ក្រុមហ៊ុន Huawei Cambodia កំពុង​នាំយក​ជំនាញ​ទូរគមនាគមន៍​របស់​ខ្លួន​ដើម្បី​ជួយ​ភ្ជាប់​ទំនាក់ទំនង​រវាង​សិស្ស និង​គ្រូ​នៅ​តំបន់​ជនបទ​ក្រោម​គម្រោង​ «Together Narrowing Digital Gaps»​។

កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ ក្រុមហ៊ុន​ទូរគមនាគមន៍​ដ៏ធំ​របស់​ចិន​នេះ​បានផ្តល់​កុំព្យូទ័រ រ៉ោតទ័រ​អ៊ីនធឺណិត និង​ទូរស័ព្ទ ដល់​ដេប៉ាតឺម៉ង់​សិក្សា​អន្តរជាតិ (DIS) ​នៅ​វិទ្យាស្ថាន​ភាសាបរទេស​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

វា​គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន Huawei Cambodia ក្នុង​ការគាំទ្រ​ដល់​គម្រោង​សហគមន៍​ឆ្នាំ​ ២០២១ ដែល​ផ្តួចផ្តើម​ដោយ DIS ដែលជា​គម្រោង​សាកល្បង​ដើម្បី​គាំទ្រ​ដល់​វិទ្យាល័យ​សុខអាន​សំរោង និង​វិទ្យាល័យ​ហ៊ុនសែន​ចាន់ថ្នាល​នៅក្នុង​ខេត្តតាកែវ​។

លោក​បណ្ឌិត នាគ ចាន់ដារិទ្ធ ប្រធាន DIS ក្នុង​ពិធី​ប្រគល់​សម្ភារ​ដែល​បាន​ធ្វើឡើង​នៅ​ការិយាល័យ​ក្រុមហ៊ុន Huawei Cambodia ក្នុង​រាជធានី​ភ្នំពេញ​ថ្លែងថា​៖ «​នៅពេល​ដែល​ខ្ញុំ​ជិះ​កង់​ទៅ​តំបន់​ជនបទ​ទាំងនោះ ខ្ញុំ​ឃើញ​ថា មាន​គ្រូ​ជាង​ ១០០ ​នាក់​មិនអាច​បង្រៀន​បាន​ហើយ​សិស្ស​ចំនួន​ ២០០០ ​នាក់​ក៏​មិនអាច​សិក្សា​បាន​ទាំង​តាមរយៈ​ការ​មកកាន់​សាលារៀន​ដោយផ្ទាល់​ និង​ការសិក្សា​តាម​អនឡាញ គឺ​ជាង​ ១ ​ឆ្នាំ គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩»​។

លោក​បណ្ឌិត នាគ ចាន់ដារិទ្ធ (​រូប​ឆ្វេង​) និង​លោក Dong Yuanpeng ។ ហេង ជីវ័ន

សម្ភារ​ទាំងនេះ​នឹង​ជួយ​សម្រួល​ដល់​លោកគ្រូ-អ្នកគ្រូ និង​សិស្សានុសិស្ស​នៅ​វិទ្យាល័យ​ទាំង​ ២ ​ឱ្យ​អាច​បន្ត​ការសិក្សា​កាន់​តែមាន​ប្រសិទ្ធភាព ជាពិសេស​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​១៩ នៅពេល​ដែល​ការអប់រំ​ត្រូវបាន​រំខាន​។ ក្រុមហ៊ុន Huawei Cambodia បានប្រគល់​សម្ភារ​បច្ចេកទេស​ក្នុង​នោះ​រួមមាន​កុំព្យូទ័រ​យួរដៃ​ចំនួន​ ៤ ​គ្រឿង រ៉ោតទ័រ​អ៊ីនធឺណិត Huawei ចំនួន ៤ ​គ្រឿង និង​ស្មាតហ្វូន Huawei ចំនួន ៥ ​គ្រឿង​សម្រាប់​ជួយ​សម្រួល​ការបង្រៀន និង​ការសិក្សា​តាម​អនឡាញ​។

គំនិត​ផ្តួចផ្តើម​គម្រោង​គាំទ្រ​សហគមន៍​ឆ្នាំ​ ២០២១ មាន​គោលបំណង​កាត់បន្ថយ​គម្លាត​ប្រព័ន្ធ​ឌីជីថល និង​ជួយ​លើកកម្ពស់​ចំណេះដឹង​ឌីជីថល​នៅ​កម្ពុជា​។

លោក​ ចាន់ដារិទ្ធ ដែលជា​អ្នក​ផ្តួចផ្តើម​គម្រោង​បាន​បន្ថែមថា​៖ «​សូម្បីតែ​គ្រូបង្រៀន​មួយចំនួន​ដែលមាន​កុំព្យូទ័រ​ផ្ទាល់ខ្លួន ក៏​ពួកគាត់​មិនអាច​បង្រៀន​តាម​អនឡាញ​ដោយ​ប្រើ​ធនធាន​ដែលមាន​បានដែរ ពីព្រោះ​ពួកគាត់​ខ្វះ​ចំណេះដឹង​ប្រព័ន្ធ​ឌីជីថល ដែល​ចាំបាច់​ក្នុង​ការធ្វើឱ្យ​ការបង្រៀន និង​ការរៀនសូត្រ​របស់​ពួកគេ​កាន់តែ​មាន​ប្រសិទ្ធភាព​»​។

និស្សិត​មកពី DIS នឹងធ្វើ​ទស្សនកិច្ច​នៅ​សាលារៀន​នោះ​ដើម្បី​បណ្តុះបណ្តាល​គ្រូ និង​សិស្សានុសិស្ស​អំពី​របៀប​បង្រៀន និង​រៀន​តាម​អនឡាញ​ក្នុងអំឡុងពេល​ជំងឺ​កូវីដ​១៩៕