ភ្នំពេញៈ ក្រុម​ហ៊ុន​​ម៉ាក Adidas ​ដែលជា​អ្នក​បញ្ជា​ទិញ​ធំ​មួយ​​ពី​កម្ពុជា​បាន​លើកឡើងថា​ សហភាព​អឺរ៉ុប​គួរ​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​រវាង​​​បទ​ប្បញ្ញត្តិ​សិទ្ធិមនុស្ស​​​​ក្នុង​គោល​នយោ​បាយ​​ពាណិជ្ជ​កម្ម​​របស់​ខ្លួន​​និង​ផល​ប៉ះ​ពាល់​​​​ពី​ការ​ដក​ការ​អនុ​គ្រោះ​​អ្វីៗគ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ ​(EBA) ពីកម្ពុជា​​ ខណៈ​សហភាព​អឺរ៉ុប​​​​សង្ឃឹម​​ថា​ នឹង​ឃើញ​មាន «​វឌ្ឍន​ភាព​​រឹង​មាំ​និង​ចី​រភាព​»​​ ពាក់​ព័ន្ធ​នឹង​បញ្ហា​​​បារម្ភ​​​នៃ​ EBA​ បន្ទាប់​ពី​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃ​នៅ​​កម្ពុជា។

បើ​យោង​តាម​របាយការណ៍​មួយ​ដែល​ភ្នំ​ពេញ​ប៉ុស្តិ៍​ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​ អ្នក​បញ្ជាទិញម៉ាក Adidas ​បាន​ថ្លែង​​ថា ពួកគេ​យល់​ស្រប​ជា​មួយ​សហ​ភាព​អឺរ៉ុប​​​ដែល​មាន​បំណង​ដោះស្រាយ​​បញ្ហា​រំលោភ​បំពាន​សិទ្ធិមនុស្ស​និង​សិទ្ធិ​ស៊ីវិល​ធ្ងន់​ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ពួក​គេ​​បាន​សូម​ឲ្យ​ពិចារណា​ថា ​ការ​ព្យួរ​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​ណា​មួយ​​ «​គួរ​​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​​អំពី​​ផល​ប៉ះពាល់​​​សេដ្ឋ​កិច្ច​ សង្គមនិង​សិទ្ធិ​មនុស្ស​​ដែល​កើត​ចេញ​ពី​ការ​ដក​​បែប​នេះ»។

​អ្នក​បញ្ជា​ទិញ​នេះ បាន​ថ្លែង​ថា ខ្លួន​ជា​អ្នក​បញ្ជា​ទិញ​មួយ​ក្នុង​ចំណោម​អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់និង​ស្បែក​ជើង​​ធំ​ៗបំផុត​​​ពី​ប្រទេស​កម្ពុជា​ដោយ​ ២៤​ ភាគ​រយ​នៃ​ផលិត​ផល​សម្លៀក​បំពាក់​​របស់​ពួក​គេ​​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ រោងចក្រ​ផ្គត់​ផ្គង់​​របស់​ពួក​គេ​​បាន​ផ្តល់​ការ​ងារ​ដល់​កម្មករ​​ជាង​ ៧០ ០០០ ​នាក់​ ​ហើយ​ក្នុង​នោះ ៩០ ភាគរយ​គឺជា​ស្រ្តី។

អ្នក​បញ្ជា​ទិញ​នេះ​​បាន​លើកឡើង​ថា ខ្លួន​ស្វាគមន៍​​ដំណើរការ​ពិនិត្យ​ស្ថាន​ភាព​​​នៅ​មូលដ្ឋាន​​និង​​ការ​ចូល​រួម​ពី​អាជ្ញា​ធរ​ និង​ភាគី​ពាក់​ព័ន្ធ​​ដើម្បី​កែ​លម្អ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​​​ និង​សិទ្ធិ ស៊ីវិល​នៅ​ប្រទេស​កម្ពុជា។

​​អ្នក​បញ្ជា​ទិញ​នេះ​បាន​ថ្លែង​ថា​៖ «​ក្នុង​ករណី​មាន​ការ​សម្រេច​ព្យួរ​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​ គណៈ​កម្មការ​អឺរ៉ុប​​គួរ​ពិចារណា​​​តម្រង់​ទិស​ដៅ​ទៅ​វិស័យ​ជាក់លាក់​​ដែល​​ជាប់​ពាក់​ព័ន្ធ​​​​​ខ្លាំង​ទៅ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ស៊ីវិល​។ ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ ខណៈ​មាន​ភាព​ល្អ​ប្រសើរ​ខ្លាំង​ គួរ​​ដក​ចេញ​ពី​ការព្យួរ​នេះ»។

