ភ្នំពេញៈ ក្រុម​អង្គការ​អភិរក្ស​អន្តរជាតិ​បាន​រកឃើញ​ថា ប្រព័ន្ធ​ទន្លេ ៣ គឺ​កំពុង​តែ​ស្ថិត​ក្នុង​ភាព​តានតឹង និង​គំរាមកំហែង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ជាង​ ៣ ​លាន​នាក់​ដោយសារ​តែ​ខ្វះ​អភិបាលកិច្ច និង​ការសាងសង់​ទំនប់​វារីអគ្គិសនី​រហូត​ដល់​ចំនួន ៦៥ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ ទំនប់​ជាង ៣០ ទៀត​អាច​នឹង​ត្រូវ​សាងសង់​ឡើង​។

អង្គការ​អភិរក្ស​អន្តរជាតិ​ (CI) ​និង​អង្គការ IUCN រួម​សហការ​ជាមួយ​នឹង​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា (CNMC) ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នូវ​ការស្រាវជ្រាវ និង​វាយតម្លៃ​សុខភាព​ទឹកសាប​របស់​ខ្លួន​នៅ​ទន្លេ​សេសាន ស្រែពក និង​សេកុង​ដែល​ជា​ប្រព័ន្ធ​ទន្លេ ៣ (៣S) ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។

ក្នុង​នោះ​គេ​បាន​រកឃើញ​ថា ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ ៣S កំពុង​តែ​ប្រឈម​នឹង​ «​ភាព​តានតឹង​» ដែល​កំពុង​តែ​បង្ក​ការ​គំរាម​កំហែង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ចំនួន​ ៣,៤ ​លាន​នាក់​ក្នុង​ប្រទេស​ទាំង​ ៣ ​នេះ ខណៈ​ដែល​ការផ្តល់​ថវិកា​ក្នុង​ការ​អភិរក្ស និង​ស្តារ​ឡើង​វិញ​នៃ ៣S នៅ​មាន​កម្រិត បើ​ទោះបី​ជា​ត្រូវ​ចំណាយ​ប្រមាណ​ ១០ ​លាន​ដុល្លារ ក្នុង​ ១ ​ឆ្នាំៗ​យ៉ាង​ណា​ក៏ដោយ​។

ការសិក្សា​វាយតម្លៃ​តាមរយៈ​សន្ទស្សន៍​សុខភាព​ទឹកសាប​ (FHI) ​បាន​បង្ហាញ​ថា ភាព​រស់រវើក​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​របស់ ៣S ទទួល​បាន​ពិន្ទុ​ ៦៦ ដែល​បង្ហាញ​ថា វា​នៅ​មាន​សុខភាព​មធ្យម​។ រីឯ​ការបំពេញ​តម្រូវការ ឬ​សេវាកម្ម​របស់​អេកូឡូស៊ី ដល់​មនុស្ស​មាន​ពិន្ទុ​ ៨០ និង​ចុងក្រោយ​ពិន្ទុ​នៃ​អភិបាលកិច្ច និង​អ្នក​ពាក់ព័ន្ធ​ទទួល​បាន​ទាប​ជាង​គេ​គឺ​ចំនួន ៤៣ តែ​ប៉ុណ្ណោះ​។

ក្រុម​អង្គការ​បាន​លើក​ឡើង​ថា ការកសាង​ទំនប់​នៅ​តាម​ទន្លេ​ទាំង​ ៣ ​បាន​កំពុង​តែ​ធ្វើឲ្យ​លំហូរ​ទឹក​តាម​លក្ខណៈ​ធម្មជាតិ​មាន​ការ​ផ្លាស់ប្តូរ​យ៉ាង​ខ្លាំង និង​ប៉ះពាល់​ដល់​ការហូរ​នាំ​យក​ដីល្បាប់ និង​ការបំផ្លាស់​ទី​របស់​ត្រី​។ ក្នុង​នោះ​លំហូរ​នៅ​ទន្លេ​សេកុង​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​ទទួល​បាន​ពិន្ទុ ៧០ និង​រវាង​កម្ពុជា និង​វៀតណាម​នៅ​ទន្លេ​សេសាន​មាន​ពិន្ទុ​ ៤២ និង​ទន្លេ​ស្រែពក​មាន ៥៤ ​ពិន្ទុ​។

