ភ្នំពេញៈ ក្រុម​ហ៊ុន ទ្រី ភាព អេន​ជីនា​រីង និងខន​ស្រ្ដាក់​សិន បាន​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​លោ​ក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើ​ម្បី​សិក្សា​បូម​ស្ដារនិង​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ ចាប់​ពី​ចំណុច​ច្រក​ព្រំដែ​ន​កម្ពុជា-វៀត​ណាម ក្អម​សំណ រហូត​ដល់ ខេត្ត​កំពង់​ចាម ក្រចេះ និង​ទន្លេ​បាសាក់​ផង​ដែរ​។ នេះ​បើតាម​លិខិត​មួយ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី។

លិខិត​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ជ្រា សុចិន្តា រដ្ឋ​លេខា​ធិការ​ទីស្ដី​ការ​គណៈ​រដ្ឋ​​មន្រ្តី ដែល​បាន​ផ្ញើ​ទៅ​កាន់​រដ្ឋ​មន្រ្តី​ក្រសួង​ធន​ធាន​ទឹក នៅ​ថ្ងៃ​ទី​ ៧ ខែ​ ឧសភា​​ ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី ១ ខែ​ ឧសភា លោក​នាយក​រដ្ឋ​មន្រ្តី ​បាន​ចារ​លើ​លិខិត​ស្នើសុំ​គោល​ការណ៍​អនុញ្ញាត​ចុះ​សិក្សាបូម​ស្ដារនិ​ង​​​ធ្វើ​ច្រាំង​ទន្លេ​មេគង្គ​ របស់​ក្រុមហ៊ុន ទ្រី ភាព​ អេន​ជីនារីង និង​ខន​ស្រ្ដាក់​សិននិង​បាន​សម្រេ​ច​ឱ្យ​រដ្ឋ​មន្រ្តី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក លឹម គាន​ហោ ​បើក​កិច្ច​ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ និង​ផ្ដល់​មតិ។

ទោះ​​យ៉ាង​ណា លិខិត​ពុំ​បាន​បញ្ជាក់​អំពី​ព័ត៌មាន​លម្អិត​ទេ​​។ ជុំវិញ​ការ​ស្នើសុំ​បូម​ស្ដារ​ និង​ធ្វើ​ច្រាំង​ទន្លេ​នេះ ភ្នំពេញ​ប៉ុស្ដិ៍​ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បន្ថែ​​មពី​អ្នក​នាំ​ពាក្យ​ក្រសួង​ ធន​ធាន​ទឹក និង​ឧតុនិយម​លោ​ក ចាន់ យុត្ថា បាន​ទេ ដោយ​លោ​ក​​មិន​ព្រម​លើក​ទូរស័ព្ទ រីឯ​លោក យស មុនីរ៉ាត់ អគ្គនា​យកនៃ​អគ្គនាយក​ដ្ឋាន​ធន​ធាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមព​ល លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​លោក ទិត្យ សុធា អ្នក​នាំពាក្យ​ទីស្ដីការ​គណៈ​រដ្ឋមន្រ្តី សុទ្ធ​តែ​បាន​ឆ្លើយ​ថា ពួក​លោក​ពុំបាន​ដឹង​រឿង​នេះ​ទេ​ ស្រប​ពេល​លោក​ ជ្រា សុចិន្តា មិន​ទាន់​មាន​ប្រភព​អាច​ទាក់ទង​បាន។

ជាមួយ​គ្នា​នេះ ខាង​ភាគី​ ក្រុម​ហ៊ុន ទ្រី ភាព អេន​ជីនារីង​និង​ខន​ស្ដ្រាក់​សិន ក៏មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​បាន​ដែរ កាល​ពី​ម្សិលមិញ​ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល៕