ក្រចេះ: នាយក​ក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង បានចាត់ទុក​សេចក្ដីរាយការណ៍​របស់​ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយចំនួន ដែល​បាន​លើកឡើង​ថា ក្រុមហ៊ុន​របស់លោ​ នៅ​ពីក្រោយ​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ និង​ព្រៃ​សហគមន៍​មួយចំនួន​ទៀត​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​។

កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ ក្រុម​សកម្មជន​ព្រៃឈើ និង​បរិស្ថាន​មួយ​ចំនួន​បាន​រាយការណ៍​ថា ក្រុមហ៊ុន Think Biotech និង​ក្រុមហ៊ុន Angkor Plywood បានធ្វើ​សកម្មភាព​ប្រមូល​ទិញ​ឈើមូល​ធំៗ ពី​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ព្រៃ​សហគមន៍​ប្រាសាទ​តាខ្មៅ​ដែល​សកម្មភាព​នេះ​បានធ្វើ​ឡើង​អស់​រយៈពេល​ជិត​ ១ ​ខែ​មកហើយ ដោយ​គ្មាន​ការចុះ​បង្ក្រាប​ពី​មន្ត្រី​ពាក់ព័ន្ធ​ណាមួយ​ឡើយ​។

បន្ទាប់ពី​មាន​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​បាន​ចុះផ្សាយ​អំពី​ករណីនេះ នាយក​ក្រុមហ៊ុន Think Biotech លោក លូ ឈូឆាង ​កាលពី​ថ្ងៃទី​ ៦ ខែធ្នូ​ បានចាត់ទុក​សេចក្ដី​រាយការណ៍​នោះ​ថា មាន​លក្ខណៈ​មួលបង្កាច់​ខុសពី​ការពិត និង​មាន​លក្ខណៈ​នយោបាយ​ប្រឆាំង​នឹង​ក្រុមហ៊ុន​របស់លោក​។ លោក​ ឈូឆាង ថ្លែងថា​៖ «​ក្រុម​សកម្មជន​បរិស្ថាន​ទាំងនោះ​កំពុង​ប្រើប្រាស់​ជំនួយ​ថវិកា​ពី​បរទេស​មក​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការរីកចម្រើន​របស់​កម្ពុជា​»​។

លោក​បន្តថា​៖ «​ក្រុមហ៊ុន​របស់​យើង​គ្មាន​ការប្រមូល​ទិញ​ឈើ​ពី​ខាងក្រៅ​ឡើយ យើង​ប្រមូល​តែ​អនុផល​ព្រៃឈើ​ក្នុង​តំបន់​ដែល​ក្រុមហ៊ុន​យើង​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ និង​ប្រើប្រាស់​ពី​រដ្ឋាភិបាល​តែប៉ុណ្ណោះ ហើយ​យើង​ក៏​បាន​បង់ពន្ធ​សួយ​សារ​តាមច្បាប់​កំណត់​ត្រឹមត្រូវ​ផងដែរ​»​។

ក្រុមហ៊ុន Think Biotech (Cambodia) ទទួលបាន​សិទ្ធិ​ប្រើប្រាស់​ដីព្រៃ​របស់​រដ្ឋ សម្រាប់​ដាំ​ដើមឈើ​ជា​លក្ខណៈ​ឧស្សាហកម្ម ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​តាមរយៈ​លិខិត​លេខ ៩៩៩ សជណ.កស ចុះ​ថ្ងៃទី​ ១២ ខែ​ សីហា ឆ្នាំ​ ២០១១ ​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​លើ​ផ្ទៃដី​សរុប​ទំហំ ៣៤ ០០៧ ​ហិកតា​ នៅ​លើដី​របស់​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​បឹង​ចារ​ស្ថិត​នៅក្នុង​ខេត្តក្រចេះ​ និង​ស្ទឹងត្រែង​។

ក្រុមហ៊ុន​នេះ​ក៏​មាន​លិខិតអនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ក្នុង​ការឈូសឆាយ​លើ​ផ្ទៃដី​ទាំងអស់​ដែល​ជា​ផ្ទៃដី​ព្រៃ​រេចរឹល​ស្ថិត​ក្នុង​ទំហំ​ដី​ដែល​បានទទួល​សិទ្ធិ​ប្រើប្រាស់ សម្រាប់​ធ្វើ​ចម្ការ​ឈើ​ដាំ បម្រើ​ក្នុង​វិស័យ​ឧស្សាហកម្ម ហើយ​ក្រុមហ៊ុន​បាន​បង់ថ្លៃ​សួយសារ និង​បុព្វលាភផល​អនុផល​ព្រៃឈើ ដែល​បាន​ពី​ការឈូសឆាយដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​នៅក្នុង​អនុតំបន់​ផ្សេងៗ​របស់ខ្លួន​ស្រប​តាម​គោលការណ៍​ច្បាប់​កំណត់​ផងដែរ​។