លោក Nick Souter ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​ទឹកសាប​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ CI ដែល​បាន​ធ្វើ​បទបង្ហាញ​ពី​លទ្ធផល​ស្រាវជ្រាវ​នេះ​បាន​ឲ្យ​ដឹង​ថា នៅ​ទន្លេ​ទាំង ៣ ​នេះ​មាន​ទំនប់​សាងសង់​រួច​រហូត​ដល់​ទៅ​ ៦៥ ដែល​ភាគច្រើន​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​។ ក្នុង​នោះ​នៅ​ប្រទេស​វៀតណាម​មាន​ ៥៩ ឡាវ​ ៥ និង​កម្ពុជា​មាន​ ២ ​ទំនប់​។ ក្រៅពី​នោះ​ក៏​មាន​ទំនប់​ខ្លះ កំពុង​តែ​សាងសង់​ដែរ​ដូចជា​នៅ​វៀតណាម​ចំនួន ១ និង​ឡាវ​ចំនួន ៧ ហើយ​ទំនប់​ដែល​អាច​នឹង​សាងសង់​នៅ​ថ្ងៃ​អនាគត​នៅ​តាម​ទន្លេ​ទាំង​ ៣ មាន​ជាង​ ៣០​ ​ទៀត​ឯណោះ​។

លោក Nick បាន​ថ្លែង​ថា​៖ «​ទំនប់​ទាំង​នោះ​វា​បង្ក​កំណក​នៅ​ផ្នែក​ខាង​លើ ដោយសារ​តែ​វា​ស្ទាក់​ទឹក​សំណង់​តំបន់​ធំៗ​បែប​នេះ​មាន​ការ​ហូរ​ចុះ​កម្ទេច​កំណក​ទៅ​ទន្លេ​ផ្នែក​ខាងក្រោម តែ​យើង​អត់​ទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ពី​ការបំពុល​ទឹក​ពី​ទំនប់​នោះ​ទេ​»​។

លោក Jake Brunner តំណាង​មកពី​អង្គការ IUCN ថ្លែង​ក្នុង​ឱកាស​នោះ​ថា ផ្នែក​អភិបាលកិច្ច​ទទួល​បាន​ពិន្ទុ​តិច​ជាង​គេ​នោះ​គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ចំពោះ​លោក​នោះ​ទេ ដោយសារ​តែ​កន្លង​មក​លោក​សង្កេត​ឃើញ​ថា​មាន​ការជជែក​គ្នាច្រើន​ពី​ការងារ​ពាក់ព័ន្ធ​នឹង​ទន្លេ​ទាំងនេះ​។ ប៉ុន្តែ​ការធ្វើ​សកម្មភាព​គឺ​មាន​តិចតួច​។ នេះ​គឺ​ត្រូវការ​ក្របខ័ណ្ឌ​គ្រប់គ្រង​មួយ​ដ៏រឹងមាំ​សម្រាប់​អាង​ទន្លេ​ទាំងនោះ​ដោយ​មាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​។

លោក​ថ្លែង​ថា​៖ «​ការប្រែប្រួល​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ទើប​តែ​កើត​មាន​នាពេល​ថ្មីៗ​នេះ​។ កម្ទេច​កំណក និង​បញ្ហា​ជលផល​នៅក្នុង​អាង​ដោយសារ​តែ​ស្ថានភាព​ទំនប់​កាលពី​ ២០ ​ឆ្នាំ​មុន​គឺ​មិន​ធ្ងន់ធ្ងរ​ប៉ុន្មាន​នោះ​ទេ​»​។ ទោះ​យ៉ាង​ណា​លោក​កត់សម្គាល់​ថា ការ​យល់​ដឹង​ពី​សារៈសំខាន់​នៃ​ទន្លេ​ទាំង​នោះ ទើប​តែ​កើត​មាន​ក្នុង​រយៈពេល ៥ ឆ្នាំ​ចុងក្រោយ​ប៉ុណ្ណោះ​។

