
កម្មករកំពុងដាំកូនឈើនៅក្នុងចំការក្រុមហ៊ុន ស៊ីងបាយអូថេក។ រូបថត សហការី
ភ្នំពេញៈ ក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា) អះអាងថា ចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៣ ក្រុមហ៊ុននឹងដាំឈើឱ្យបានជាង ៣០ លានដើម នៅលើផ្ទៃដីជាង ៣ ម៉ឺនហិកតា ដែលក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលសម្រាប់ដាំឈើប្រើប្រាស់ជាលក្ខណៈឧស្សាហកម្ម។
លោក លូ ឈូឆាង នាយកប្រតិបត្តិ ក្រុមហ៊ុនស៊ីងបាយអូថេក និងជាប្រធានសមាគមឧស្សាហកម្មកែច្នៃឈើបានលើកឡើងថា បន្ទាប់ពីមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំកាលពីចុងឆ្នាំ ២០១៨ ក្រុមហ៊ុនបានរៀបចំផែនការ ដើម្បីដាំកូនឈើជាង ៣០ លានដើម ស្ថិតនៅលើផ្ទៃដីសម្បទានទាំងអស់ទំហំ ៣៤០-០៧ ហិកតា ដែលមានទីតាំងក្នុងស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបឹងចារស្ថិតក្នុងខេត្តក្រចេះ និងស្រុកសៀមបូកខេត្តស្ទឹងត្រែង។
លោកបន្តថា ការដាំឈើទាំងនេះនឹងប្រើជាវត្ថុធាតុដើមដើម្បីកែច្នៃទៅជាផលិតផលឈើសម្រាប់ផ្គត់ផ្គង់ទៅតាមតម្រូវការចាំបាច់នៅក្នុងប្រទេស ខណៈការសាងសង់សំណង់នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញកំពុងកើនឡើងខ្ពស់។ លោកបន្ថែមថា កូនឈើទាំងនោះនឹងអាចផ្ដល់ផលហើយយកមកកែច្នៃបានគឺ ៥ ឆ្នាំបន្ទាប់ពីការដាំដុះ។
លោក លូ ឈូឆាង បានថ្លែងនៅក្នុងរបាយការណ៍មួយដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីថ្ងៃទី ១៥ ខែមករា ថា «ចាប់ពីខែវិច្ឆិកាឆ្នាំ ២០១៩ មក ក្រុមហ៊ុន ស៊ីងបាយអូថេកចាប់ផ្ដើមឈូសឆាយលើផ្ទៃដីទំហំ ៥ ០០០ ហិកតា ហើយគ្រោងនឹងចាប់ផ្ដើមដាំដុះកូនឈើនៅក្នុងអំឡុងខែឧសភា ឆ្នាំ ២០២០ លើផ្ទៃដីដែលបានឈូសឆាយទាំងអស់ដោយគ្រោងដាំឈើប្រណីតជិត ៧ លានដើម។ នៅឆ្នាំ ២០២១ និង ២០២២ ក្រុមហ៊ុនគ្រោងធ្វើការឈូសឆាយលើផ្ទៃដី ១០-០០០ ហិកតាក្នុង ១ ឆ្នាំហើយដាំកូនឈើសរុបចំនួនជាង ២៥ លានដើម»។ លោកថាគម្រោងដាំកូនឈើរបស់ក្រុមហ៊ុននឹងជួយបង្កើតការងារសម្រាប់ពលរដ្ឋប្រមាណ ១០ ម៉ឺននាក់។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ការវិនិយោគចម្ការដាំឈើនៅកម្ពុជានេះនឹងជួយកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិរួមទាំងការជួយបង្កើតការងារ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
លោកថា៖ «ការបង្កើតចម្ការឈើដាំ គឺជាយុទ្ធសាស្ដ្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើក្នុងក្របខណ្ឌឥណទានកាបូន។ ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្ដប់ប្រមាណ ៥០% នៃផ្ទៃប្រទេសដែលជាអត្រាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍»។
ទោះជាយ៉ាងណាលោក ហេង ស្រស់ សកម្មជនការពារព្រៃឈើបានលើកឡើងថា ការតាមដានចាប់ពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២០ គឺបានសង្កេតឃើញថា ក្រុមហ៊ុន ស៊ីង បាយអូថេក បានកាប់បំផ្លាញព្រៃឈើដែលមានអាយុកាលរាប់រយឆ្នាំ និងដើមជ័រច្បោះរបស់ប្រជាពលរដ្ឋ ដើម្បីដឹកទៅលក់នៅក្រៅប្រទេសដោយមិនបានដាំដើមឈើថ្មីឡើងវិញនោះទេ។
លោកបន្តថា៖ «ការដាំកូនឈើ ដើម្បីធ្វើជាវត្ថុធាតុដើមកែច្នៃទៅជាផលិតផលគឺជាលេសរបស់ក្រុមហ៊ុនទេ ព្រោះដើមឈើមួយៗដែលអាចដាំ និងយកប្រើប្រាស់បានមិនមែនតិចឆ្នាំទេ។ ដោយឡែកដើមឈើនៅក្នុងប្រទេសកម្ពុជាយើងខ្លះមានអាយុកាលរាប់រយឆ្នាំ គឺមិនមែនតិចឆ្នាំទេ ហើយមិនអាចទៅដាំដើមឈើ ៣-៤ ឆ្នាំ ហើយអាចយកមកផ្គត់ផ្គង់បាន។ អ៊ីចឹង! មានតែចូលទៅកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់ និងព្រៃសហគមន៍ដែលនៅក្រឡឹងជុំវិញរបស់ក្រុមហ៊ុនហ្នឹង»។
លោក ស្រស់ ចង់ឱ្យរដ្ឋាភិបាល ដកសិទ្ធិវិនិយោគពីក្រុមហ៊ុនស៊ីងបាយអូថេកព្រោះលោកថា ក្រុមហ៊ុននេះគឺបានយកលេសមកវិនិយោគ ដើម្បីកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ លោកក៏ចង់ឱ្យរដ្ឋាភិបាលបញ្ឈប់ការអនុញ្ញាតឱ្យនាំឈើចេញទៅក្រៅប្រទេសដែរ ព្រោះការអនុញ្ញាតរបស់រដ្ឋាភិបាលកន្លងមកបានធ្វើឱ្យមានការដឹកជញ្ជូនឈើពីកម្ពុជាទៅខាងក្រៅ ដែលបណ្ដាលឱ្យព្រៃឈើត្រូវរងការបាត់បង់ដូចសព្វថ្ងៃ។
ទោះជាយ៉ាងណាបើតាមលោក នេត្រ ភក្ត្រា បានបញ្ជាក់ថា ប្រទេស កម្ពុជា មានគម្របព្រៃឈើប្រមាណ ៥០% នៃផ្ទៃដីហើយមានទំហំជាង ៧ លាន ២ សែនហិកតា ឬស្មើនឹង ៤១% នៃផ្ទៃដីត្រូវបានបង្កើតជាតំបន់ការពារធម្មជាតិ ស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន។ លោកបន្តថា រដ្ឋាភិបាលចង់ឱ្យមានការវិនិយោគចម្ការឈើដាំឱ្យបានច្រើនថែមទៀត ដើម្បីបង្កើនភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព៕