​អ្នក​បញ្ជាទិញ​ Adidas បាន​ថ្លែង​ថា សហភាព​អឺរ៉ុប​ប្រឈម​មុខ​នឹង​ជម្រើស​ពិបាក​មួយ​រវាង​ការ​លើក​កម្ពស់​​​និង​ ​ការ​អនុវត្ត​អនុ​សញ្ញា​​និង​បទ​​ដ្ឋាន​​សិទ្ធិមនុស្ស​នៅ​ក្នុង​ក្រប​ខ័ណ្ឌ​​នៃ​បទប្បញ្ញត្តិ​​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ទូទៅ (GSP) និង​ការ​ធ្វើ​ឲ្យ​មាន​តុល្យ​ភាព​​ទៅ​នឹង​គំនិត​ផ្តួច​​ផ្តើម​សេដ្ឋ​កិច្ច​​​ដែល​​គាំ​ទ្រ​ការ​បង្កើត​ការ​ងារ​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​មួយ​នេះ។

​អ្នក​បញ្ជា​ទិញ​នេះ បាន​ថ្លែង​ថា ​ការ​ដក​អត្ថ​ប្រយោ​ជន៍​ពាណិជ្ជ​កម្ម​ណា​មួយ​ពី​កម្ពុជា​​អាច​​ធ្វើ​ឲ្យ​មាន​ហានិភ័យ​​​ដល់​​ភាព​រីក​ចម្រើន​នៃ​ការ​គាំ​ទ្រ​ប្រឆាំង​ភាព​ក្រីក្រ​​​​របស់​កម្ពុជា​ ​រារាំង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​​ហើយ​​វារឹត​បន្តឹង​ការបំពេញ​កាតព្វ​កិច្ច​សិទ្ធិ​មនុស្ស​សម្រាប់​វិស័យ​មួយ​ក្នុង​ចំណោម​វិស័យ​​ដែល​ងាយ​រង​គ្រោះ​បំផុត​ក្នុង​សង្គម។

អ្នក​បញ្ជា​ទិញ​នេះ​ បន្ត​ថា ​ប្រសិន​បើ​​ EBA ​​ត្រូវ​បាន​ដក​ ​ការ​អនុវត្ត​ពន្ធ​គយ​​នឹង​មាន​ចំនួន​ ១២​ ភាគ​រយ​សម្រាប់​សម្លៀកបំពាក់​ និង​ ៨ ​ភាគ​រយ​​​ដល់ ​១៧​ ភាគ​រយ​សម្រាប់​ស្បែក​ជើង។

អ្នក​បញ្ជា​ទិញ​នេះ​បាន​ព្រមាន​ថា​៖ «​​នេះ​មិន​អាច​រ៉ាប់​រង​ដោយ​អ្នក​បញ្ជា​ទិញ​ Adidas និង​អ្នក​លក់​រាយ​របស់​ខ្លួន​បាន​ទេ ​ហើយ​វា​ជា​ស្វ័យ​ប្រវត្តិ​​នឹង​នាំ​ឲ្យ​មាន​ការ​​ចាត់​ចែង​ឡើង​វិញ​ចំពោះ​​ការ​វិនិយោគ​បន្ថែម​ក្នុង​ការ​ទិញ»។

អ្នក​បញ្ជា​ទិញ​នេះ​និយាយថា ការ​ដក​អត្ថ​ប្រយោជន៍​ពាណិជ្ជ​កម្ម​​​នឹង​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​​ចំពោះ​សមត្ថភាព​​ប្រកួតប្រជែង​​​​​ធៀ​ប​ទៅ​នឹង​​ប្រទេស​អភិវឌ្ឍន៍​តិច​តួច​​​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​បន្ត​​​ទទួល​បាន GSP។ ​អ្នក​បញ្ជា​ទិញ​នេះ​បាន​បន្ត​ថា ខណៈ​ប្រាក់​ឈ្នួល​អប្បបរមា​​ក្នុង​ប្រទេស​កម្ពុជា​​​មាន​ចំនួន​​​លើស​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ន៍ដទៃ​ៗ​​ដូច​ជា ​ប្រទេស​ វៀត​ណាម កម្ពុជា​​កំពុង​បាត់​បង់​​គុណ​សម្បត្តិ​​​ប្រកួត​ប្រជែង​រួច​ទៅ​ហើយ​​ធៀប​នឹង​ប្រទេស​ទាំង​នោះ។

គណៈ​កម្មការ​អឺរ៉ុប​បាន​​ចាប់ផ្តើម​​ដំណើរ​ការ​នីតិវិធីផ្អាក​ EBA ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មុន​​នៅ​ក្នុង​នី​តិ​​វិធី​រយៈ​ពេល ១២ ​ខែ​។ កាលពី​សប្តាហ៍​មុន ​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​​បាន​​ធ្វើ​ដំណើរ​ទស្សនកិច្ច​​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​ដំណើរ​ការ​ ​ពិនិត្យ​​និង​តាម​ដាន​ ជា​ផ្នែក​​នៃ​​កិច្ច​សន្ទនា​នយោបាយ​​និង​ការ​ចូល​រួម​​ជាមួយ​​រដ្ឋាភិបាល​​កម្ពុជា។ ​

