ភ្នំពេញៈ ក្រុមហ៊ុន​ឯកជន​ដែល​ប្រកបរបរ​លើ​ផ្នែក​ឱសថ​ស្នើ​ឲ្យ​ក្រសួង សុខាភិបាល​ជួយ​សម្រួល​ដល់​នីតិវិធី​នៃ​ការបំពេញ​បែបបទ​នាំចេញ និង​នាំចូល​ឱសថ​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​ធានា​ដល់​និរន្តរភាព និង​លើកស្ទួយ​ដល់​ធុរកិច្ច​ឱសថ​នៅ​កម្ពុជា ខណៈ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ចង់ឃើញ​វិស័យ​នេះ រីកចម្រើន និង​គោរព​តាមច្បាប់​ជា​ធរមាន​។

កាលពី​រសៀល​ថ្ងៃទី ៣១ ខែ​ធ្នូ ឆ្នាំ​មុន​ក្រុម​ការងារ​តាម​វិស័យ​មកពី​ក្រសួង​ពាក់ព័ន្ធ ដឹកនាំ​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល​បាន​បើក​កិច្ចប្រជុំ​រួមគ្នា​លើក​ទី​ ២ ជាមួយ​អ្នក​ប្រកប​វិជ្ជាជីវៈ​ឯកជន​ក្នុង​វិស័យ​សុខាភិបាល​ជិត​ ៥០ ​នាក់ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​លើ​វិស័យ​ធុរកិច្ច​ឱសថ​ក្នុង​ការនាំចូល និង​នាំចេញ​ថ្នាំ​។

នៅក្នុង​ឱកាស​នោះ​លោក ម៉ម ប៊ុនហេង និង​ក្រុមការងារ​បាន​ផ្ដោត​លើ​ចំណុច​ជាច្រើន​ដែល​ជា​បញ្ហា និង​សំណើ​ដំណោះស្រាយ​ពី​ការអនុវត្ដ​បែបបទ​សុំ​ការនាំចេញ​ឱសថ អាជ្ញាប័ណ្ណ​នាំចូល អត្រាពន្ធ​នាំចូល​រួមទាំង​បញ្ហា​វត្ថុធាតុដើម​ក្នុង​ការផលិត​ឱសថ និង ការចុះ​បញ្ជិកា​ឱសថ​ផងដែរ​។ នេះ​បើ​តាម​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​។

លោកស្រី​បញ្ចាក់​ថា​៖ «​យើង​បាន​ជជែក​គ្នា ដោយ​លើក​ពី​ហេតុផល​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​វិស័យ​ឱសថ រឿង​បញ្ហា​នាំ​ថ្នាំ​ចូល និង​នាំ​ថ្នាំ​ចេញ​ដែល​ក្រុមហ៊ុន​ក្នុង​វិស័យ​ឯកជន​នេះ លោក​បាន​ស្នើសុំ​។ ប្រធានបទ​នេះ​យើង​បាន​ជជែក​គ្នា​តាំងពី​កិច្ចប្រជុំ​លើក​ទី​ ១ ​ក្នុង​ការជួយ​សម្រួល​ដល់​វិស័យ​ធុរកិច្ច​ឱសថ​ក្នុង​វិស័យ​ឯកជន ដើម្បី​លើកស្ទួយ​ និង​សម្រួល​ទៅដល់​ធុរកិច្ច​នេះ​ឲ្យ​មាន​ដំណើរការ​ទៅបាន​ងាយស្រួល ស្របតាម​គោលនយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​របស់​យើង​»​។

លោកស្រី​បាន​បន្ថែមថា​៖ «​យើង​បាន​ដោះស្រាយ​បញ្ហា​ និង​មាន​ការយោគយល់​គ្នា​រវាង​ឯកជន និង​វិស័យ​រដ្ឋ​របស់​យើង​ទៅលើ​នីតិវិធី​ក្នុង​ការអនុវត្ត​ប្រតិបត្តិ​សំដៅ​លើ​ការពង្រឹង​ការអនុវត្ត​បទដ្ឋាន​គតិយុត្ត និង​ច្បាប់ទម្លាប់ ជាពិសេស​ច្បាប់​គ្រប់គ្រង​ឱសថ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​ ម៉ម ប៊ុនហេង ​បាន​ទទួល​ស្គាល់​នូវ​លទ្ធផល​ល្អ​នៃ​ការពិភាក្សា ដែល​មាន​ការយល់​យោគ​គ្នា​ចំពោះ​យន្ដការ​នៃ​ការអនុវត្ដ​ដោយ​បាន​សម្រេច​ទៅ​តាម​ក្របខ័ណ្ឌ​ច្បាប់​ ឬ​បទដ្ឋាន​គតិយុត្ដ​ដែលមាន​ជា​ធរមាន​។ បន្ថែម​ពីនេះ​លោក​ក៏​បាន​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ខិតខំ​ចូលរួម​ចំណែក​ក្នុង​ការអនុវត្ដ​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ផ្នែក​ឱសថ​នេះ​។ នេះ​បើតាម​លោកស្រី​ ឱ វណ្ណឌីន​។

