មណ្ឌលគិរីៈ ក្រុមហ៊ុនដាំកៅស៊ូមួយរបស់វៀតណាម ឈ្មោះ ដាក់ឡាក់ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សន្យាជាមួយពលរដ្ឋ និងអាជ្ញាធរថា នឹងបញ្ឈប់ការធ្វើឱ្យប៉ះពាល់បរិស្ថាន។
ការសន្យានេះ បន្ទាប់ពីមានក្រុមប្រជាពលរដ្ឋនាំគ្នាប្ដឹងថា ក្រុមហ៊ុននេះមិនបានគ្រប់គ្រងជ័រកៅស៊ូឱ្យបានល្អ និងការបោះចោលធុងថ្នាំបាញ់ស្មៅ ដែលប្រើរួចពាសវាលពាសកាល ដោយមានជាតិគីមីធ្វើឱ្យប៉ះពាល់ទឹកអូរជ្រោះប៊ូស្រា។
លោក គ្រើង តុលា តំណាងសហគមន៍នៅឃុំប៊ូស្រា បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា នៅថ្ងៃទី ២២ ឧសភា ក្រុមអាជ្ញាធរពាក់ព័ន្ធបានសម្រេចចុះទៅពិនិត្យដល់ទីតាំងរបស់ក្រុមហ៊ុនដាក់ ឡាក់ ហើយភាគីក្រុមហ៊ុនបានសន្យាចំពោះមុខអាជ្ញាធរថា នឹងដោះស្រាយរាល់ការប៉ះពាល់ទាំងឡាយដែលបង្កឡើងពីក្រុមហ៊ុនទៅដល់បរិស្ថាននិងប្រជាពលរដ្ឋក្នុងតំបន់។
លោកបន្តថា ការសន្យារបស់ក្រុមហ៊ុនវៀតណាមនេះ បន្ទាប់ពីលោកបានសរសេរបង្ហោះតាមហ្វេសប៊ុកកាលពីថ្ងៃទី ៥ ឧសភា ប្ដឹងទៅអាជ្ញាធរខេត្តឱ្យជួយដោះស្រាយ ក្រោយពីប្រជាពលរដ្ឋសង្ស័យថា មានសារធាតុគីមីកើតចេញពីការគ្រប់គ្រងជ័រកៅស៊ូមិនមានស្ដង់ដារ និងការបោះចោលធុងថ្នាំបាញ់ស្មៅប្រើរួចគ្មានសណ្ដាប់ធ្នាប់របស់ក្រុមហ៊ុនវៀតណាម។ ភាពគ្មានសណ្តាប់ ធ្នាប់នេះ ធ្វើឲ្យសារធាតុគីមីហូរចូលអូរជ្រោះប៊ូស្រា និងបានធ្វើឱ្យប្រជាពលរដ្ឋចំនួន ៨ ភូមិក្នុងឃុំប៊ូស្រា និងឃុំក្រង់តេះ កើត មានបញ្ហាសុខភាពដូចជាការកើតរោគសើស្បែក ដោយសារចុះទៅងូតទឹក និងដងទឹកពីអូរជ្រោះប៊ូស្រាមកបរិភោគ។
លោកថ្លែងថា៖ «អាកៅស៊ូដែល (ក្រុមហ៊ុន) បង្កកហើយ គាត់ដាក់នៅជាប់មាត់អូរ ហើយអាថ្នាំគីមីបង្កកកៅស៊ូហ្នឹង ហូរចេញពេញទឹកពេញដីតែម្ដង។ អ៊ីចឹងម្សិលមិញ យើង (អាជ្ញាធរនិងពលរដ្ឋ) បានចុះទៅផ្ទាល់ ហើយក្រុមហ៊ុនក៏បានសារភាព ប៉ុន្តែកន្លងមកគាត់អត់ដែលសារភាពទេ ប៉ុន្តែម្សិលមិញនៅពេលក្រុមជំនាញទាំងអស់ចុះទៅ គាត់សន្យាថា នឹងកែកុននិងប្ដូរទីតាំង (កន្លែងបង្កកកៅស៊ូ) និងកែសម្រួលឡើងវិញរាល់ប្រជាជនលើកឡើង»។
បើតាមលោក គ្រើង តុលា ក្រុមហ៊ុនឈ្មោះដាក់ឡាក់ របស់វៀតណាម បានចូលមកអភិវឌ្ឍដាំចម្ការកៅស៊ូតាំងពីឆ្នាំ ២០១០ និងបានធ្វើឱ្យប៉ះពាល់បរិស្ថានទឹកអូរជ្រោះប៊ូស្រា និងប្រជាពលរដ្ឋជាបន្តបន្ទាប់។ ប៉ុន្តែលោកថា អាជ្ញាធរមូលដ្ឋាន ដូចជាមេឃុំ និងមេភូមិមិនដែលចុះទៅណែនាំក្រុមហ៊ុននេះឡើយ ថ្វីដ្បិតពួកគេទទួលបានបណ្ដឹងជាច្រើនដងពីប្រជាពលរដ្ឋក្ដី។
