ភ្នំពេញៈ ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ជួយ​ដោះស្រាយ​ទាន់ពេល​ក្រោយ​មាន​ជនអនាមិក​ចូល​អុកឡុក​ហ្វេសប៊ុ​ក​ផ្លូវការ​របស់លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​លោក​ ខៀវ កាញារីទ្ធ កាលពី​សប្ដាហ៍​មុន ក្រោយពេល​លោក​ចែកចាយ​ព័ត៌មាន​ពិត​អំពី​បញ្ហា​ព្រំដែន​កម្ពុជា​ជា​បន្ដបន្ទាប់​ក្នុង​ខែតុលា​នេះ​។ ជាការ​ឆ្លើយតប​លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អរគុណ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជូន​លោក​។

លោក​ ខៀវ កាញារីទ្ធ បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​ពី​ម្សិលមិញ​ថា នៅ​អំឡុង​បោះឆ្នោត​ឆ្នាំ​ ២០១៣ គណនី​ហ្វេសប៊ុក​របស់​លោក​ត្រូវបាន​ជន​អនាមិក​ចូលមក​អុកឡុក និង​បិទ​បាន​ម្ដង​រួចហើយ ប៉ុន្តែ​លោក​មិនបាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ជួយ​ទាញ​យក​មក​វិញ​ទេ​។ ប៉ុន្ដែ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុននេះ​មាន​ជនអនាមិក​បាន​ចូលមក​អុកឡុក​ម្ដងទៀត ក្រោយពេល​លោក​បាន​ចែកចាយ​ព័ត៌មាន​ពិត​លើ​បញ្ហា​ព្រំដែន និង​បញ្ហាដីធ្លី​របស់​កម្ពុជា​តាមរយៈ​វីដេអូ​ព័ត៌មាន​ចំនួន​ ៧ ​វីដេអូ​នៅក្នុង​ខែតុលា​នេះ​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​លើក​នេះ​នៅពេល​ដែល​ខ្ញុំ​បាន​និយាយ​អំពី​បញ្ហា​ព្រំដែន ដោយ​លើក​ឡើង​ជា​វីដេអូឃ្លីប​ចំនួន ៧ ​ក្នុង​នោះ​បាន​និយាយ​លើ​ចំណុច​ ២ ​ដែល​សំខាន់ គឺ​ខ្មែរ​បាត់​ដី​ឬ​អត់​? ដោយ​យើង​បាន​យកសម្ដី​សម្ដេចនាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន ដែល​ធ្លាប់បាន​ពន្យល់​រួចហើយ​ថា ខ្មែរ​មិន​ត្រឹមតែ​មិន​បាត់​ដី​ទេ​តែ​ដី​ឥឡូវ​វា​ធំ​ជាង​មុន​។ មួយទៀត​វីដេអូ​បាន​និយាយថា កោះត្រល់​បាត់​ទៅណា​? រឿង​នេះ​យើង​ក៏បាន​ពន្យល់​គ្រប់គ្រាន់ និង​ការលើកឡើង​ផ្សេង​ទៀត​របស់​សម្ដេចនាយក​រដ្ឋមន្ដ្រី​ទើប​ធ្វើឲ្យ​ពួក​នោះ​ខឹង​ (​ជនអនាមិក​)​ ​ទើប​ចូលមក​បិទ​ការ​ចែកចាយ​ព័ត៌មាន​ផ្សេង​លើ​ហ្វេសប៊ុក​ខ្ញុំ​»​។

លោក​ ខៀវ កាញារីទ្ធ បាន​បង្ហាញថា ក្រុម​ជនអនាមិក​បាន​បង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ជាច្រើន​គណនី​ផ្សេងគ្នា​រួច​ចូលមក​អុកឡុក​គណនី​ហ្វេសប៊ុក​របស់​លោក​រហូត​ធ្វើឲ្យ​បច្ចេកវិទ្យា​សិប្បនិម្មិត​ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​កំណត់​នៅក្នុង​ប្រព័ន្ធគ្រប់គ្រង​របស់​ហ្វេសប៊ុក​ស្រាប់​ទើប​បច្ចេកវិទ្យា​នោះ​សម្រេច​បិទ​គណនី​របស់​លោក​មិន​ឲ្យ​បន្ដ​ចែកចាយ​ព័ត៌មាន​បាន​ទៀត​តែម្ដង​។

លោក​រដ្ឋមន្ដ្រី​បន្ថែមថា​៖ «​ខ្ញុំ​បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ឲ្យ​ជួយ​បើក​ហ្វេសប៊ុក​របស់ខ្ញុំ​ឲ្យ​ដំណើរការ​ធម្មតា​វិញ​។ បន្តិចទៀត​ខ្ញុំ​នឹង​ឲ្យ​ក្រុមការងារ​ធ្វើលិខិត​ផ្ញើ​ទៅ​ក្រុមហ៊ុន​ហ្វេសប៊ុក​ដើម្បី​លុបចោល​ទាំងអស់​នៅ​គណនី​ណា​ដែល​ប្រើ​ឈ្មោះ​ខ្ញុំ​ដែល​មិន​ត្រឹមត្រូវ​»​។

លោក​បញ្ជាក់ថា គណនី​ហ្វេសប៊ុក​របស់​លោក​មាន​ ២ ​គឺ​ឈ្មោះ Kanharith Khieu និង​ឈ្មោះ Kanharith ដោយនៅ​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិលមិញ​បាន​បើក​ដំណើរការ​ជាធម្មតា​ឡើងវិញ​ហើយ​។

ទាក់ទង​នឹង​បញ្ហា​ជនអនាមិក​អុកឡុក​តាមរយៈ​បណ្ដាញ​សង្គម​ផ្សេងៗ​ដូចជា​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាដើម​នេះ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​ជូនដំណឹង​ជា​បន្ដបន្ទាប់​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប្រើប្រាស់​អ៊ីនធឺណិត​បន្ទាប់ពី​អង្កេត​ឃើញថា មាន​ជនអនាមិក​ជាច្រើន​បាន​ប្រើ​វិធីសាស្ដ្រ​ផ្សេងៗ​ជាច្រើន ដើម្បី​ចូល​អុកឡុក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​គំរាម​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

លោក​ ជា ពៅ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ក្នុង​ខែតុលា​នេះ​ថា ដោយសារ​តែ​ចំណេះដឹង​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​នានា​ដូចជា ហ្វេសប៊ុក​របស់​ពលរដ្ឋ​កម្ពុជា​នៅ​មាន​កម្រិត​ធ្វើឲ្យ​ជនអនាមិក​អាច​ជ្រៀតចូល​លួច​យក​ទិន្នន័យ​ទៅប្រើប្រាស់ និង​បោក​បញ្ឆោត​បាន​។

លោក​ថា​៖ «​ការប្រើប្រាស់​ហ្វេសប៊ុក​ពលរដ្ឋ​យើង​ទើប​តែ​ចេះ​ប្រើ​។ ដូច្នេះ​ការការពារ​របស់គាត់​នៅ​មាន​កម្រិត​ធ្វើឲ្យ​ជនល្មើស​ឆ្លៀតឱកាស​ចូល​អុកឡុក​ ឬ​ទាញ​យក​បាន​»៕