The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ប្តឹង​អតីត​បុគ្គលិក​ជិត​២០​នាក់




ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ប្តឹង​អតីត​បុគ្គលិក​ជិត​២០​នាក់

ក្រុមហ៊ុន​ភ្នំពេញ​សូរិយា​ប្តឹង​អតីត​បុគ្គលិក​ជិត​២០​នាក់

20140507_05
បុគ្គលិកក្រុមហ៊ុនភ្នំពេញសូរិយា ធ្វើការតវ៉ា នាពេលកន្លងមក ផា លីណា

ភ្នំពេញៈ ក្រុមហ៊ុន ភ្នំពេញ​សូរិយា ដឹក​ជញ្ជូន​អ្នក​ដំណើរ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលា​ដំបូង​រាជធានី ប្រឆាំង​នឹង​អតីត​អ្នក​បើកបរ​រថយន្ត​ដែល​ធ្វើ​ការ​តវ៉ា​ជិត ២០ នាក់​ពី​បទ​ញុះញង់​គំរាម​កំហែង​និង​ប្រើ​ប្រាស់​សម្លៀក​បំពាក់​ក្រុមហ៊ុន​ខុស​ច្បាប់។

លោក ចាន់ សុផាន់ណា នាយក​គ្រប់​គ្រង​ក្រុមហ៊ុន ភ្នំពេញ​សូរិយា បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ប្តឹង​អតីត​អ្នក​បើកបរ​ឡាន​កាល​ពី​ពីរ​សប្តាហ៍​មុន។

លោក​និយាយ​ថា៖ «យើង​បាន​ប្តឹង​ពួក​គេ ពី​បទ​ប្រើ​ប្រាស់​ឯក​សណ្ឋាន​ក្រុមហ៊ុន​ខុស​ច្បាប់ ក្នុង​ពេល​តវ៉ា​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​ក្រុមហ៊ុន​ញុះញង់ និង​បទ​គំរាម​កំហែង។ យើង​បាន​ប្តឹង​អ្នក​ទាំង​អស់ ដែល​ពាក់​ព័ន្ធ​ជា​ពិសេស​មនុស្ស ៨​នាក់ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​រួច​ហើយ»។

លោក សុផាន់ណា បន្ត​ថា លោក​បាន​ប្រាប់​ពួក​គេ​ជាច្រើន​ដង​កុំ​ឲ្យ​ស្លៀក​ពាក់​ឯកសណ្ឋាន​ក្រុមហ៊ុន​យក​ទៅ​ធ្វើ​ការ​តវ៉ា ឬ​ចូល​រួម​ហេតុ​ការណ៍​អ្វី​មួយ​ដោយ​មិន​មាន​ការ​អនុញ្ញាត ព្រោះ​ពួក​គេ​លែង​ជា​បុគ្គលិក​ក្រុមហ៊ុន​ទៀត​ហើយ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រើ​ប្រាស់​ឯកសណ្ឋាន​របស់​ក្រុមហ៊ុន​ទៀត។ «យើង​ត្រូវ​តែ​ប្តឹង​ពួក​គេ ព្រោះ​យើង​មិន​អាច​ទុក​ឲ្យ​ពួក​គេ​ធ្វើ​បែប​នោះ​តទៅ​ទៀត​បាន​ទេ។ ពួក​គេ មិន​ត្រឹម​តែ​ប្រើ​ប្រាស់​ឯកសណ្ឋាន​ក្រុមហ៊ុន​ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​គំរាម​កំហែង​បុគ្គលិក​ផ្សេង​ទៀត ដែល​បដិសេធ​មិន​ព្រម​ចូល​រួម​តវ៉ា​ជាមួយ​ពួក​គេ​ទៀត​ផង»។ លោក​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​បើក​បរ ៨ នាក់​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​និង​អ្នក​បើក​បរ ១០ នាក់​ផ្សេង​ទៀត​បាន​បោះបង់​ចោល​ការងារ​ដោយ​ខ្លួន​ឯង។