គណៈ​កម្មការ​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​​​ដោយបាន​​និយាយ​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ជា​ឱកាស​ទី ​១ សម្រាប់​កិច្ច​សន្ទនា​​​​ក្នុង​អំឡុង​​រយៈពេល​​តាម​ដាន​ និង​វាយ​តម្លៃ។

​សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា​៖ «​គណៈ​កម្មការ​អឺរ៉ុប​​និង​ EEAS សង្ឃឹម​ថា​ នឹង​ឃើញ​​វឌ្ឍន​ភាព​​​រឹង​មាំ​និង​ចីរភាព​​​នៅ​ក្នុង​គ្រប់​វិស័យ​​​នៃ​ក្តី​បារម្ភ​​ក្រោម​កិច្ច​ព្រម​ព្រៀង​ EBA ​និង​មើល​ទៅ​កម្ពុជា​​ដើម្បី​ចាត់​វិធាន​ការ​ជា​បន្ទាន់​​​​ដើម្បី​រក្សា​​ការ​ទទួល​បាន​អត្ថ​ប្រយោជន៍​​ពី​​ការ​អនុគ្រោះ​ពន្ធ​​តាម​យៈ EBA»។

​អ្នក​វិភាគ​នយោបាយ​​​​ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា របាយការណ៍​របស់​អ្នក​បញ្ជា​ទិញ Adidas ​មាន​ន័យ​ថា ​អ្នក​បញ្ជា​ទិញ​នេះ​​ទទួល​ស្គាល់​ថា ​ការ​ដក ​EBA ​នឹង​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់​និង​ស្បែក​ជើង​​ ​និង​អ្នក​នាំ​ចេញ​នានា​ទៅ​​ទីផ្សារ​សហភាព​អឺរ៉ុប។ ​ប៉ុន្តែ​ខ្លួន​កំពុង​តែ​ការ​ពារ​​អាជីវកម្ម​ផ្ទាល់​របស់​ខ្លួន​​ ហើយ​​​កំពុង​បញ្ចៀស​ផល​ប៉ះពាល់​។ ​លោក​បាន​ថ្លែង​ថា ​​វា​ជា​អត្ថ​ប្រយោជន៍​ផ្ទាល់​ខ្លួន​សុទ្ធ​សាធ​ ​ហើយ​ Adidas គួរ​ធ្វើ​​ផ្ទុយ​ពី​នេះ។

លោក​ថ្លែង​ថា​៖ «Adidas ​និង​ក្រុម​ហ៊ុន​បញ្ជា​ទិញ​ដទៃ​ៗ​ទៀត​​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​​ ផ្ទុយ​ទៅ​វិញ​ គួរ​នាំ​គ្នា​បញ្ចុះ​បញ្ចូល​រដ្ឋា​ភិបាល​​ឲ្យ​គោរព​ទៅ​តាម​លក្ខខណ្ឌ​ទាមទារ​​សិទ្ធិមនុស្ស​របស់​សហភាព​អឺរ៉ុប​​ពាក់​ព័ន្ធ​នឹង​ EBA ​ក្រែ​ងលោ​ពួក​គេ​​មើល​ឃើញ​​ថា​ ជា​អ្នក​មាន​ឆន្ទៈ​អនុវត្ត​​ប្រជា​ធិបតេយ្យ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​»។

លោក គិន ភា អគ្គ​នាយក​នៃ​វិទ្យា​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា​ ​បាន​ថ្លែង​កាល​ពីម្សិលមិញ​ថា ការ​លើក​ឡើង​របស់ Adidas គឺ​ជា​ការធ្វើ​ត្រឹម​ត្រូវ។

លោក​បាន​ថ្លែង​ថា​៖ «​​ប្រសិន​បើ​សហភាពអឺរ៉ុប​​សម្រេច​ដក​ EBA វា​នឹង​បង្ក​​ប៉ះ​ពាល់​​មិនត្រឹម​តែ​អត្ថ​ប្រយោជន៍​សម្រាប់​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​សម្រាប់ ​Adidas ផង​ដែរ​ និង​ប៉ះ​ពាល់​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល​ ២០ ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​​នៅ​ក្នុង​ការ​ជួយ​​​ជីវ​ភាព​​របស់​ប្រជាជន​កម្ពុជា​​​ឲ្យ​ប្រសើរ​ឡើង​។ សហភាព​អឺរ៉ុប​គួរ​តែ​គូស​បន្ទាត់​​ឲ្យ​ច្បាស់​មួយ​​​រវាង​​ទិដ្ឋ​ភាព​នយោបាយ​​​ និង​​ស្មារតី​ដើម​​នៃ​​ការ​ផ្តល់​ EBA សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួ​ច»៕