ភ្នំពេញៈ ម្ចាស់​រោងចក្រ​កាត់ដេរ W&D ដែល​ស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ទី ៣ ប្រកាន់​ជំហរ​មិន​ទទួល​យក​កម្មករ​ប្រមាណ ១ ២០០ នាក់ ដែល​ខ្លួន​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា ឲ្យ​ចូល​ធ្វើការ​វិញ​នោះ​ទេ បើ​ទោះបី​ជា​កម្មករ​នៅ​តែ​បន្ត​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ កាល​ពី​ម្សិលមិញ​ក៏ដោយ។

កាលពី​ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៩ ក្រុមហ៊ុន W&D បានសម្រេច​លុប​ឈ្មោះ​កម្មករ និយោជិត​ប្រមាណ ១២០០ នាក់ ដោយ​សំអាង​ថា កម្មករ​មិន​ព្រម​ចូល​ធ្វើការ​តាម​ដីកា​សម្រេច​ចាត់​ចែង​បណ្តោះ​អាសន្ន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដែល​តម្រូវ​ឲ្យ​កម្មករ​បញ្ឈប់​ការ​ធ្វើ​កូដ​កម្ម និង​ចូល​ធ្វើការ​វិញ​ក្នុង​រយៈពេល ៤៨ ម៉ោង។ ការ​ឈាន​ដល់​មាន​ការ​សម្រេច​ពី​តុលាការ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ភាគី​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​នៅ​ពេល​ដែល​ការ​ចរចា​រវាង​ភាគី​កម្មករ និង​ក្រុមហ៊ុន មិន​ទទួល​បាន​ជោគ​ជ័យ​ពី​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

លោក តាំង ម៉េង មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន W&D បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការ​បញ្ឈប់​កម្មករ​នេះ​គឺ​ក្រុមហ៊ុន​ធ្វើ​ទៅ​តាម​ច្បាប់ ព្រោះ​តែ​កម្មករ មិន​អនុវត្ត​តាម​នីតិវិធី​របស់​តុលាការ។ លោក​អះអាង​ថា ក្រុមហ៊ុន​នឹង​មិន​ទទួល​យក​កម្មករ​ដែល​បាន​បញ្ឈប់​ទាំង​នោះ ឲ្យ​មក​ធ្វើការ​វិញ​នោះ​ទេ ព្រោះ​អ្វី​ដែល​កម្មករ​បាន​ធ្វើ​ចំពោះ​ក្រុមហ៊ុន គឺជា​កំហុស​ធ្ងន់។

លោក​ក៏​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​ការទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ ភាគី​ក្រុមហ៊ុន ក៏​គ្មាន​គោល​ការណ៍​ផ្តល់​ឲ្យ​នោះ​ដែរ គឺ​រោងចក្រ​នឹង​បើក​ប្រាក់​ខែ​ចុង​ក្រោយ​សម្រាប់​កម្មករ​តែ​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា៖ «ការ​មិន​ព្រម​របស់​កម្មករ គឺ​រឿង​របស់​ពួកគាត់​តែ​រោងចក្រ បាន​អនុវត្ត​តាម​ច្បាប់ បើ​ពួក​គាត់​មិន​ព្រម (ទទួល​ប្រាក់​ខែ​ចុង​ក្រោយ) គឺ​ផុត​កាតព្វ​កិច្ច​របស់​រោងចក្រ​ហើយ»។

មេធាវី​តំណាង​រោងចក្រ​រូបនេះ បញ្ជាក់ថា ចំពោះ​ការប្រកាស​ឲ្យ​កម្មករ​មក​បើក​ប្រាក់​ខែ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី ៨ មករា​ម្សិលមិញ ក៏​មិន​ទាន់​អាច​ធ្វើ​បាន​ដែរ ព្រោះ​តែ​ភាគី​រោងចក្រ មិន​ទាន់​អាច​រៀបចំ​កញ្ចប់​ថវិកា​ទាន់​ពេល ដែល​ជា​ហេតុ​ត្រូវ​លើក​ទៅ​ថ្ងៃ​ក្រោយ។

ការតវ៉ា​ទាមទារ​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​នេះ បាន​កើត​មាន​ឡើង​តាំង​ពី​ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ មក ដោយ​ក្នុង​នោះ​កម្មករ កម្មការិនី បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​មុខ​រោងចក្រ​របស់​ខ្លួន រហូត​ឈាន​ដល់​បិទ​ផ្លូវ ២១៧ កាល​ពី​ថ្ងៃទី ៥ មករា ឆ្នាំ ២០១៩ ដោយសារ​តែ​គ្មាន​ដំណោះ​ស្រាយ ហើយ​នៅ​ថ្ងៃ​ទី ៨ មករា ម្សិលមិញ​នេះ កម្មករ​ដែល​ត្រូវបាន​រោងចក្រ បញ្ឈប់ នៅ​តែ​បន្ត​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​រោងចក្រ និង​ព្រមាន​ថា បើ​មិន​មាន​ដំណោះ​ស្រាយ ដែល​ខ្លួន​អាច​ទទួល​យក​បាន​នោះ​ទេ នឹង​នៅ​តែ​បន្ត​តវ៉ា​ទៀត។

