ខេត្តកំពង់ធំៈ ក្រុមហ៊ុន កាស៊ីង ឯ.ក KASING CO.,LTD សហការ​ជាមួយ​ក្រុមហ៊ុន I LAON D&C Co., LTD របស់​វិនិយោគិន​កូរ៉េ​បាន​អភិវឌ្ឍ​តំបន់​កសិទេសចរណ៍​លើ​ផ្ទៃដី​ជាង​ ៥០០ ​ហិកតា​ នៅ​ស្រុក​ប្រាសាទសំបូរ ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម និង​ចូលរួម​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ប្រកប​ដោយ​ចីរភាព​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន កាស៊ីង ឯ.ក (KASING CO,.LTD.) លោក ហង្ស សុធី បាន​ឱ្យ​ដឹងថា តំបន់​កសិទេសចរណ៍​ថ្មី​នេះ​គ្រោង​ធ្វើ​ឡើងជា​លក្ខណៈ​ទេសចរណ៍​បែប​កសិកម្ម ដែល​អាច​នឹង​មាន​ការរៀបចំ​ជា​ដំណើរ​កម្សាន្ត​នៅ​ដើមឆ្នាំ​ ២០២១ ក្នុង​ការនាំ​ទេសចរ​ក្នុងស្រុក​ទៅ​កម្សាន្ត​ និង​ចូលទៅ​មើល​ដល់​ក្នុង​ចម្ការ​ផ្សេងៗ​របស់​ពលរដ្ឋ​ក៏ដូចជា​សហគមន៍​ផងដែរ​។

លោក សុធី ថ្លែង​ថា​៖ «​ទេសចរណ៍​ក្នុងស្រុក​យើង​អាច​ទៅលេង​នៅក្នុង​តំបន់​កសិទេសចរណ៍ ហើយ​ភ្ជាប់​ជាមួយ​ការចូល​ទៅ​មើល​ចម្ការ​របស់​ប្រជាជន​រស់នៅ​តំបន់​នោះ​ថែមទៀត ដើម្បី​មើល​អ្នកណា​ដាំ​អី​បាន​ខ្លះ​។ យើង​នាំឱ្យ​ពួកគាត់​ជា​អ្នកទេសចរ​ចូលទៅ​មើល​ហើយ​អាច​ទិញ​ផ្ទាល់​បាន​»​។

បើ​តាម​លោក​ សុធី គោលបំណង​សំខាន់​ក្នុង​ការកែច្នៃ​បង្កើត​ឱ្យ​មាន​តំបន់​កសិទេសចរណ៍​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅ​ប្រជាពលរដ្ឋ​ជា​អ្នកទេសចរ​ក្នុងស្រុក ដែល​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ប្រាសាទ​សំបូរ​ព្រៃគុក តំបន់ភ្នំ​សន្ទុក ទឹកធ្លាក់​ធ្នួ​សតាព្រហ្ម និង​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ខេត្ត​កំពង់ធំ ឆ្លងកាត់​តំបន់​​កសិទេសចរណ៍​អាច​ចូល​ទិញ​ផ្លែឈើ ឬ​បន្លែ​ផ្សេងៗ ត្រឡប់​ទៅ​ផ្ទះ​វិញ​។

បើតាម​លោក សុធី គម្រោង​ដែល​ផ្តោតលើ​វិស័យ​កសិកម្ម និង​កសិទេសចរណ៍​នេះ​មាន​ដាំ​ដំណាំ​មួយ​ចំនួន​ដូចជា ស្វាយ ដូង ពោត សណ្តែក និង​បង្កើត​រោងចក្រ​ផលិត​ជី និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ បង្កើត​តំបន់​ទេសចរណ៍ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម និង​ជំរុញ​ឱ្យ​មាន​ការកែច្នៃ​ទិន្នផល​កសិកម្ម​ឱ្យ​ទៅ​ជា​ផលិតផល​សម្រេច​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​ និង​អាច​ឈានទៅរក​ការនាំ​ចេញ​ទៅ​ក្រៅប្រទេស ព្រមទាំង​ជួយ​បង្កើន​ការងារ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ដើម្បី​បញ្ចៀស​ការធ្វើ​ចំណាកស្រុក​ផងដែរ​។

