ភ្នំពេញៈ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកា​កោះ​ដល់​លោក លី សាម៉េត អគ្គនាយករង​ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ឲ្យ​ចូល​មក​តុលាការ​នៅ​ថ្ងៃទី​ ២២ ខែ​សីហា មក​ឆ្លើយ​បំភ្លឺ​ពី​ដំណើររឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ប្រមាថ តាម​បណ្ដឹង​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល​។ ​យោង​តាម​ដីកា​កោះ​របស់​លោក ខាំ សុផារី ព្រះរាជអាជ្ញារង​ដែល​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​ ១០ ខែ​សីហា​។

លោក ម៉ៅ ភិរុណ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ម្សិលមិញ​ថា​លោក លី សាម៉េត បាន​សរសេរ​បរិហារកេរ្តិ៍​ប្រមាថ​លោក​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ដែល​កំពុង​នៅក្នុង​តំណែង​ជា​អភិបាលខេត្ដ​បំពេញ​ការងារ​តាម​ផ្លូវ​ច្បាប់ ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​ត្រឹមត្រូវ​។

លោក ភិរុណ ថ្លែង​ថា​៖ «​ការយក​រឿង​ការងារ​ទៅ​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​បរិហារកេរ្តិ៍ និយាយ​គំរាម​កំហែង​មក​លើ​បុគ្គល​ខ្ញុំ ខ្ញុំ​សូម​ជម្រាប​ថា​ក្នុង​នាម​ខ្ញុំ​ជា​អភិបាលខេត្ដ ខ្ញុំ​បាន​បំពេញ​ការងារ​តាម​ផ្លូវ​ច្បាប់​តាមរយៈ​រដ្ឋាភិបាល និង​មន្ដ្រី​ជំនាញ​។ ដូច្នេះ​យើង​គ្មាន​ជម្រើស​អ្វី​ទេ​មាន​តែ​អនុវត្ដ​តាម​ផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​ហ្នឹង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ហ្នឹង​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។ យើង​ឃើញ​ហើយ​ដីកា​ដែល​តុលាការ​គេ​កោះ​ហៅ​នោះ​។ នេះ​គ្រាន់​តែ​ជា​រឿង​ផ្ដើម​មួយ​ទេ នៅ​មិន​ទាន់​អស់​រឿង​ផង​។ ​នេះ​ខ្ញុំ​គ្រាន់​តែ​ប្ដឹង​ពី​បទ​បរិហារកេរ្តិ៍ និង​គំរាម​ប្រមាថ​មួយ​ទេ ដែល​និយាយ​បង្កាច់​បង្ខូច និយាយ​ប្រមាថ​និយាយ​តាម​តែ​ការនឹក​ឃើញ​មិន​យល់​ពី​ការងារ​មិន​យល់​ពី​ច្បាប់​»​។

លោក​អភិបាលខេត្ត​អះអាង​ថា​ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ដែល​មាន​លោក លី សាម៉េត ដែល​បាន​តាំង​ខ្លួន​ថា ជា​អគ្គនាយករង​ក្រុមហ៊ុន​នោះ​គាត់​កំពុង​តែ​ធ្វើ​ការងារ​មិន​តាម​ច្បាប់​ទេ​។ ក្រុមហ៊ុន​នេះ​ធ្វើ​ការងារ​តាំងពី​ដើម​ទី​មក​មិន​គោរព​តាម​ច្បាប់​បែប​នេះ​ហើយ ទើប​ចេះ​តែ​មាន​បញ្ហា​គឺ​គាត់​មិន​គោរព​តាម​ច្បាប់​ដែល​រដ្ឋាភិបាល​ឲ្យ​អនុវត្ដ​គាត់​មិន​ធ្វើ​តាម​។

លោក ម៉ៅ ភិរុណ បាន​អះអាង​ផង​ដែរ​​ថា​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​សកម្មភាព​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​បាន​ឈូស​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ដែល​ជា​កម្មសិទិ្ធ​របស់​ប្រជាពលរដ្ឋ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​អាស្រ័យ​ផល​នៅ​លើ​ផ្ទៃដី​របស់​គេ និង​ចុងក្រោយ​ក្រុមហ៊ុន​នេះ​បាន​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ជា​បន្ដបន្ទាប់​ទៀត​។