លោក សម្បត្តិ វន ប្រធាន​សហជីព​ដែល​ទើប​តែ​បង្កើត​ឡើង បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា អនុ​ប្រធាន​សហជីព លោក យឹម គុយបា និង​សកម្មជន​ឈ្មោះ ធន់ វិសាល បាន​ទទួល​ដីកា​កោះ​រួច​ហើយ​កាល​ពី​ថ្ងៃ​អង្គារ ដោយ​តុលាការ​ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ។ លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ មិន​ដឹង​ថា តើ​ក្រុមហ៊ុន​នឹង​ប្តឹង​ខ្ញុំ​ឬ​អត់​ទេ ព្រោះ​ខ្ញុំ​មិន​បាន​ទទួល​ដីកា​កោះ​ទេ»។

លោក វន បាន​បញ្ជាក់​ថា អ្នក​ធ្វើ​ការ​តវ៉ា មិន​បាន​ញុះញង់ ឬ​គំរាម​កំហែង​នរណា​ម្នាក់​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក យឹម គុយបា អនុ​ប្រធាន​សហជីព​ដែល​ទើប​បង្កើត​ថ្មី​សម្រាប់​ក្រុមហ៊ុន ភ្នំពេញ​សូរិយា បាន​ថ្លែង​ថា លោក​មិន​ទាន់​ប្រាកដ​ទេ​ថា នឹង​ត្រូវ​ទៅ​បំភ្លឺ​នៅ​តុលាការ​ឬ​យ៉ាង​យ៉ាង​ណា​ទេ ដោយ​សារ​លោក​ជាប់​រវល់​ខ្លាំង​ពេក។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​អាច​ទទួល​យក​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​បាន​ទេ។ ក្រុមហ៊ុន​បាន​បណ្តេញ​ខ្ញុំ​ចេញ​ពី​ការងារ ប៉ុន្តែ​ខ្ញុំ មិន​អាច​ទទួល​យក​ការ​បណ្តេញ​ចេញ​នេះ​បាន​ទេ។ ដូច្នេះ​ខ្ញុំ នៅ​តែ​ជា​បុគ្គលិក​ក្រុមហ៊ុន​ហើយ​ខ្ញុំ​នៅ​តែ​មាន​សិទ្ធិ​ស្លៀក​ពាក់​ឯកសណ្ឋាន​ក្រុមហ៊ុន​ដដែល»។ លោក គុយបា បញ្ជាក់​ថា លោក មិន​ដែល​ញុះ​ញង់ ឬ​គំរាម​កំហែង​នរណា​ម្នាក់​ដូច​ការ​ចោទ​ប្រកាន់​របស់​ក្រុមហ៊ុន​នោះ​ទេ។

ជាមួយ​គ្នា​នេះ ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​បាន​កោះ​ហៅ​លោក សម្បត្តិ វន និង​តំណាង​របស់​ក្រុមហ៊ុន ឲ្យ​ទៅ​ជួប​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ។

លោក វន ថ្លែង​បន្ត​ថា៖ «ខ្ញុំ រំពឹង​ថា ក្រុម​ប្រឹក្សា​អាជ្ញាកណ្តាល​នឹង​ផ្តល់​លទ្ធផល​ល្អ​សម្រាប់​ពួក​យើង ព្រោះ​យើង មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​ទេ។ យើង​គ្រាន់​តែ​ទាម​ទារ​ប្រាក់​ខែ​បន្ថែម លក្ខខណ្ឌ​ការងារ និង​ឲ្យ​អ្នក​បើក​បរ​ទាំង ១៨ នាក់​ចូល​ធ្វើការ​វិញ​តែ​ប៉ុណ្ណោះ។ យើង​នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ម្តង​ទៀត​ប្រសិន​បើ​យើង​មិន​ទទួល​បាន​នូវ​យុត្តិធម៌​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​នោះ»៕ NR

អត្ថបទគួរចាប់អារម្មណ៍