ក្រចេះ/ស្ទឹងត្រែងៈ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ីងបាយអូថេក អះអាង​ថា ក្រុមហ៊ុន​គ្រោង​ដាំ​កូនឈើ​ ១០ ​លានដើម​លើ​ផ្ទៃដី​ជិត​ ១ ​ម៉ឺន​ហិកតា​បន្ថែម​​ទៀត ក្នុង​រយៈពេល​ ៤ ​ខែ គិត​ចាប់ពី​ខែ​​ឧសភា​ដល់​ខែសីហា ឆ្នាំ​ ២០២១ ​នៅ​ខេត្តក្រចេះ និង​ស្ទឹងត្រែង ខណៈ​ក្រុមហ៊ុន​កំពុង​រក​ដៃគូ​សហការ​ដាំ​បន្ថែមទៀត​។ ​នេះ​បើតាម​របាយការណ៍​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួលបាន​កាលពី​ថ្ងៃ​ ២៥ ឧសភា​។

លោក លី ឈូឆាង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស៊ីងបាយអូថេក​បានបញ្ជាក់​ក្នុង​របាយការណ៍​នេះ​ថា ក្នុង​រយៈពេល​ ៤ ​ខែ​គិត​ចាប់ពី​ខែឧសភា​ដល់​ខែសីហា​ឆ្នាំ​ ២០២១ ក្រុមហ៊ុន​គ្រោង​ដាំ​កូនដើម​ប្រេងខ្យល់​ឱ្យបាន​ប្រមាណ​ ១០ ​លាន​ដើម​នៅលើ​ផ្ទៃដី​ទំហំ​ ៨ ៥០០ ​ហិកតា​។ តាម​ផែនការ​គ្រោងទុក ការដាំដុះ​ជំហាន​ទី​ ១ ​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២៥ ​ខាងមុខ​លើ​ផ្ទៃដី​ប្រមាណ​ ១០ ​ម៉ឺនហិកតា​ដែល​ស្មើនឹង​កូនឈើ​ប្រមាណ​ពី​ ១០០ ​លាន​ដើម ទៅ​ ១២០ ​លាន​ដើម​។

លោក លូ ឈូឆាង បានឱ្យដឹងថា​៖ «​ក្រុមហ៊ុន​នឹង​បង្កើនល្បឿន​នៃ​ការដាំដុះ​ដោយ​ក្នុង​ឆ្នាំ​ ២០២១ ​នេះ ដាំ​ឱ្យ​បាន​ ១០ ​លាន​ដើម និង​បង្កើន​បន្ថែម​នៅ​ឆ្នាំ​បន្ទាប់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រើប្រាស់​ឈើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ឈើ​ដែល​​បច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រូវការ​ខ្លាំង ជាពិសេស​នៅក្នុង​វិស័យ​សំណង់​» ។

បើតាម​លោក លូ ឈូឆាង ចាប់ពី​ឆ្នាំ​ ២០១៨ ដល់​ឆ្នាំ​ ២០២០ ក្រុមហ៊ុន​បាន​ដាំ​កូនឈើ​ប្រភេទ​ប្រេងខ្យល់​បាន​ប្រមាណ​ ៣,៦ ​លាន​ដើម​រួចហើយ ដែលជា​ការចាប់​ផ្តើមដំបូង​។ លោក​ថា រហូត​មក​ទល់​ពេលនេះ ក្រុមហ៊ុន​ដាំ​កូនឈើ​លើដី​បាន​ចំនួន​ជាង ៥ ០០០ ​ហិកតា​លើ​ផ្ទៃដី​សរុប ៣៤ ០០៧ ​ហិកតា ដែល​ក្រុមហ៊ុន​បាន​ទទួល​សិទ្ធិ​ប្រើប្រាស់​ដីព្រៃ​រេចរឹល​របស់​រដ្ឋ​នៅ​លើដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​បឹង​ចារ​នៅក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

លោក​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ក៏​​បាននិង​កំពុង​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍ​ដាំ​ចម្ការ​ឈើ​សម្រាប់​បម្រើ​វិស័យ​ឧស្សាហកម្ម​ឈើ​កែច្នៃ​នៅ​កម្ពុជា​ផងដែរ ដោយ​ពេលនេះ​កំពុង​ខិតខំ​ពិភាក្សា​ជាមួយ​ពលរដ្ឋ និង​សហគមន៍​​ដែលមាន​ដី​ទំនេរ​នៅ​តំបន់​នោះ​ ដើម្បី​សហការ​ដាំ​កូនឈើ​ជា​លក្ខណៈ​ដៃគូ​ដែល​អាចបង្កើត​ការងារ និង​បង្កើន​ជីវភាព​ជូន​ពលរដ្ឋ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​​កំពុងតែ​ជំរុញឱ្យ​មាន​ការវិនិយោគ​ដាំ​ចម្ការ​ឈើ​ឱ្យបាន​ច្រើន​ដើម្បី​បង្កើន​ភាពបៃតង និង​បង្កើត​ប្រភព​ឈើ​សម្រាប់​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។

