នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ២០២០ នេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានផ្តល់យន្តហោះពិសេសចំនួន ២ គ្រឿង ដើម្បីដឹកម៉ាស់ចំនួន ១ លាន ៥ ម៉ឺន ព្រមទាំងសម្ភារវេជ្ជសាស្ត្រជាច្រើនទៀតដែលជាអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកទៅប្រគល់ជូនរដ្ឋាភិបាលប្រទេស ទីម័រខាងកើត (ទីម័រឡេស្ត) ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតកូវីដ១៩។
ការដឹកជញ្ជូនជំនួយនេះគឺដឹកនាំដោយលោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយប្រតិភូកម្ពុជាចំនួន ១២ រូបផ្សេងទៀត ទៅកាន់ប្រទេស ទីម័រខាងកើត។
នេះគឺជាលើកទី ២ ហើយ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ដែលក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានទទួលសំណើបន្ទាន់ស្រដៀងគ្នានេះសម្រាប់ការដឹកជញ្ជូនជំនួយបែបនេះ។ លើកនេះគឺក្រុមហ៊ុនបានផ្តល់យន្តហោះពិសេសចំនួន ២ គ្រឿងដឹកជញ្ជូនម៉ាស់និងសម្ភារវេជ្ជសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ទៅកាន់ប្រទេសទីម័រខាងកើត បន្ទាប់ពីក្រុមហ៊ុនបានបំពេញភារកិច្ចដ៏សំខាន់បែបនេះ ចំពោះការដឹកជញ្ជូនជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។
បន្ទាប់ពីការរៀបចំបានយ៉ាងឆាប់រហ័ស និង យ៉ាងរលូន យន្តហោះពិសេសចំនួន ២ គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកព្រលឹមថ្ងៃទី ២ ខែ ធ្នូ នេះ។ បន្ទាប់ពីការហោះហើរដែលត្រូវចំណាយពេលប្រហែល ៥ ម៉ោង ម៉ាស់និងសម្ភារវេជ្ជសាស្ត្រទាំងនេះត្រូវបានដឹកជញ្ជូនទៅដល់ប្រទេស ទីម័រខាងកើត នៅវេលាប្រហែលម៉ោង ៩:៤៥ នាទី ម៉ោងនៅទីម័រខាងកើត នៅថ្ងៃទី ២ ខែ ធ្នូ នេះ។
យន្តហោះពិសេសនេះ បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ President Nicolau Lobato International Airport ក្នុងទីក្រុង Dili នៃប្រទេសទីម័រខាងកើតដោយសុវត្ថិភាព ហើយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា និងបានប្រារព្ធពិធីផ្តល់ប្រគល់ជំនួយនៅទីនោះតែម្តង។
គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានវិលត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញដោយសុវត្ថិភាព។ នេះគឺជាជោគជ័យថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌាអ៊ែរវ៉េ ដែលបានបំពេញភារកិច្ចនេះចប់ជាស្ថាពរតាមរយៈការដឹកជញ្ជូនម៉ាស់ និងសម្ភារវេជ្ជសាស្ត្ររបស់រាជដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ ពិតជារីករាយណាស់ ក្នុងការបំពេញនូវបេសកម្មដ៏សំខាន់មួយនេះ ដើម្បីធានាថាភារកិច្ចគឺត្រូវបញ្ចប់ដោយជោគជ័យ។
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានធ្វើរឿងស្រដៀងនេះជាច្រើនលើកច្រើនសារមកហើយ តាមរយៈការផ្តល់យន្តហោះពិសេសសម្រាប់បេសកកម្មរបស់មន្រ្តីជាន់ខ្ពស់តាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។ ប្រទេសដែលយន្តហោះពិសេសរបស់ ខេមបូឌា អ៊ែរវ៉េ បានបំពេញបេសកកម្មមានដូចជា នៅប្រទេស វៀតណាម ឡាវ មីយ៉ាន់ម៉ា និង ថៃ ជាដើម។ ហើយប្រតិបត្តិការទាំងនោះគឺទទួលបានការកោតសរសើរយ៉ាងខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នេះ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ត្រូវបានទទួលភារកិច្ចចំនួន ២ ជាប់ៗគ្នា ដែលជាការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវបេសកកម្មដ៏សំខាន់នេះ។
យើងបានបញ្ចប់ការដឹកជញ្ជូនសម្ភារវេជ្ជាសាស្ត្រទាំងនេះក្នុងរយៈពេលនៃការរៀបចំមួយដ៏ខ្លីហើយយើងបានដឹកជញ្ជូនម៉ាស់ជាង ៣,៣ លាន រួមនឹងសម្ភារវេជ្ជសាស្រ្តជាច្រើនទៀត ទៅកាន់ប្រទេស មីយ៉ាន់ម៉ា និង ទីម័រខាងកើត។
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ តែងតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ និង រដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានបេសកកម្មដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេស កម្ពុជា និង ពិភពលោក និងការតភ្ជាប់រវាងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ជាមួយនឹងការប្តេជ្ញាចិត្តមិនងាករេ យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីសម្រេចគោលដៅទាំងនេះ។ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ កំពុងខិតខំ ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាអាជីវកម្មថ្នាក់ជាតិរបស់ប្រទេសកម្ពុជា!