The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​១៤​សន្យា​មិន​ឡើង​ថ្លៃ​ខណៈ​មាន​ការ​អំពាវនាវ​ពី​នាយក​រដ្ឋ​មន្ត្រី​

ក្រុមហ៊ុន​១៤​សន្យា​មិន​ឡើង​ថ្លៃ​ខណៈ​មាន​ការ​អំពាវនាវ​ពី​នាយក​រដ្ឋ​មន្ត្រី​

Content image - Phnom Penh Post
អ្នក​ដំណើរ​ក្នុង​ពេល​នាំ​គ្នា​មក​រង់ចាំ​ទិញ​សំបុត្រ​ជិះ​រថយន្ត​នា​ពេល​កន្លង​មក។ ហុង មិនា

ក្រុមហ៊ុន​១៤​សន្យា​មិន​ឡើង​ថ្លៃ​ខណៈ​មាន​ការ​អំពាវនាវ​ពី​នាយក​រដ្ឋ​មន្ត្រី​

​ភ្នំពេញៈ ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ចំនួន​១៤​បាន​សន្យាថា​នឹងមិន​ឡើងថ្លៃ​សំបុត្រ​ដើម្បី​សម្រួល​ដល់​ការ​ចំណាយ​របស់​ពលរ​ដ្ឋ​ក្រីក្រ ជាពិសេស​កម្មករ​រោងចក្រ ខណៈ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ចូន​បាន​អំពាវនាវ​ជាថ្មី​កុំឱ្យ​រថយន្ត​ឈ្នួល​ឡើង​ថ្លៃ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​។​

​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាលពី​ម្សិលមិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជាថ្មី​កុំឱ្យ​រថយន្ត​ឈ្នួល​ឡើង​ថ្លៃ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ និង​បានស្នើ​ដល់​អ្នក​បើកបរ​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​បើកបរ ជាពិសេស​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​គូស​បញ្ជាក់​ថា​៖«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នៅ​រដូវ​បុណ្យ​ភ្ជុំ​ឆ្នាំនេះ សូម​អំពាវនាវ​ចំពោះ​រថយន្តឈ្នួល​ទាំងឡាយ​កុំ​ឡើង​ថ្លៃ អំពាវនាវ​អ៊ីចឹង តែ​គាត់​មិន​ស្តាប់ ហើយ​យើង​វា​អត់​ឡាន​ជិះ​អ៊ីចឹង​ចេះតែ​ជិះ​ទៅ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អ្នកបើកបរ​របស់​យើង​ក្នុងការ​ធ្វើដំណើរ​ទៅ​ទីជិត​ទី​ឆ្ងាយ​ដើម្បី​ចូលរួម​ភ្ជុំ​ឆ្នាំ​នេះ​សូម​ធ្វើដំណើរ​ដោយ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​...»​។​

​ជាមួយ​គ្នា​នេះ​ដែរ ក្នុងជំនួប​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល ជាមួយ​តំណាង​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​កាលពី​ម្សិលមិញ​មាន​ក្រុមហ៊ុន​ចំនួន​១៤​សន្យាថា​នឹងមិន​ដំឡើងថ្លៃ​សំបុត្រ​រថយន្ត​ឡើយ​។ លោក​ថា​៖«​ម្សិលមិញ​នេះ មាន​១៤​ក្រុមហ៊ុន​ដែល​បាន​សន្យា​ប្តេជ្ញាចិត្ត​ចូលរួម​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច ថា​មិន​ឡើងថ្លៃ​ទេ ក្នុងឱកាស​ភ្ជុំបិណ្ឌ​ខាងមុខ​នេះឯង អ៊ីចឹង​សូម​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មិន​ឡើង​ថ្លៃ ខ្ញុំ​មិន​យល់​ពី​មុនមក​ឱ្យតែ​ដល់ពេល​បុណ្យទាន​ចេះតែ​ឡើងថ្លៃ​»​។ យ៉ាងណា​ក៏ដោយ ក្រសួង​មិនមាន​ចំណាត់​ការ​លើ​ក្រុមហ៊ុន​ដែល​នៅតែ​ឡើងថ្លៃ​ទេ​។ លោក​ថា​៖ «​រឿង​ច្បាប់​យើង​មិនទាន់​មានលទ្ធភាព​ព្រោះ​ជាទី​ផ្សារសេរី​តែ​យើង​គ្រាន់តែ​អំពាវនាវ​និង​ជួយ​ផ្សព្វផ្សាយ​ដល់​ក្រុមហ៊ុន​ដែល​យល់ព្រម​មិន​ឡើងថ្លៃ​និង​ផ្សព្វផ្សាយ​កុំឱ្យ​ពលរដ្ឋ​ទៅ​ជិះ​រថយន្ត​ដែល​ឡើងថ្លៃ​»​។​