តាមរយៈ​គេហទំព័រ​ហ្វេសប៊ុក​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា លី សាម៉េត បាន​អះអាង​កាលពី​ម្សិលមិញ​ថា លោក​អភិបាលខេត្ត​កណ្តាល ម៉ៅ ភិរុណ បាន​យក​ដី​ក្រុមហ៊ុន​ទៅ​លក់​ធ្វើ​របាយការណ៍​កុហក​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​កុហក​នាយករដ្ឋមន្ត្រី​ពេល​នេះ​ប្រជាជន​នៅ​ឃុំ​កំពង់​អុស​ទាំង​មូល​ដឹងឮ​អស់​ហើយ ហើយ​ប្រជាជន​ទាំងអស់​ព្រម​មក​ធ្វើ​ជា​សាក្សី​ទាំងអស់​គ្នា​។

សារ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​លោក ម៉ៅ ភិរុណ បាន​កុហក​ប្រជាពលរដ្ឋ យក​ស្នាម​មេដៃ​ពួកគាត់​ទៅ​គាំទ្រ​នាយករដ្ឋមន្ត្រី តែ​ផ្ទុយ​ទៅ​វិញ​បាន​យក​ស្នាម​មេដៃ​ប្រជាជន​ធ្វើ​របាយការណ៍​កុហក​នាយករដ្ឋមន្ត្រី ហើយ​យក​ដី​ក្រុមហ៊ុន​ទៅ​លក់​ចែក​អ្នក​មាន និង​ឧកញ៉ា​មួយ​ចំនួន​។

លោក សាម៉េត បាន​បញ្ជាក់​ថា​៖ «​ខ្ញុំបាទ​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​មាន​ទាំង​វីដេអូឃ្លីប​ដែល​លោក ភិរុណ បាន​បញ្ជា​កូនចៅ​ថ្នាក់​ក្រោម​ឲ្យ​ទៅ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក ភិរុណ បាន​អះអាង​ថា​ករណី​រឿង​ប្រមូល​ស្នាម​មេដៃ​គឺជា​រឿង​មួយ​ផ្សេង​ទៀត​។

លោក​ថ្លែង​ថា​៖ «​តិច​ទៀត​គេ​សួរ​ហើយ ដែល​ថា​ស្នាម​មេដៃ​នោះ​មាន​ឈ្មោះ​អី​ខ្លះ​? យក​ទៅ​កុហក​សម្ដេច​តេជោ​នោះ កុហក​រឿង​អី​? ហើយ​ឯកសារ​ណា​ដែល​បាន​សរសេរ​ថា​ខ្ញុំ​បាន​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ទៅ​ដាក់​ឲ្យ​សម្ដេច​តេជោ​?»​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក លី សាម៉េត បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ដោយ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ដឹង​អាថ៌កំបាំង​ច្រើន​ណាស់ អ្វី​ដែល​ខ្ញុំ​ហ៊ាន​និយាយ ខ្ញុំ​បាទ​នឹង​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ពីព្រោះ​លោក ម៉ៅ ភិរុណ បាន​យក​ដី​ក្រុមហ៊ុន​ទៅ​លក់​យ៉ាង​ពិតប្រាកដ​មិន​អាច​ប្រកែក​បាន​។ ទេវតា​ដឹងឮ មេឃ​ដី​ដឹងឮ ហើយ​នៅ​ថ្ងៃទី​ ១៥ ឬ​ថ្ងៃ​ទី​ ១៦ សីហា​នេះ​ខ្ញុំ​បាទ​នឹង​ចេញ​ឃ្លីប​វីដេអូ ដើម្បី​បញ្ជាក់​ពី​ការពិត​ចំពោះ​បុគ្គល លោក​អភិបាល​ខេត្ត​កណ្តាល លោក ម៉ៅ ភិរុណ តែ​ម្នាក់​គត់​»​។

ហ្វេសប៊ុក​លោក លី សាម៉េត បាន​អះអាង​ផង​ដែរ​ថា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ដី​ជម្លោះ​របស់​ក្រុមហ៊ុន​មាន​ដូចជា​លោក​ ភឹម ភីរ៉ា ជា​អភិបាលស្រុក​ល្វាឯម ដែល​ជា​កូនប្រុស​របស់ លោក ម៉ៅ ភិរុណ និង​មនុស្ស​ប្រមាណ​ជាង​ ១៣ ​នាក់​ផ្សេង​ទៀត​។

លោក សាម៉េត មិន​បាន​ឆ្លើយតប​សារ​ភ្នំពេញ​ប៉ុស្តិ៍​ទេ​កាលពី​ម្សិលមិញ​ក្នុង​ការសុំ​អត្ថាធិប្បាយ​បន្ថែម​៕