ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ត្រូវ​បាន​ធានារ៉ាប់រង និង​ទទួលស្គាល់​ប្រព័ន្ធ​អនុវត្ត​ផលិតកម្ម​ល្អ (GMP) និង​ប្រព័ន្ធ​វិភាគ​គ្រោះថ្នាក់​នៅ​ចំណុច​ត្រួតពិនិត្យ​សំខាន់ (HACCP) តាម​ស្តង់ដា​អន្តរជាតិ និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការលើកកម្ពស់ ប្រព័ន្ធ​ស្តង់ដា​ផលិត​ចំណីអាហារ​ដែលមាន​គុណភាព និង​សុវត្ថិភាព​ឈានមុខ​គេ​នៅ​កម្ពុជា​។

ដោយ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ ២៥ ​ឆ្នាំ ក្រុមហ៊ុន ស៊ីភី ខេមបូឌា ចំកាត់ បាន​ឈានដល់​សមិទ្ធផល​ដ៏សំខាន់​ថ្មី​មួយ កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ​កន្លងទៅ នៅពេល​ដែល​ក្រុមហ៊ុន​ផលិត និង​កែច្នៃ​ចំណីអាហារ​ដ៏ល្បី​មួយ​នេះ​ទទួល​បាន​ធានារ៉ាប់រង និង ទទួលស្គាល់​ប្រព័ន្ធ​អនុវត្ត​ផលិតកម្ម​ល្អ (GMP) និង​ប្រព័ន្ធ​វិភាគ​គ្រោះថ្នាក់​នៅ​ចំណុច​ត្រួតពិនិត្យ​សំខាន់ (HACCP)​។

នៅក្នុង​សុន្ទរកថា​អបអរសាទរ​របស់​ឯក​អគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ឯកឧត្តម Panyarak Poolthup មានប្រសាសន៍​ថា​៖ «​ក្រុមហ៊ុន ស៊ីភី ខេមបូឌា បាន​ពុះពារ​គ្រប់​ឧបសគ្គ​ក្នុងការ​អភិវឌ្ឍ​ប្រព័ន្ធ​ផលិត​ចំណីអាហារ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដែល​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​លើកកម្ពស់​ស្តង់ដា​ការផលិត និង​ការបរិភោគ​នៅ​កម្ពុជា​»​។

ឯកឧត្តម​បន្ថែមថា​៖ «​ការទទួល​បាន​នូវ​ប្រព័ន្ធ​ស្តង់ដា​នេះ​ជា​គ្រឿង​សម្គាល់​មួយ​ដែល​បញ្ជាក់​ពី​ស្តង់ដា​ផលិតផល​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែល​មាន​គុណភាព ដើម្បី​ចែកចាយ​ដល់​ប្រជាជន​កម្ពុជា​ហើយ ថែមទាំង​ជួយ​ដល់​ផលិតផល​ថៃ​នៅ​កម្ពុជា​ឱ្យ​មាន​ការពេញនិយម និង​មាន​ទំនុកចិត្ត​ខ្លាំង​ឡើងៗ ហើយ​ការទទួល​បាន​នូវ​វិញ្ញាបនបត្រ GMP & HACCP លើក​នេះ​ជា​សមិទ្ធផល​ដ៏ធំធេង​មួយ​របស់ CP ដែល​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រតិបត្តិ​អាជីវកម្ម​មួយ​នេះ​ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​នាពេល​អនាគត មិនតែ​ប៉ុណ្ណោះ​បាន​ជួយ​ពង្រឹង​ចំណងមិត្តភាព​រវាង​ថៃ​ និង​កម្ពុជា​ឱ្យមាន​ភាពរឹងមាំ​យូរអង្វែង​»​។

ចក្ខុវិស័យ​ដែល​ឆ្ពោះ​ទៅរក “​ផ្ទះបាយ​ពិភពលោក​” ក្រុមហ៊ុន​ផ្តោត​ទៅ​លើ​ការអភិវឌ្ឍ​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព ដោយ​ផ្តោតលើ​សសរស្តម្ភ​ចំនួន​ ៣ ​គឺ​ផ្តល់​អត្ថប្រយោជន៍​ដល់​ដល់​ប្រទេសជាតិ ដល់​ប្រជាជន និង​ដល់​ក្រុមហ៊ុន​។

