ភ្នំពេញៈ កាលពីថ្ងៃអង្គារម្សិលមិញក្រុមមួយដែលតំណាងឱ្យម៉ាកយីហោសម្លៀកបំពាក់ធំៗ នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុបដែលរួមមានយីហោល្បីៗមួយចំនួនដូចជា Gap, Levis និង ASOS បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងជុំវិញច្បាប់ការងារបច្ចុប្បន្ន និងរឿងក្តីក្តាំនៅតុលាការជាច្រើនដែលពួកគេបានពិពណ៌នាថា ជាការរឹតត្បិត និងជារឿងអយុត្តិធម៌។
នៅក្នុងលិខិតបើកចំហមួយ ក្រុមនេះបានអំពាវនាវឱ្យរដ្ឋាភិបាលទម្លាក់ចោលការហាមឃាត់សំណើសុំស្រាវជ្រាវឯករាជ្យមួយលើដំណើរការចរចាប្រាក់ខែអប្បបរមា និងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសស្តីពីវិវាទការងារ ដែលក្រសួងការងារបានសន្យាកាលពីខែតុលា។ នៅក្នុងលិខិតនោះបានសរសេរថា៖ «រយៈពេល ៥ ខែបានកន្លងផុតទៅ គឺមានការជឿនលឿនតិចតួចប៉ុណ្ណោះ នៅក្នុងការបំពេញការប្តេជ្ញាចិត្តទាំងនោះពីរដ្ឋាភិបាលរបស់អ្នក»។
ក្រុមនេះរួមមានសមាគមសម្លៀកបំពាក់ និងស្បែកជើងអាមេរិក (Apparel & Footwear Association) និងក្រុមហ៊ុន Ethical Trading Initiative ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានស្នើឱ្យមានជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីពិភាក្សាអំពីកង្វល់របស់ខ្លួន។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានថ្លែងថា៖ «ភាសាភាគច្រើននៅក្នុងលិខិតនោះ គឺមិនទាក់ទងហើយមិនតំណាងឱ្យការពិតទេ»។ លោកថ្លែងថាក្រសួងបានលុបចោលបម្រាមដែលបានស្នើសុំធ្វើការស្រាវជ្រាវរួចហើយក៏ដូចជាសេចក្តីព្រាងច្បាប់ស្តីពីវិវាទការងារ។ លោកសួរថ្លែងថា៖ «ក្រសួងនឹងធ្វើបច្ចុប្បន្នភាពព័ត៌មានពិតប្រាកដដល់ភាគីដែលពាក់ព័ន្ធនៅពេលដែលយើងបានទទួលលិខិតនោះជាផ្លូវការ»។
ឧស្សាហកម្មកាត់ដេរនៅកម្ពុជាដែលមានកម្មករជាង ៧០ ម៉ឺននាក់គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ហើយមន្ត្រីរដ្ឋាភិបាលបានសម្តែងការព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយបានចេញទៅក្រៅប្រទេសហើយកំពុងបញ្ចុះបញ្ចូលឱ្យក្រុមហ៊ុនម៉ាកយីហោអន្តរជាតិល្បីៗ និងអ្នកបញ្ជាទិញដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាចំពោះអ្វីដែលត្រូវបានគេអធិប្បាយថា បានធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យបានធ្លាក់ចុះ។
លោកស្រី មូរ សុខហួរ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងថា៖ «ស្ថានភាពនយោបាយ វាបានធ្វើឲ្យក្រុមហ៊ុនម៉ាកយីហោទាំងនោះព្រួយបារម្ភយ៉ាងខ្លាំង»។ លោកស្រីថ្លែងនៅក្នុងសារមួយថា៖ «ការមិនអើពើ ចំពោះការអំពាវនាវរបស់ពួកគេទាក់ទងនឹងសកម្មភាពជាក់លាក់ណាមួយ វាអាចនាំឱ្យពួកគេដកចេញ។ វាមិនល្អទេ សម្រាប់ឧស្សាហកម្មនេះនៅពេលដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះ»។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីរបស់មជ្ឈមណ្ឌលសាមគ្គីភាពអន្តរជាតិ បានលើកឡើងថាលោកចូលរួមចែករំលែកក្តីព្រួយបារម្ភដែលបានលើកឡើងនៅក្នុងលិខិតនោះរួមមានទាំងកង្វះភាពជឿនលឿនលើការដោះស្រាយការផ្តល់អនុសាសន៍ដែលលើកឡើងដោយអង្គការពលកម្មអន្តរជាតិកាលពីខែកក្កដា។
លោក ថារ៉ូ បានថ្លែងថា៖ «រហូតមកដល់ពេលនេះយើងមិនទាន់ឃើញសកម្មភាពណាមួយនៅឡើយទេ ទាក់ទងនឹងចំណាត់ការរបស់រដ្ឋាភិបាលដើម្បីអនុវត្តផែនការនោះ»។
លោកបន្ថែមថា៖ «ខ្ញុំជឿជាក់ថារដ្ឋាភិបាលអាចនឹងពិចារណាហើយនឹងចាត់វិធានការសំខាន់ៗដើម្បីកែលម្អ និងដោះស្រាយកង្វល់ទាំងនេះ»។
នៅក្នុងលិខិតរបស់ខ្លួនក្រុមនេះក៏បានរិះគន់ដល់ច្បាប់សហជីពដ៏ចម្រូងចម្រាសផងដែរ ដែលបានអនុម័តកាលពីឆ្នាំ ២០១៦ ដែលបានបញ្ជាក់ថារោងចក្រអាចតំណាងដោយសហជីពតែមួយប៉ុណ្ណោះ។
ក្រុមនេះក៏បានអំពាវនាវឱ្យបញ្ចប់ការយាយីដល់សកម្មជនការងារមួយចំនួនផងដែរ ដូចជាលោក មឿន តុលា ប្រធានអង្គការសិទ្ធិការងារហៅកាត់សង់ត្រាល់ និងលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាដែលពួកគេទាំង ២ ត្រូវបានចោទប្រកាន់ និងកំពុងប្រឈមនឹងការចោទប្រកាន់៕ NS