លោក លឹម ហេង ​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ថ្លែង​ពី​ម្សិលមិញ​ថា បញ្ហាសំខាន់ៗ​ដែល​វិស័យ​ឯកជន​ពាក់ព័ន្ធ​នឹង​វិស័យ​ឱសថ​នេះ​បាន​ស្នើ​នោះ​គឺ​ការធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​នីតិវិធី​នៃ​ការបំពេញ​បែបបទ​នាំចេញ​​ និង​នាំចូល​ឱសថ​បាន​ឆាប់រហ័ស​ដោយ​មិន​មាន​ការរាំងស្ទះ ឬ​ត្រូវ​ចំណាយ​ពេលវេលា​យូរពេក​នោះ​ទេ​។

លោក​បន្តថា​៖ «​ជា​ការពិត​ណាស់ ច្បាប់​យើង​ត្រូវតែ​គោរព​ទាំងអស់​គ្នា​។ គ្រាន់តែ​យើង​ជឿថា ច្បាប់​នឹង​មិន​បង្ក​ការលំបាក​ឲ្យ​អ្នករកស៊ី​ទេ​។ កន្លងមក​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​ដោយសារ​តែ​ការស្នើសុំ​នេះ​មាន​ការយឺតយ៉ាវ ពេលខ្លះ​វា​យឺត​ដោយសារ​មន្ត្រី​ពេល​ខ្លះ​វា​យឺត​ដោយសារ​ក្រុមហ៊ុន​ឯកជន​ខ្លួនឯង​។ ដូច្នេះ​យើង​ត្រូវ​ប្តេជ្ញា​ទាំងអស់​គ្នា​ថា​ត្រូវ​ធ្វើឲ្យ​ល្អប្រសើរ​ទាំងអស់​គ្នា​»​។ បន្ថែម​ពីនេះ​លោក លឹម ហេង ក៏​ចង់​ឲ្យ​វិស័យ​សុខាភិបាល​ និង​មន្ទីរពេទ្យ​រដ្ឋ​ទាំងអស់ បង្កើន​ការប្រើប្រាស់​ឱសថ​ដែល​ផលិត​នៅក្នុង​ស្រុក​ដែល​ជា​ផលិតផល​របស់​ខ្មែរ​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វិស័យ​ផលិត​ឱសថ​នៅ​កម្ពុជា​មាន​ដំណើរការ​ល្អ​។

បើតាម​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បច្ចុប្បន្ន​កម្ពុជា​មាន​ក្រុមហ៊ុន​ផលិត​ឱសថ​ក្នុងស្រុក​ចំនួន​ ១០ ​ដែល​កំពុង​ដំណើរការ​ផលិត​ឱសថ​ជាច្រើន​ប្រភេទ​។

បើតាម​ប្រកាស​កែសម្រួល​របស់​ក្រសួង​សុខាភិបាល​ស្តីពី​បែបបទ អាហរ័ណ នីហរ័ណ ចុះ​ថ្ងៃទី​ ០៣ ខែ វិច្ឆិកា​ ឆ្នាំ​ ២០០៨ ឲ្យ​ដឹងថា ឱសថ​ដែល​អនុញ្ញាត​ឲ្យ​នាំ​ចូលមក​តាំង​លក់​ក្នុង​ប្រទេស​ កម្ពុជា ​ត្រូវ​មាន​លេខ​បញ្ឆាការ​យល់ព្រម​ពី​ក្រសួង​សុខាភិបាល ហើយ​ឱសថ​ដែល​នាំចូល​នោះ​ត្រូវ​មាន​សុពលភាព​ប្រើ​យ៉ាងតិច ១៨ ​ខែ នៅពេល​មកដល់​កម្ពុជា​។ ប្រកាស​ដដែល​នេះ​ក៏​បាន​បញ្ជាក់ដែរថា ចំពោះ​ឱសថ ឱសថ​បង្ការ​ (​សេរ៉ូម​វ៉ាក់សាំង​) និង​ប្រតិករ​ដែល​មាន​រយៈពេល​ប្រើ​ទាប​ជាង ១៨ ​ខែ​ត្រូវមាន​សុពលភាព​ប្រើ​យ៉ាងតិច ២/៣ នៃ​រយៈពេល​ប្រើប្រាស់ នៅពេល​មក​ដល់​កម្ពុជា​៕