បន្ទាយ​មាន​ជ័យៈ ក្រុម​ហ៊ុន​ហ្រ្គែន​ដាយ​មិនស៊ីធី ​និង​ប៉ោយប៉ែតរី​សត ដែល​មាន​ទីតាំងនៅ​ក្រុង​ប៉ោយ​ប៉ែតបាន​ផ្ដល់​នូវ​សត្វ​ប្រើស​ស្បូវ​ចំនួន​ ១៤​ ក្បា​ល ​ដល់​ឧទ្យានសួនសត្វ​និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំតា​ម៉ៅ ដើម្បី​នាំយក​ទៅ​ថែ​រក្សា​បន្ត និង​បង្កាត់​ពូជ។

លោក ​សឿម សាអុីម តំណា​ង​​ក្រុម​ហ៊ុន​ហ្រ្គែន​ដាយ​មិន​ស៊ីធី និងប៉ោយ​ប៉ែត​រីសត​ បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ចុង​សប្តា​ហ៍​ថា កាល​ពី ១៨ ឆ្នាំ​មុនក្រុម​​ហ៊ុន​របស់​លោក​បាន​ប្រមូល​ទិញ​កូន​សត្វ​ប្រើស​ចំនួន​ ៤ ក្បា​ល​ (ឈ្មោល​ ១ ញី ៣ ) ​ពី​ប្រជា​ពល​​រដ្ឋដែល​រស់​នៅ​តាម​តំបន់​ជាយ​ដែន​ថៃនៃ​ខេត្ត​បន្ទា​យ​​មាន​ជ័​យ​ ម​ក​ចិញ្ចឹម​ថែ​រក្សា ​ហើយ​បាន​កើត​កូន​​ជា​បន្ត​បន្ទាប់​​រហូត​មក​ដល់​​ពេល​នេះ មាន​ចំនួន ១៤ ​ក្បាល។

លោក​​បញ្ជាក់​ថា៖ «​ពេល​ដែល​យើង​ទិញ​ពី​ប្រជា​ពលរដ្ឋ​មក​នោះពួក​វា​នៅ​តូចៗ​ និង​មា​ន​របួស​។ យើង​បាន​ព្យាបាល​វា ​និង​ថែ​រក្សា​ការពារ​វា ដោយ​ដំបូង​ឡើយ​យើង​ដាក់​វានៅ​ក្នុង​ទ្រុង និង​ផ្ដល់​ចំណីឲ្យ​វាស៊ី​ជា​ប្រចាំ​។ បន្ទាប់​មកយើង​បាន​ដោះ​លែង​វានៅ​ក្នុង​ទីធ្លា​នៃដី​ព្រៃ​​របស់​ក្រុមហ៊ុន​ទំហំ ៥ ហិក​តា ហើយ​វាបាន​បង្កាត់​ពូជ​បាន​កូន​យ៉ាង​ច្រើន។ ប៉ុន្តែ​ដោយ​សារ​ការ​កើន​ឡើង​នៃកម្តៅក្នុង​បរិយា​កាសនា​ប៉ុន្មា​ន​ឆ្នាំ​ចុង​ក្រោ​យ​នេះ បាន​ធ្វើ​ឲ្យ​ពួក​វាមួយ​ចំនួន​ឈឺងាប់​ជាបន្ត​បន្ទាប់​ ដែល​រហូ​ត​មក​​ទល់​ពេល​នេះនៅ​សេស​ស​ល់​ត្រឹម​តែ​ ១៤​ ក្បាល​ប៉ុណ្ណោះ» ។

លោក​ សាអុីម ដែល​ធ្លាប់​បាន​ទៅ​ទស្សនា​ និងសិក្សា​ស្វែង​​យល់​អំពី​របៀប​ថែទាំ​សត្វព្រៃ​របស់​ក្រុម​មន្ត្រី​ជំនាញ​នៃ​ឧទ្យានសួន​សត្វ និង​មជ្ឈ​មណ្ឌ​ល​សង្គ្រោះ​សត្វ​ព្រៃ​ភ្នំ​តាម៉ៅ​ បាន​និយាយ​ទៀត​ថា​ដោយ​ក្រុម​ហ៊ុ​ន​​របស់លោក​កង្វះ​ខាត​អ្នក​ជំនា​ញ​ ​ក្នុង​ការ​ថែ​ទាំ និងព្យា​បាល​សត្វ​ព្រៃ និងដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ប្រើស​ដែល​នៅ​សេស​សល់​​បន្ត​ឈឺ​ងាប់​ទៀត​នោះ​ ក្រុម​ហ៊ុន​បាន​សម្រេច​ប្រគល់​ពួក​វា​មក​ខាង​ឧទ្យានសួន​សត្វ និង​មជ្ឈ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ ភ្នំ​តាម៉ៅ ដើម្បី​ធ្វើ​ការ​ថែរក្សា​ និង អភិរក្ស​វាបន្ត។