លោកតុលា ដែលសង្ស័យថា ខ្លួនកើតរោគអាល្លែកហ្ស៊ីស្បែកបច្ចុប្បន្ន ដោយសារទឹកអូរជ្រោះប៊ូស្រា បានអះអាងទៀតថា តាំងពីឆ្នាំ ២០១០ មក ពលរដ្ឋដែលប្រើប្រាស់ទឹកអូរនេះតែងកើតមានបញ្ហាសុខភាពបន្តបន្ទាប់។ នៅពេលទៅជួបគ្រូពេទ្យ និងខ្លះ ទៀតទៅព្យាបាលដល់ប្រទេស វៀតណាម គឺខាងគ្រូពេទ្យតែងប្រាប់ពីមូលហេតុថា ជំងឺនោះបានបង្កឡើងពីជាតិគីមីម្យ៉ាង។
ចំណែកលោក ស្រាំង សឿន ប្រជាពលរដ្ឋរស់នៅក្នុងភូមិពូទឺត ឃុំប៊ូស្រាលើកឡើងដែរថា ក្រុមហ៊ុនវៀតណាមនេះ តែងបោះចោលធុងផ្ទុកថ្នាំបាញ់ស្មៅប្រើរួច ចូលទៅក្នុងអូរជ្រោះប៊ូស្រា ស្របពេលទឹកក្នុងអូរនេះ ត្រូវបានពលរដ្ឋ ដែលផ្ទះពុំទាន់មានអណ្ដូង តែងចុះទៅងូត និងដងយកទៅប្រើប្រាស់ជាប្រចាំថ្ងៃ។ ពលរដ្ឋរូបនេះបន្តថា លោកក៏ធ្លាប់មានកូនឈឺដោយសង្ស័យថាបង្កឡើងពីទឹកអូរជ្រោះប៊ូស្រានេះដែរ។
លោក ស្រាំង សឿន បាន បញ្ជាក់ថា៖ «អាក្មេងអាយុ ៨-៩ ឆ្នាំ វាតែងទៅងូតទឹកអូរហ្នឹង អាខ្លះកើតរមាស់ អាខ្លះក្រហមភ្នែកអ៊ីចឹង»។
ភ្នំពេញប៉ុស្តិ៍ នៅមិនទាន់រកប្រភពទាក់ទងក្រុមហ៊ុន ដាក់ឡាក់ របស់វៀតណាមនោះដើម្បីបញ្ជាក់ពីបញ្ហាលើកឡើងខាងលើបានទេពីម្សិលមិញ។
ប៉ុន្តែលោក តាត់ យ៉េន អធិការស្រុកពេជ្រាដា ដែលបានដឹកនាំគណៈកម្មការជំនាញមានទាំងមន្ត្រីខាងសុខាភិបាល និងបរិស្ថានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងក្រុមហ៊ុន បានលើកឡើងថា តាមពិតក្រុមហ៊ុនចម្ការកៅស៊ូរបស់វៀតណាមនេះ ពិតជាខ្វះបច្ចេកទេសក្នុងការគ្រប់គ្រងជ័រកៅស៊ូ និងការចម្រាញ់ជ័រកៅស៊ូ និងបានធ្វើឱ្យធ្លាយទឹកស្អុយមែន ប៉ុន្តែលោកថា មិនមែនហូរចូលអូរជ្រោះប៊ូស្រា ដែលមានសារជាតិគីមី និងមានលក្ខណៈធ្ងន់ធ្ងរដូចពលរដ្ឋលើកឡើងឡើយ។
លោកបន្ថែមថា៖ «ដូចថា មានជំងឺឈឺថ្កាត់ដោយសារជាតិគីមី គឺវាមិនទាន់ដល់ថ្នាក់ហ្នុងទេ វាគ្រាន់តែថា ខ្វះបច្ចេកទេសក្នុងការគ្រប់គ្រង និងចម្រាញ់ជ័រអីផ្សេងៗ មានចេញពីជ័រមានទឹកស្អុយចូលស្រះ ហើយវាអាចជ្រាបចូលអូរ វាមានមែន»។
ទោះយ៉ាងណា អធិការរូបនេះបន្តថា ខាងក្រុមហ៊ុនបានឯកភាពជាមួយពលរដ្ឋដើម្បីដោះស្រាយបញ្ហាទាំងនេះហើយ។
ដោយឡែកលោក អ៊ាង ម៉េងលី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស (អាដហុក) ប្រចាំខេត្តមណ្ឌលគិរី លើកឡើងថា ក្រុមហ៊ុនវៀតណាមនេះ អាចត្រូវបានដកអាជ្ញាប័ណ្ណឬលុបចោលអាជ្ញាប័ណ្ណប្រសិនបើធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។
លោកបន្តថា៖ «អាជ្ញាធរថ្នាក់ជាតិអាចដកអាជ្ញាប័ណ្ណហ្នឹង ផ្អាក ឬក៏លុបចោលអាជ្ញាប័ណ្ណក្រុមហ៊ុនហ្នឹងតែម្ដង ប្រសិនបើអាជ្ញាធរពាក់ព័ន្ធពិនិត្យឃើញករណីនេះធ្ងន់ធ្ងរ ឬ (ក្រុមហ៊ុន) អនុវត្តខុសឬមិនបានគោរពតាមគោលការណ៍របស់រដ្ឋាភិបាលក្នុងការគាំពារបរិស្ថានទេនោះ»៕