លោក​ថ្លែងថា​៖ «​សារប្រយោជន៍​​នៃ​ចម្ការ​ឈើ គឺ​គេ​អាច​យក​ផល​មកប្រើប្រាស់ កែច្នៃ ចាប់តាំងពី​គល់​រហូត​​ដល់​ចុង ហើយ​វា​ក៏បាន​ចូលរួម​ក្នុង​ការបង្កើត​នូវ​គម្រប​បៃតង និង​ដើរតួនាទី​​សំខាន់​ណាស់​ជំនួស​ការប្រើប្រាស់​ឈើ​ធម្មជាតិ​កាត់បន្ថយ​សម្ពាធ​លើ​ការប្រើប្រាស់​ឈើ​ធម្មជាតិ​» ។

បើតាម​លោក ភក្ត្រា ចម្ការ​ឈើ​ដាំ​ដែល​បាននិង​កំពុង​រីកដុះដាល​នៅ​កម្ពុជា​​នឹង​ជួយ​កាត់បន្ថយ​ការនាំ​ចូល​វត្ថុ​ធាតុ​​ដើមឈើ​កែច្នៃ​ពី​បរទេស និង​បង្កើត​ប្រភព​ឈើ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ស្រុក ខណៈ​ធនធាន​ធម្មជាតិ​ព្រៃឈើ​បាន​ដើរតួនាទី​យ៉ាងសំខាន់​​ក្នុងការ​ចូលរួម​ថែរក្សា​ប្រព័ន្ធ​អេកូឡូស៊ី​​នៃ​ភពផែនដី​សម្រាប់​ពលរដ្ឋ​នៅលើ​ពិភពលោក​។

ក៏ប៉ុន្តែ​លោក ជា ចំរើន ប្រធាន​អង្គការថែរក្សា​បរិស្ថាន និង​កសិកម្ម​បាន​ថ្លែងថា ការដាំ​ដើម​ប្រេងខ្យល់​មិនអាច​​ការពារ​បរិស្ថាន​បានទេ ព្រោះ​ដើមឈើ​​នេះ​ពេល​ធំ​ឡើង​ពេញ​តម្រូវការ គេ​នឹង​កាប់​យកទៅ​ប្រើប្រាស់ ហើយ​ការដាំ​ដើម​ប្រេងខ្យល់​នេះ​ទៀតសោត​មាន​ការបំផ្លាញ​ធ្ងន់ធ្ងរ​ដល់​គុណភាព​ដី​។

លោក​ថា​៖ «​កន្លែង​ណា​ដែល​បាន​ដាំ​ដើម​ប្រេងខ្យល់​ហើយ​វា​អត់​អាច​ទ្រទ្រង់​រុក្ខជាតិ​ថ្មី​បានទេ ហើយ​ការដាំ​ដើម​​ឈើ​នេះ មិន​បម្រើ​ផល​ដល់​ផ្នែក​សេដ្ឋកិច្ច​ប៉ុន្មាន​ទេ វា​ប៉ះពាល់​ដល់​អនាគត​របស់​សេដ្ឋកិច្ច​ខាង​កសិកម្ម​»​។

យ៉ាងណាក្ដី លោក នេត្រ ភក្ត្រា បាន​អះអាង​ថា អ្វីដែល​បានឮ​ពី​មុន​អំពី​​ដើម​ប្រេងខ្យល់​គ្រាន់តែ​ជា​ពាក្យ​ចចាមអារ៉ាម​ និង​ការបង្អាក់​ឧស្សាហកម្ម​ចម្ការ​ឈើ​ដាំ​ប៉ុណ្ណោះ​។ ព្រោះ​អ្នកជំនាញ​ថា បច្ចុប្បន្ននេះ ជាមួយ​បច្ចេកវិទ្យា​ទំនើប វិធីសាស្ត្រ​ផលិត​ និង​ការថែទាំ​តាម​កម្រិត​ស្តង់ដា ការដាំ​ដើម​ប្រេងខ្យល់​ដែល​ក្រុមហ៊ុន​បាននិង​កំពុង​ធ្វើ​នៅ​កម្ពុជា មិន​បង្ក​ផលប៉ះពាល់​ដល់​​គុណភាព​ដី​នោះទេ​។

លោក​ថ្លែងថា​៖ «​បណ្តា​ប្រទេស​ក្នុង​តំបន់​ និង​ប្រទេស​អភិវឌ្ឍន៍​ក៏បាន​ដាំ​ប្រភេទ​ដើម​ប្រេងខ្យល់​នេះ​ ដើម្បី​បម្រើឱ្យ​ឧស្សាហកម្ម​ឈើ​កែច្នៃ​ដែរ​។ ដើម​ប្រេងខ្យល់​ងាយស្រួល​ដាំដុះ លូតលាស់​លឿន ហើយ​សាច់​ឈើ​មាន​គុណភាព​ល្អ​ដែល​នឹងចូលរួម​កាត់បន្ថយ​សម្ពាធ​លើ​ការប្រើប្រាស់​ឈើ​​ធម្មជាតិ និង​ចូលរួម​ការពារ​ និង​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​»៕