ការទទួល​បាន​ការទទួល​ស្គាល់​ប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ចំណី​អាហារ​របស់ខ្លួន​នេះ អាជីវកម្ម​ក្រុមហ៊ុន​ស៊ីភី​គ្របដណ្តប់​ជាច្រើន​ប្រភេទ​ក្នុង​នោះ គឺ​ផលិត និង​កែច្នៃ​ចំណីអាហារ​ដែល​មាន​ស្តង់ដា និង​គុណភាព​នៅក្នុង​ចង្វាក់​ផលិតកម្ម​ចំណី​របស់ខ្លួន​។

លោក Thanachit: គុណភាព​គឺ​តែងតែ​ជា​បេះដូង​នៃ​ក្រុមហ៊ុន​របស់​យើង​។

លោក Thanachit Sriboonlue ក្រុមប្រឹក្សាភិបាលរង​នៃ​ក្រុមហ៊ុន ស៊ីភី ​ថ្លែងថា​៖ «​ការទទួល​បាន​ប្រព័ន្ធ​ស្តង់ដា​អន្តរជាតិ GMP, HACCP លើក​នេះ​ចាត់ទុក​ជា​រឿង​សំខាន់​ក្នុង​ការជួយ​លើកស្ទួយ​ប្រព័ន្ធ​ស្តង់ដា​ផលិតកម្ម​ល្អ​ក្នុងប្រទេស​កម្ពុជា ជួយ​ឱ្យ​ប្រជាជន​កម្ពុជា​អាច​ចូល​ទៅរក​អាហារ​ដែលមាន​គុណភាព និង​សុវត្ថិភាព ម្យ៉ាងទៀត​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​ប្រជាជន​ខ្មែរ​ផងដែរ​។ «​គុណភាព​គឺ​តែងតែ​ជា​បេះដូង​នៃ​ក្រុមហ៊ុន​របស់​យើង​។ វា​គឺជា​ការផ្តោត​សំខាន់បំផុត​ដែល​ជំរុញ​ដំណើរ ការផលិតផល​ចំណីអាហារ​សម្រេច​សម្រាប់​ការបរិភោគ​របស់​អតិថិជន​»​។

«​រឿង​ដែល​យើង​យកចិត្ត​ទុកដាក់ និង​ជឿជាក់​នោះ​គឺ​រឿង​គុណភាព និង​សុវត្ថិភាព​របស់​ចំណីអាហារ ព្រមទាំង​ប្រព័ន្ធ​ផលិត​ដែល​បាន​ទទួលស្គាល់​ដោយ​ប្រព័ន្ធ​ស្តង់ដា​អន្តរជាតិ​។ ទាំងអស់​នេះហើយ គឺ​ធ្វើ​ឡើង​ដើម្បី​បង្កើត​ទំនុកចិត្ត​ដល់​អតិថិជន និង​អ្នកប្រើប្រាស់​»​។

លោក ម៉ៅ ធីរ៉ា ប្រធាន​នាយកដ្ឋាន​បញ្ញត្តិកម្ម​នៃ​វិទ្យាស្ថាន​ស្តង់ដា​កម្ពុជា​នៃ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្លែង​ថា​៖ «​ក្រុមហ៊ុន​ស៊ីភី​ទទួលបាន GMP នេះ​បាន​ន័យថា រោងចក្រ​របស់គាត់​មាន​ការអនុវត្ត​យ៉ាងត្រឹមត្រូវ​ចាប់​តាំងពី​ឃ្លាំង​ស្តុក​វត្ថុធាតុដើម រហូត​ដល់​ផលិតផល​សម្រេច​។ រាល់​ចំណុច​នៃ​ការសាងសង់​ទាំង​ឃ្លាំង ទាំង​លំហូរ​ចូល​នៃ​ចរន្ត​មនុស្ស លំហូរ​ចេញ​នៃ​ទឹក​កខ្វក់ លំហូរ​ចូល​នៃ​ខ្យល់ គឺមាន​ចរន្ត​ច្បាស់លាស់ អនុវត្ត​នូវ​អនាម័យ ធានា​បាន​នូវ​គុណភាព​»​។

