំនួន ៣ ហើយ​សេវា​របស់​យើង​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ដោយ​ប្រតិបត្តិករ​ថ្មី ដែល​ចូល​មក​ផ្តល់​សេវា​នៅ​ថ្ងៃទី​ ១ ខែ​កុម្ភៈ ឆ្នាំ ២០២១ គឺ​យើង​នឹង​ចេញហើយ»​។

យ៉ាង​ណា​លោក សំណាវុធ មិន​ទាន់​អាច​បញ្ជាក់​ពីឈ្មោះ​ក្រុមហ៊ុន​ទាំង​ ៣ ដែល​នឹង​ទទួល​បាន​សិទ្ធិ​ផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​សំណល់​រឹង​នៅ​ទូទាំង​រាជធានី​នេះ​ទេ​ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​វា​យត​ម្លៃ ជ្រើសរើស​ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ទាំង​ ២០ ដែល​បាន​ចូល​ដេញ​ថ្លៃ​។

លោក​បន្ថែម​ថា៖ «ការជ្រើសរើស​ក្រុមហ៊ុន​នេះ យើង​បាន​ដំណើរការ​មកដល់​ដំណាក់កាល​ទី ២ ​ហើយ​គឺ​យើង​ជ្រើសរើស​ក្រុមហ៊ុន​ក្នុង​ការដេញថ្លៃ​ដែល​ក្រុមហ៊ុន​បាន​ដាក់​តម្លៃ ហើយ​យើង​មើល​ទៅ​លើ​បច្ចេកទេស និង​មើល​ទៅ​លើ​លក្ខខណ្ឌ ដើម្បី​ឱ្យ​ស្រប​ទៅ​នឹង​លក្ខខណ្ឌ​របស់​យើង»​។

កាលពី​ថ្ងៃទី​ ២២ តុលា ឆ្នាំ​មុន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដក​សិទ្ធិ​ប្រមូល​សំរាម​ពី​ក្រុមហ៊ុន​ស៊ីនទ្រី ដែល​ជា​ក្រុមហ៊ុន​តែ​មួយ​គត់​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការផ្ដល់​សេវា​ប្រមូល​ និង​ដឹក​ជញ្ជូន​សំរាម​សំណល់​រឹង​នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ ក៏​ប៉ុន្តែ​ក្រោម​ហេតុផល​ថា​ ក្រុមហ៊ុន​ស៊ីនទ្រី​មិន​មាន​សមត្ថភាព​បន្ត​ក្នុង​ការប្រមូល​សំរាម​លោក ហ៊ុន សែន ក៏​បាន​សម្រេច​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រប់គ្រង​ការងារ​បណ្តោះអាសន្ន​មុន​នឹង​ស្វែងរក​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​បាន។

ក្រោយពី​ការដក​សិទ្ធិ​នេះ​សាលា​រាជធានី​ភ្នំពេញ​បានសម្រេច​បែងចែក​ការប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ​ជា​ ៣ ​តំបន់​សម្រាប់​ឱ្យ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ដេញ​ថ្លៃ​ធ្វើការ​ជ្រើសរើស​ក្នុង​ការផ្ដល់​សេវា​ប្រមូល​ និង​ដឹកជញ្ជូន​សំរាម​ សំណល់​រឹង​ទៅ​តាម​តំបន់​នីមួយៗ​ផង​ដែរ។

លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើក​ឡើង​ថា នេះ​គឺជា​រូបភាព​ថ្មី​ក្នុង​ការប្រកួត​ប្រជែង​ដែល​អាច​នឹង​ធ្វើឱ្យ​ការផ្តល់​សេវា​ ជូន​ពលរដ្ឋ​បាន​ល្អ​ប្រសើរ​ក្នុង​ករណី​ដែល​សាលារាជធានី​ភ្នំពេញ​បាន​ផ្តល់​សិទ្ធិ​ទៅដល់​ក្រុមហ៊ុន​ចំនួន ៣ ធ្វើ​ប្រតិបត្តិការ​ក្នុង​ការផ្តល់​សេវា​ប្រមូល​សំរាម​នេះ។

លោក​បាន​បញ្ជាក់​ថា៖‍ «​ការប្រមូល​សំរាម​នេះ គឺជា​ការផ្តល់​សេវា​របស់​រដ្ឋ ប៉ុន្តែ​រដ្ឋ​ត្រូវ​ផ្តល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន​ឯកជន ដើម្បី​ប្រមូល​សំរាម​ក្នុង​នាម​ជា​រដ្ឋ។ ប្រសិន​បើ​មាន​ក្រុមហ៊ុន ៣ មែន វា​ជា​រូបភាព​មួយ​ក្នុងការប្រកួត​ប្រជែង​ក្នុង​ការផ្តល់​សេវា​ ព្រោះ​ការប្រកួត​ប្រជែង​នាំឱ្យ​មាន​ផលច្រើន។ នៅ​ពេល​អ្នក​ផ្តល់​សេវា​ប្រកួតប្រជែង​គ្នា នោះ​អ្នក​ទទួល​ផល​ដូចជា​ប្រជាពលរដ្ឋ រួម​ទាំង​ទីកន្លែង​សាធារណៈ​មួយ​ចំនួន​នឹង​ល្អ»​។

ជាមួយ​នឹង​ការរំពឹង​ទុក​នេះ​លោក សន ជ័យ ក៏​សង្ឃឹម​ដែរ​ថា នៅ​ពេល​ក្រុមហ៊ុន​ទាំង​ ៣ ទទួល​បាន​ការអនុញ្ញាត​​ក្នុង​ការផ្តល់​សេវា​ប្រមូល​សំរាម​នេះ​នឹង​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ទៅ​ជា​ទីក្រុង​ស្អាត​មួយ ដែល​គ្មាន​សំរាម​រាយប៉ាយ​ក្នុង​ពេល​កកស្ទះ ឬ​រងគ្រោះ​ទឹក​ជំនន់​ផង​ដែរ។

យោង​តាម​របាយការណ៍​របស់​ក្រសួង​បរិស្ថាន​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ចុង​ឆ្នាំ​មុន​បង្ហាញ​ថា​ សំរាម​នៅ​កម្ពុជា​ក្នុង ១ ថ្ងៃៗ​មាន​ជាង ១ ម៉ឺន​តោន ​ហើយ​បើ​សរុប​ទៅ​គឺ​មាន​ជិត ៤ ​លានតោន​ក្នុង ១ ​ឆ្នាំ​។ ក្នុង​នោះគ្រាន់​តែ​នៅ​រាជធានី​ភ្នំពេញ​គឺ​មាន​សំរាម​ប្រមាណ​ ៣ ពាន់​តោន​ក្នុង ១ ថ្ងៃៗ។ សំរាម​ទាំង​នោះ​មាន​ ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ ២០ ​ភាគរយ​ជា​សំណល់​ថង់​ប្លាស្ទិក និង​នៅ​សេសសល់​គឺជា​សំណល់​រឹង និង​សំណល់​ប្រភេទ​ផ្សេង​ទៀត​៕