ជាមួយ​គ្នា​នេះ​លោក​ ឈូឆាង ក៏បាន​ឲ្យ​ដឹង​ពី​គម្រោង​អភិវឌ្ឍន៍​ចម្ការ​ឈើ​ដាំ របស់​ក្រុមហ៊ុន​ផងដែរ​ថា នៅក្នុង​រយៈពេល​ ៣ ​ឆ្នាំ​ខាងមុខនេះ (​ពី​ឆ្នាំ ២០២០ ​ដល់​ឆ្នាំ​ ២០២២) ក្រុមហ៊ុន​មាន​ផែនការ​ដាំ​កូនឈើ​ជាង ៣០ ​លាន​ដើម ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ប្រើប្រាស់​ឈើ​ក្នុង​វិស័យ​ឧស្សាហកម្ម​កែច្នៃ​ឈើ ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​ត្រូវការ​ខ្លាំង ជាពិសេស​នៅក្នុង​វិស័យ​សំណង់ ដែល​កំពុងតែ​រីកដុះដាល​យ៉ាង​ច្រើន​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​ខេត្ត​ផ្សេងៗ​ទៀត​។

បើ​តាម​លោក​ ឈូឆាង នៅក្នុង​ឆ្នាំ ២០១៩ ​នេះ​ក្រុមហ៊ុន​បានបញ្ចប់​ការដាំ​កូនឈើ​ប្រភេទ​ដើម​ប្រេងខ្យល់​បាន​ចំនួន​ ៩៣៧ ​ហិកតា​ដែល​មាន​កូនឈើ​ចំនួន ១,១ ​លាន​ដើម និង​រំពឹងថា​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ​ទៀត ក្រុមហ៊ុន​អាច​នឹង​ទទួល​ផល​ពី​កូនឈើ​ទាំងនោះ​។ ពី​ឆ្នាំ ២០១២ ​ដល់​ឆ្នាំ​ ២០១៨ ក្រុមហ៊ុន​ស៊ីងបាយអូថេក បាន​ដាំ​ចម្ការ​ឈើ​ចំនួន​ជាង ៤ ០០០ ហិកតា ​ប៉ុន្តែ​បាន​ខូចខាត​ភាគច្រើន​ដោយសារ​តែ​មាន​ភ្លើង​ឆេះ​។

លោក​បន្តថា​ចាប់ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​បានចាប់ផ្តើម​ឈូសឆាយ​លើ​ផ្ទៃដី​ទំហំ​ ៥០០០ ​ហិកតា ហើយ​គ្រោង​នឹង​ចាប់ផ្តើម​ដាំដុះ​កូនឈើ​នៅក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​ ២០២០ លើ​ផ្ទៃដី​ដែល​បាន​ឈូសឆាយ​ទាំងអស់​ដោយ​គ្រោង​ដាំ​ឈើ​ប្រមាណ​ជិត​ ៧ ​លាន​ដើម​។

លោក ឈូឆាង បាន​អះអាង​ទៀតថា​ក្រុមហ៊ុន​បាន​ចុះកិច្ចសន្យា​ទិញ​កូនឈើ​ពី​ក្រុមហ៊ុន Angkor Plywood ចំនួន​ ១០ ​លាន​ដើម​ក្នុង​ ១ ​ឆ្នាំ ដើម្បី​ធ្វើការ​ដាំដុះ តាម​ផែនការអាជីវកម្ម​របស់​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន Angkor Plywood មាន​វិទ្យាស្ថាន​បង្កាត់​ពូជ​កូនឈើ​តាម​បច្ចេកទេស​។ លោក​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន Angkor Plywood មិនមាន​ការជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការធ្វើ​អាជីវកម្ម​កែច្នៃ​ឈើ​ជាមួយ​ក្រុមហ៊ុន Think Biotech ដូច​មជ្ឈដ្ឋាន​មួយចំនួន​ចោទប្រកាន់​នោះឡើយ​»​។

ទោះជា​បែបណា​បណ្ដាញ​សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​លោក យឹម សុភ័ក្ត្រ បានចាត់ទុក​ការអធិប្បាយ​របស់លោក​ ឈូឆាង ថា ជា​ការដោះសា ដើម្បី​បិទបាំង​នូវ​សកម្មភាព​ល្មើសច្បាប់​របស់ខ្លួន​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា ការពិត ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ និង​ព្រៃឈើ​សហគមន៍​មួយចំនួន​ដែល​ស្ថិត​នៅក្បែរ​ទីតាំង​ដីសម្បទាន​របស់​ក្រុមហ៊ុន Think Biotech បាន​រង​ការកាប់​បំផ្លាញ ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​ពី​សំណាក់​ក្រុម​ជន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន​ដោយសារ​តែមាន​ក្រុមហ៊ុន Think Biotech ចាំ​ប្រមូល​ទិញ​។

លោក​បញ្ជាក់ថា​៖ «​ក្រុមការងារ​យើងខ្ញុំ​បាន​រកឃើញ​ភ័ស្ដុតាង​មួយចំនួន ដែល​បញ្ជាក់​ថា ក្រុមហ៊ុន Think Biotech មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ​គឺ ការប្រមូលទិញ​ឈើ​ខាង​ក្រៅ​តំបន់​ដីព្រៃ​សម្បទាន​របស់ខ្លួន​»​។

លោក​ សុភ័ក្ត្រ ​បន្តថា ការធ្វើ​សកម្មភាព​របស់​បណ្ដាញ​សហគមន៍​ព្រៃឡង់ ជាទូទៅ​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង មន្ត្រី​ឧទ្យានុរក្ស និង​ក្នុង​គោលបំណង​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ សម្រាប់​ជា​ប្រយោជន៍​សង្គមជាតិ​នាពេល​បច្ចុប្បន្ន និង អនាគត មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​បុគ្គល ឬ​បក្សនយោបាយ​ណាមួយ​ឡើយ​៕