ភ្នំពេញៈ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម ក្រុមហ៊ុន Facebook នៅថ្ងៃទី ២៤ កុម្ភៈ បានដាក់ឱ្យដំណើរការនូវកម្មវិធីចុះឈ្មោះបរិច្ចាគឈាមនៅកម្ពុជាដោយចាប់ដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមរបស់ក្រសួងសុខាភិបាល។ តាមរយៈកម្មវិធីនេះ មជ្ឈមណ្ឌលផ្តល់ឈាមចំនួន ២២ ត្រូវបានបើកដំណើរការក្នុង Facebook។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ជីវិតមនុស្សរាប់លាននាក់នៅទូទាំងពិភពលោកពឹងផ្អែកលើលទ្ធភាពទទួលបានការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងនិរន្តរភាព។ មិនថាជាការផ្ដល់ឈាមជាប្រចាំ ឬផ្ដល់ឈាមសម្រាប់ការងារសង្គ្រោះបន្ទាន់ ដូចជាគ្រោះថ្នាក់ចរាចរណ៍ ការវះកាត់ដ៏ស្មុគស្មាញ ឬផលវិបាកនៃការព្យាបាលជំងឺផ្សេងទៀតក្ដី ការផ្ដល់ឈាមមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស។ ក្នុងគំនិតនេះ មុខងារបរិច្ចាគឈាមរបស់ហ្វេសប៊ុកត្រូវបានបង្កើតឡើងដើម្បីភ្ជាប់ម្ចាស់ជំនួយដែលមានចំណាប់អារម្មណ៍ទៅនឹងធនាគារឈាម និងដើម្បីទទួលបានការគាំទ្រពីសហគមន៍។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីចុះឈ្មោះដើម្បីបរិច្ចាគឈាមតាមប្រព័ន្ធ Facebook នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងថា៖ «យើងស្វាគមន៍ គំនិតផ្តួចផ្តើមនេះហើយយើងកំពុងទន្ទឹងរង់ចាំពង្រឹងប្រព័ន្ធឌីជីថលសុខភាពរបស់យើងដោយភ្ជាប់ប្រជាពលរដ្ឋទៅកន្លែងបរិច្ចាគឈាម និងណែនាំពលរដ្ឋឱ្យផ្តល់សេវាបរិច្ចាគឈាមជាតិដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ។ យើងលើកទឹកចិត្តប្រជាពលរដ្ឋ ដែលមានចំណាប់អារម្មណ៍ចុះឈ្មោះ និងស្ម័គ្រចិត្តបរិច្ចាគឈាមដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស»។
មុខងារបរិច្ចាគឈាមរបស់ Facebook បានជួយបង្កើនការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅជុំវិញពិភពលោក។ វាផ្តល់ឱ្យមនុស្សដែលមានអាយុ ១៨-៦៥ ឆ្នាំនូវជម្រើសក្នុងការប្រើហ្វេសប៊ុកដើម្បីចុះឈ្មោះ និងទទួលបានការជូនដំណឹងពីធនាគារឈាមដែលនៅក្បែរពួកគេដើម្បីផ្ដល់ឱកាសឱ្យពួកគេបរិច្ចាគឈាម។
នៅប្រទេសកម្ពុជា ហ្វេសប៊ុកបានសហការជាមួយក្រសួងសុខាភិបាល និងអង្គការក្នុងស្រុកដទៃទៀតដើម្បីធានាថា ប្រជាពលរដ្ឋអាចទទួលបានព័ត៌មានសុខភាពដែលអាចជឿទុកចិត្តបានតាមអ៊ីនធឺណិត។ កត្តានេះក៏នឹងជួយទប់ស្កាត់ព័ត៌មានមិនពិតផងដែរដូចជាព័ត៌មានស្តីពីការព្យាបាលថែទាំជំងឺក្លែងបន្លំជាដើម។ល។
លោក ហេង ភក្តី ប្រធានគ្រប់គ្រងគោលនយោបាយសាធារណៈសម្រាប់ ប្រទេសកម្ពុជារបស់ក្រុមហ៊ុន Facebook ថ្លែងថា៖ «ហ្វេសប៊ុកសង្ឃឹមថា នឹងបង្កើតសហគមន៍ដែលគាំទ្រគ្នាទៅវិញទៅមកក្នុងគ្រាលំបាក»។
លោកបន្តថា៖ «ដោយសារតែការរីករាលដាលនៃរោគរាតត្បាតទូទាំងពិភពលោក ប្រជាពលរដ្ឋកាន់តែច្រើនកំពុងប្រើប្រាស់វេទិកាឌីជីថលដើម្បីបង្កើតការយល់ដឹងអំពីសុខភាព និងបង្កើតប្រព័ន្ធគាំទ្រ។ យើងរីករាយនឹងធ្វើការជាមួយរដ្ឋាភិបាល និងដៃគូដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបរិច្ចាគ និងធានាថា ប្រជាពលរដ្ឋកាន់តែច្រើនមានលទ្ធភាពទទួលបានការផ្គត់ផ្គង់ឈាមប្រកបដោយសុវត្ថិភាព និងនិរន្តរភាព»។
សេចក្ដីប្រកាសព័ត៌មានដដែលក៏បានគូសបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ហ្វេសប៊ុកជាង ៨៥ លាននាក់ នៅទូទាំងពិភពលោកបានចុះឈ្មោះតាមរយៈមុខងារបរិច្ចាគឈាម ដើម្បីទទួលបានការជូនដំណឹងពីធនាគារឈាមនៅក្បែរនោះ។ មុខងារនេះឥឡូវមាននៅក្នុងប្រទេសចំនួន ៣០ រួមទាំងប្រទេសកម្ពុជា ផងដែរ។ ដើម្បីស្វែងយល់បន្ថែមសូមចូលទៅកាន់គេហទំព័រ www.facebook.com/donateblood៕