​ជារឿយៗ​ឱ្យតែ​ដល់​រដូវ​បុណ្យជាតិ​ធំៗ​លោក​នាយក​រដ្ឋមន្ត្រី​តែងតែ​អំពាវនាវ​ឱ្យ​ម្ចាស់​រថយន្ត​ដឹក​អ្នក​ដំណើរ​កុំ​ឡើងថ្លៃ តែ​មិន​សូវ​ទទួល​លទ្ធផល​ឡើយ ខណៈដែល​ម្ចាស់​ក្រុមហ៊ុន​នៅតែ​ឡើងថ្លៃ​ដោយ​អះអាង​ថា ពេល​រដូវ​បុណ្យទាន ក្រុមហ៊ុន​ក៏បាន​ឱ្យ​លុយ​បន្ថែម​ម៉ោង​ដល់​អ្នកធ្វើការ​នៅពេល​នោះដែរ​។​

​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ សាខា​នៅ​ភ្នំពេញ​លោក នៅ គា​វីរៈ ដែល​បាន​បើក​ដំណើរការ​ជិត​១០​ឆ្នាំ ថ្លែងថា ការមិន​ឡើងថ្លៃ​ជាការ​ចូលរួម​ជួយ​សង្គម ពិសេស​អ្នកក្រីក្រ​បាន​មួយកម្រិត​។ លោក​ថា​៖«​យើង​ចង់​ជួយ​ដល់​សង្គម​ខ្លះ ហើយ​ពាក់ព័ន្ធ​ដល់​បងប្អូន​ទូទាំងប្រទេស​ដែល​ធ្វើដំណើរ​ទៅគ្រប់​ខេត្ត​ក្រុង​អ៊ីចឹង​កាត់បន្ថយ​ចំណាយ​។ បើតាម​លោក នៅ គា​វីរៈ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន​លោក​មិន​បាន​ដំឡើងថ្លៃ​សំបុត្រ​រថយន្ត​ទេ​ប៉ុន្តែ​កាលពី​ប្រមាណ​៥​ឆ្នាំមុន​គឺ​ដំឡើង​ថ្លៃ​ក្នុង​ពេល​បុណ្យទាន ដោយសារ​ប្រេង​ឡើងថ្លៃ​។

​លោក​ថា​៖ «​ពីមុនមក​ធ្លាប់​ឡើង​ថ្លៃ​ពាក់ព័ន្ធ​ប្រេង​ថ្លៃ ហើយ​យើង​ត្រូវ​បន្ថែម​លុយ​ដល់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ថ្ងៃ​បុណ្យ អ៊ីចឹង​យើង​ដំឡើងថ្លៃ​ដែរ តែមួយ​រយៈ​ចុង​ក្រោយនេះ​ប្រេង​ធូរ​ថ្លៃ​គ្រាន់បើ​អ៊ីចឹង​យើង​អត់​ដំឡើងថ្លៃ​ទេ​»​។ ទោះបីជា​យ៉ាងនេះ​ក្ដី​លោក​ថា ក្រុមហ៊ុន​បាន​ណែនាំ​អ្នក​បើកបរ​របស់​ខ្លួន​ឱ្យ​មាន​ការប្រុង​ប្រយ័ត្ន​ជាង​មុន ពិសេស​គឺ​ការគោរព​ចរាចរណ៍​ក្នុង​ពេល​បុណ្យទាន​។​

​តាម​របាយការណ៍​របស់​ក្រសួង​សាធារណការ​បានឱ្យដឹង​ថា ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ទាំង​១៤ ដែល​មិន​ដំឡើង​ថ្លៃ​នោះ​រួម​មាន ក្រុមហ៊ុន​កាពីតូល ក្រុមហ៊ុន​វីរៈ​ប៊ុនថាំ ក្រុមហ៊ុន ថុង​សម្បត្តិ ក្រុមហ៊ុន​ម៉ីហុង ដឹក​អ្នក​ដំណើរ ក្រុមហ៊ុន ផល​បូផាន់​ត្រេន​ស្ព័ត​ខូអិលធីឌី, ក្រុមហ៊ុន​ដាក​ក្រហម ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​ឡារីតា ក្រុមហ៊ុន​វ៉ាង​រ៉ិច ក្រុមហ៊ុន GIANTIBIS Transport ក្រុមហ៊ុន​ហ្គោល​ដេន​បាយ័ន​អ៊ិច​ប្រេស ក្រុមហ៊ុន រិទ្ធ មុនី ដឹក​អ្នក​ដំណើរ ក្រុមហ៊ុន​ពន្លឺ​អង្គរ​ខ្មែរ​ដឹក​ជញ្ជូន ក្រុមហ៊ុន​ណាហ្គា​ត្រេន​ស្ព័ត​និង​ក្រុមហ៊ុន​NATTAKAN​ដឹក​អ្នក​ដំណើរ ជាដើម​៕

អត្ថបទគួរចាប់អារម្មណ៍