លោក​ សុធី បញ្ជាក់ថា ក្រុមហ៊ុន I LAON D&C Co., LTD របស់​វិនិយោគិន​កូរ៉េ គ្រោង​ចំណាយ​ថវិកា ៣០ ​លាន​ដុល្លារ​ក្នុង​ការសាងសង់​រោងចក្រ​ផលិត​ជី និង​រោងចក្រ​កែច្នៃ​ផ្លែស្វាយ​ដែល​ការសាងសង់​នឹង​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​២០២១​។

លោក សុធី ថ្លែងថា​៖ «​យើង​បាន​ដាំដុះ​រយៈពេល​ជាង​ ៣ ​ឆ្នាំ​មក​ហើយ ហើយ​គម្រោង​នេះ​ផ្នែក​ខ្លះ​យើង​កំពុង​សិក្សា​ឯ​ផ្នែក​ខ្លះទៀត យើង​បានរៀបចំ​ហើយ​។ ចំពោះ​ផ្នែក​ទេសចរណ៍​ឥឡូវនេះ យើង​កំពុង​រៀបចំ​ជា​លក្ខណៈ​បោះតង់ និង​កន្លែង​ជិះទូក​លេង​ជាដើម​ដែល​ផ្នែក​នេះ​អាច​ដំណើរការ​បណ្តើរៗ​នៅ​ដើម​ឆ្នាំ​ថ្មី​ខាងមុខ​»​។

ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ពី​ខាង​ក្រុមហ៊ុន​ឯកជន​។ លោក​សង្ឃឹមថា នៅពេល​គម្រោង​កសិទេសចរណ៍​នេះ ដំណើរការ​នឹង​អាច​បង្ក​ការងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការងារ​ធ្វើ​អាច​រក​ចំណូល​បន្ថែម​បាន​ច្រើន​។

លោក​​បញ្ជាក់​ថា​៖ «​យើង​គាំទ្រ​ចំពោះ​ការបង្កើត​ឱ្យ​មាន​កសិទេសចរណ៍ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ទៅ​មើល ហើយ​ឱ្យ​គាត់​ដឹង​ពី​ការរីកចម្រើន​របស់​វិស័យ​កសិកម្ម​ក្នុង​ខេត្ត​ផង​អ៊ីចឹង​ទៅ​។ មួយវិញទៀត​គឺ​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​អាច​រក​ចំណូល​បន្ថែម​បាន តាមរយៈ​ការងារ​ ឬ​ដាំដុះ​ដោយ​ខ្លួនឯង​»​។

លោក សុក រដ្ឋា អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ធំ យល់ឃើញ​ថា ការចូលរួម​ធ្វើការ​អភិវឌ្ឍ​ក្នុង​វិស័យ​កសិកម្ម​គឺជា​រឿង​ល្អ ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​កសិកម្ម​ជា​ស្នូល ប៉ុន្តែ​ក្នុងពេល​បច្ចុប្បន្ន​តាម​ការសង្កេត​ជាក់ស្តែង ការអភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា​នៅមាន​កម្រិត​នៅឡើយ បើ​ប្រៀបធៀប​នឹង​វិស័យ​ផ្សេងៗ​មួយចំនួន​ទៀត​។

លោក​ រដ្ឋា ថ្លែងថា​៖ «​ការចូលរួម​របស់​វិស័យ​ឯកជន​ក៏ដូចជា​សហគមន៍​ ឬ​អង្គការ​អី​ផ្សេងៗ​ដែល​គេ​ធ្វើ​កិច្ចការងារ​ក្នុង​វិស័យ​កសិកម្ម ខ្ញុំ​យល់ថា ល្អ​ដែល​ការដាំដុះ​ និង​ចិញ្ចឹមសត្វ​អី​ផ្សេងៗ​ហ្នឹង ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក និង​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ភូមិ​ស្រុក​ផង ប៉ុន្តែ​សំខាន់​ការអភិវឌ្ឍ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​ក្នុង​តំបន់​ហ្នឹង​គាត់​ពេញចិត្ត​»៕