លោក​បន្ថែម​ថា៖ «យើង​មាន​គំនិត​សុទិដ្ឋិ​និយ​ម​ថា​ មន្ត្រី​ជំនា​ញ​នៃឧទ្យានសួន​សត្វ​ភ្នំ​តា​ម៉ៅនឹ​ង​​ថែទាំ​ពួក​វា​បាន​យ៉ាង​ល្អ​ហើ​យ​​ពួក​វា​អាច​នឹង​បង្កាត់​ពូជ​បាន​កូន​ចៅ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​»។

នៅ​ពេល​នេះ​ សត្វ​ប្រើសស្បូវ​ចំនួន​ ៣ ក្បាល​ក្នុង​ចំណោម​ ១៤ ក្បាល​ ដែល​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន​ហ្រ្គែន​​ដាយ​មិន​ស៊ីធី និងប៉ោយ​ប៉ែត​រីសត​ខាង​លើ​នេះ បាន​ដឹក​ទៅ​ដល់​សួន​សត្វ​ភ្នំ​តាម៉ៅ​ហើយ។ នេះ​បើតាម លោក ញឹក រតនៈ​ពេជ្រ ប្រធាន​ឧទ្យានសួន​សត្វ ភ្នំ តាម៉ៅ។

លោក​ថ្លែង​ថា​៖ «នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជំនាញ​យើង​ កំពុង​រៀប​ចំដឹក​ជញ្ជូន​ប្រើស​ដែល​នៅ​សល់​ ១១​ ក្បាល​ទៀត​ មក​កាន់​​ទីតាំង​សុវត្ថិភាពក្នុង​តំបន់​​ឧទ្យានជាតិ​របស់​យើង​ ដើម្បី​ថែរក្សា​និង​បង្កាត់​ពូជ។ នៅ​ពេល​ចំនួន​របស់​វាមាន​ការ កើន​ឡើង​ច្រើន យើង​នឹង​នាំពួកវាមួយ​ចំនួន​ទៅលែង​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ ដើម្បី​ឲ្យពួក​វារស់​នៅ​តាម​របៀប​ធម្ម​ជាតិ​របស់​វា»។

បើ​តាម លោក រតនៈពេជ្រ សត្វព្រៃ​ជាច្រើន​ប្រភេទ​ ដែល​រួម​មាន​ ឈ្លូស​ ប្រើស​ ក្រពើ​ភ្នំ​ឬក្រពើ​ត្រី ខ្ទីង​ រមាំង​ ខ្លាត្រី​ និង សត្វ​ស្លាប​មួយ​ចំនួន​ទៀតដែ​ល​​ឧទ្យានសួន​សត្វ​ភ្នំ​តា​ម៉ៅទទួ​ល​​បាន​ពី​សប្បុ​រស​ជន​ ក្រុម​ហ៊ុន​ និង​ពីស្ថា​ប័ន​ដែល​ជា​ដៃគូ​មួយ​ចំនួនមក​ថែ​រក្សា និងបង្កាត់​ពូជ​​នោះបាន​ទទួល​ជោគ​ជ័យ​ជា​បន្ត​បន្ទាប់ ដែល​រហូត​មកទល់​ពេល​នេះ ប្រភេទ​សត្វ​ទាំង​នោះ​មួយ​ចំនួន​ត្រូវ​បាន​ដោះ​លែង​ទៅក្នុង​ព្រៃធម្មជាតិ​ ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​បង្កាត់​ពូជ​សត្វ​ព្រៃ នៃឧទ្យានសួន​សត្វភ្នំ​តាម៉ៅ ក្នុង​ខេត្ត​តាកែវ ត្រូវ​បានគេ​អធិប្បាយ​ថា​ ក៏​ជាផ្នែ​ក​មួយ​នៃ​ការ​គាំទ្រ​ និង​លើក​កម្ពស់​ នូវ​គម្រោ​ង​ស្ដារ​ឡើង​វិញនូវ​សត្វ​ខ្លាធំ​នៅ​កម្ពុជាដែល​រដ្ឋាភិបាល​កំពុង​សហការ​ជាមួយនឹង​​អង្គការ​ WWF ផង​ដែរ៕