អ្នកស្រី ស្រី នាង ធ្វើការ​ក្នុង​រោងចក្រ​នេះ​ជាង ៥ ឆ្នាំ​មកហើយ បាន​និយាយ​ខណៈ​អង្គុយ​ផ្តុំ​គ្នា​នៅ​មុខ​ច្រក​ចូល​រោងចក្រ​ថា បើ​គ្មាន​ដំណោះ​ស្រាយ​ទេ ពួក​កម្មករ​នឹង​បន្ត​ការ​តវ៉ា​បន្ត​ទៀត ព្រោះ​ថា អ្វី​ដែល​កម្មករ​ចង់​បាន គឺ​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន។

ស្ត្រី​សម្បុរ​ខ្មៅ​ស្រអែម វ័យ​ជាង ៣០ ឆ្នាំ និង​ត្រូវ​ទទួលបន្ទុក​ចិញ្ចឹម​កូន ៣ នាក់​តែ​ម្នាក់​ឯង​រូប​នេះ និយាយ​បន្ត​ថា៖ «បើ​គ្មាន​ដំណោះ​ស្រាយ​នៅ​ធ្វើ​អ៊ីចឹង​ទៀត​ទៅ បើ​គេ​មិន​ទាន់​គិត​អ្វី​ឱ្យ​យើង​ផង ហើយ​បើ​គេ​បញ្ឈប់ គេ​គិត​ឲ្យ​យើង​ឲ្យ​អស់​មក តែ​នេះ​គេ​អត់​មាន​គិត​អី​ឲ្យ​ផង ហើយ​គេ​សរសេរ​បញ្ឈប់​ពួក​ខ្ញុំ​អ៊ីចឹង។ ក្រុមហ៊ុន​ត្រូវ​ទូទាត់​បន្ថែម ៥ ចំណុច មុន​នឹង​បញ្ឈប់​ពួក​ខ្ញុំ​បើ​មិន​បាន​ទេ នឹង​មិន​ព្រម​ដាច់​ខាត»។

បើតាម​ក្រុមកម្មករ ការដែល​កម្មករ​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន ទូទាត់​ប្រាក់​អតីតភាព​របស់​ពួក​គាត់​នេះ ព្រោះ​តែ​កម្មករ​ទាំង​អស់​បារម្ភ​នៅ​ពេល​ច្បាប់​ថ្មី បាន​អនុវត្ត​ទៅ ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​ពួក​គាត់​មាន​តាំង​ពី​ឆ្នាំ ២០០៨ រហូត ឆ្នាំ ២០១៨ នេះ នឹង​ត្រូវ​បាត់បង់ ព្រោះ​តែ​កន្លង​ទៅ​ក្រុមហ៊ុន​ធ្លាប់​បាន​សន្យា​ផ្តល់​ប្រាក់​អតីតភាព​ការងារ​នេះ ជូន​កម្មករ​ជាច្រើន​លើក​មក​ហើយ តែ​នៅ​តែ​មិន​ដោះស្រាយ​ឲ្យ។

ភ្នំពេញ​ប៉ុស្តិ៍ មិនអាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បានទេ​កាល​ពី​ម្សិលមិញ។ ប៉ុន្តែ​លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល នឹង​មិន​ធ្វើ​ឲ្យ​កម្មករ​ណាមួយ​បាត់បង់​ផល​ប្រយោជន៍​នោះ​ទេ ហើយ​នឹង​បន្ត​ចូលរួម​ដោះស្រាយ​ករណី​នេះ​ដោយ​លោក​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​នឹង​បញ្ចេញ​សាច់​ប្រាក់​ដើម្បី​ទូទាត់​អត្ថ​ប្រយោជន៍​ឲ្យ​បងប្អូន​បើ​មាន​រោងចក្រ​ណាមួយ​ក្ស័យធន ឬ​បិទទ្វារ​ដោយ​ម្ចាស់​រត់​ចោល»។

ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ករណី​ដែល​រោងចក្រ​មិន​ព្រម​ទទួល​យក​កម្មករ​ឲ្យ​ចូល​ធ្វើការ​វិញ និង​មិន​ផ្តល់​សំណង​ត្រឹម​ត្រូវ​ដល់ក​ម្មករ។ លោក ស៊ីណា យល់​ថា បញ្ហា​នេះ​អាច​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​ធ្ងន់ធ្ងរ។

លោក​និយាយថា ៖ «ដូច្នេះ​ក្រសួង​ត្រូវតែមាន​វិធានការ​ក្នុងការ​ដោះស្រាយ ធ្វើ​ម៉េច​ឲ្យ​និយោជក ទទួល​យក​កម្មករ​ទាំង​អស់​ចូល​ធ្វើការ​វិញ ហើយ​បន្ត​រួមគ្នា រក​ច្រក​ណាមួយ ដើម្បី​ដោះ​ស្រាយ​អាច​ឲ្យ​កម្មករ​ទទួល​យក​បាន»៕