គូ​ឡា​ឡាំ​ពួៈ ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​បាន​ឃាត់​លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ឡើង​យន្តហោះ​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ទៅ​ទីក្រុង​ហ្សា​ការ​តា របស់​ប្រទេស​ឥណ្ឌូនេស៊ី​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ឥណ្ឌូនេស៊ី។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក សម រង្ស៊ី ដែល​រស់នៅ​និរទេស​ដោយ​ខ្លួនឯង​នៅក្នុង​ប្រទេស​បារាំង បាន​ស្ថិតនៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​តាំងពី​ចុង​សប្តាហ៍​មុន​បន្ទាប់ពី​លោក​បាន​ថ្លែងថា លោក​គ្រោង​ត្រឡប់មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​សៅរ៍ (០៩ វិច្ឆិកា) ដើម្បី​តវ៉ា​ប្រឆាំងនឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​ថ្លែង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ជាការ​ឆ្លើយតប​នឹង​សំណួរ​របស់​ទីភ្នាក់ងារសារព័ត៌មាន Reuters អំពី​ថា​តើ​លោក សម រង្ស៊ី ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ឡើង​យន្តហោះ​ឬ​អត់ថា៖ «ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​បដិសេធ​មិន​ឲ្យ​អ្នកដំណើរ​រូបនេះ​ឡើង​យន្តហោះ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​ឥណ្ឌូនេស៊ី»៕ PS