«​ចំពោះ HACCP គឺជា​ប្រព័ន្ធ​មួយ​ដែល​ផ្តោត​ទៅលើ​ការពិនិត្យ​យ៉ាង​ហ្មត់ចត់​នៃ​ចំណុច​ដែល​អាចបង្កើត​ហានិភ័យ​ដល់​ខ្សែចង្វាក់​ផលិតកម្ម ដូច្នេះ​នៅពេល​ដែល​ក្រុមហ៊ុន​ស៊ីភី​ទទួលបាន​វិញ្ញាបនបត្រ​ទាំង​ ២ ​នេះ​កាន់តែ​បញ្ជាក់ថា ក្រុមហ៊ុន​នេះ​បាន​គ្រប់គ្រង​ផលិតផល​របស់ខ្លួន​មាន​ការយកចិត្ត​ទុកដាក់ និង​ប្រុងប្រយ័ត្ន​បំផុត​ដែល​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​។ ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹង​អនុវត្ត ហើយ​ធានាបាន​នូវ​គុណភាព សុវត្ថិភាព​ម្ហូបអាហារ ហើយ​សង្ឃឹមថា​ក្រុមហ៊ុន​ផ្សេងទៀត​ និង​ព្យាយាម​អនុវត្តតាម​ក្រុមហ៊ុន ស៊ីភី ​ដែរ​»​។

លោក នៅ ស៊ីណាត បុគ្គលិក​ជំនាញ ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ផលិតផល​អាហារ​ប្រែ​រូប​ក៏​បាន​លើកឡើង​ថា​៖ «​ក្នុងនាម​ជា​អ្នកបម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន​ស៊ីភី ខ្ញុំ​រីករាយ​ណាស់​ដែល​ក្រុមហ៊ុន​ទទួល​បាន​វិញ្ញាបនបត្រ GMP និង HACCP នៅថ្ងៃនេះ​។ យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​ទទួល​បាន​សមិទ្ធផល​ដូច​ថ្ងៃនេះ​។ សម្រាប់​ចង្វាក់​នៃ​ការផលិត គឺ​យើង​មាន​ការកែប្រែ​ច្រើន​ដើម្បី​ធ្វើឱ្យ​ប្រាកដ​ថា ផលិតផល​ដែល​យើង​ផលិត​ចេញមក គឺមាន​គុណភាព និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​ក្នុងប្រទេស​កម្ពុជា​»​។

ក្នុងនោះ​លោក ហេង ម៉េង ឃាង ដែលជា​អាជីវករ​ក៏​បាន​លើកឡើង​ថា​៖ «​ខ្ញុំ​ធ្វើ​អាជីវកម្ម​ជាមួយ​ក្រុមហ៊ុន ស៊ីភី ​អស់​រយៈពេល​ ៦ ​ឆ្នាំ​ហើយ​ហើយ​ការទទួលស្គាល់​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​អាជីវកម្ម​របស់ខ្ញុំ​។ ផលិតផល​របស់​ ស៊ីភី គឺ​ផលិតឡើង​តម្រូវ​រសជាតិ​អាស៊ី ហើយ​អតិថិជន​តែងតែ​លើកឡើង​ថា ផលិតផល​ស៊ីភី​គឺមាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ការវេចខ្ចប់​បានល្អ​»​។

អត្ថប្រយោជន៍​នៃ​ការទទួលបាន GMP និង HACCP និង​ជួយ​កសាង​ទំនុកចិត្ត​អតិថិជន​កាន់តែ​ខ្លាំង ក៏ដូចជា​ផ្តល់​និរន្តរភាព​ដល់​ក្រុមហ៊ុន​។ ការឈាន​ឆ្ពោះទៅមុខ​នេះ ក្រុមហ៊ុន​បាន​ប្តេជ្ញាចិត្ត​បន្ត​ធ្វើការ​ស្រាវជ្រាវ​បន្ថែមទៀត និង​ផលិត​នូវ​ផលិតផល​ចំណីអាហារ​ដែលមាន​គុណភាព​ខ្ពស់ និង​រសជាតិ​ឈ្ងុយឆ្ងាញ់ រួមទាំង​ការអភិវឌ្ឍ​ផលិតផល​ថ្មីៗ​ដើម្បី​បំពេញ​តាម​ចំណង់​ចំណូលចិត្ត និង​តម្រូវការ​របស់​អ្នកប្រើប្រាស់​គ្រប់​វ័យ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្រុមហ៊ុន​ ស៊ីភី ខេមបូឌា ប្រតិបត្តិការ​អាជីវកម្ម កសិឧស្សាហកម្ម​ចំណីអាហារ​គ្រប់​ប្រភេទ​ឈានមុខ​គេ​នៅ​កម្ពុជា​ក្នុង​នោះ​ចែកជា​ ៣ ​ប្រភេទ​ធំៗ​មាន​អាជីវកម្ម​ផលិត​ចំណី​សត្វ ចិញ្ចឹមសត្វ និង​អាជីវកម្ម​ចំណីអាហារ ព្រមទាំង​អាជីវកម្ម​លក់រាយ​ជាច្រើន​ទៀត​៕