លោក Jake ក៏​បាន​ឲ្យ​ដឹង​ថា​ការងារ​អភិរក្ស​អាង​ទន្លេ​ទាំងនោះ​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​ ១០ ​លាន​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ឆ្នាំៗ ដែល​ថវិកា​ប្រមាណ​ជា​ពាក់​កណ្តាល​បាន​មកពី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ ៣​។ ក្នុង​នោះ​ប្រទេស​វៀតណាម​បាន​ផ្តល់​ច្រើន​ជាង​គេ​។ រីឯ​ថវិកា​ប្រហែល​ជា​ពាក់កណ្តាល​ទៀត​បាន​មកពី អង្គការ ឬ​ដៃគូ​អភិវឌ្ឍន៍​។ ទោះ​យ៉ាង​ណា​លោក​ថា ថវិកា​សម្រាប់​ប្រតិបត្តិការ​មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។

លោក​ តែ ណាវុធ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​ (CNMC) ​បាន​ថ្លែង​ថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ពង្រឹង​សមត្ថភាព​សហប្រតិបត្តិ​ការឆ្លង​កាត់​ព្រំដែន​។ លោក​បន្ត​ថា តួនាទី​របស់ CNMC គឺ​ជួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្របសម្រួល​ធនធាន​ទឹក អភិរក្ស និង​អភិវឌ្ឍ​នៅ​អាង​ទន្លេមេគង្គ​។

លោកស្រី Tracy Farrell តំណាង​មកពី​អង្គការ CI ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា វា​គួរតែ​មាន​ការ​កៀរគរ និង​ធ្វើការ​រួម​គ្នា​បន្ថែម​ទៀត​រវាង​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ដើម្បី​សម្រេច​បាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ លោកស្រី​ថ្លែង​ថា​៖ «​ការអភិវឌ្ឍ​អាស្រ័យ​លើ​ថា​រដ្ឋាភិបាល​ឯកភាព​គ្នា​យ៉ាងណា​ក៏​ដូច​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សម្បទាន​រវាង​ការអភិរក្ស និង​អភិវឌ្ឍន៍ ដើម្បី​សម្រេច​គោលដៅ​»​។

អ្នកស្រី​ ស្រាំង ឡាញ ​ជា​ពលរដ្ឋ​ជនជាតិ​ដើម​នៅ​ភូមិ​ក្បាល​រមាស​ជិត​ទន្លេ​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​អះអាង​ថា ការបិទ​ទំនប់​វារីអគ្គិសនី​សេសាន​បាន​កំពុង​តែ​បង្ក​ឲ្យ​លិច​ភូមិឋាន ស្រែ​ចម្ការ​ដំណាំ និង​ផ្នូរ​ដូនតា ហើយ​ទឹក​នៅ​កន្លែង​ខ្លះ​ល្អក់ ស្លែ និង​ស្អុយ​ដែល​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដូច​ទឹកធម្មជាតិ​នោះ​ទេ​។

អ្នកស្រី​និយាយ​ថា​៖ «​ទឹក​ប្រៀប​ដូចជា​សមុទ្រ​អ៊ីចឹង ព្រោះ​វា​មិន​ហូរ​ទៅណា​ទេ​។ ថ្ងៃ​ណា​ក៏​ឃើញ​ទឹក​ប្រៀបៗ​អ៊ីចឹង ដែល​វា​មិនមែន​ទឹក​ធម្មតា​។ ​ពិបាក​ប្រើប្រាស់​មិន​ល្អ​ដូច​មុន​ទេ​»៕