ភ្នំពេញៈ ក្រសួង​ចំនួន​ ៤ ចេញប្រកាស​អន្តរក្រសួង​ចំនួន ២ ​ច្បាប់​ដាច់ដោយឡែក​ពីគ្នា​ក្នុង​ការបង្កើត​ក្រុមអធិការកិច្ច​លើ​វិស័យ​កម្មន្តសាល និង​វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ ដែល​មន្ត្រី​អះអាង​ថា ជា​កំណែ​ទម្រង់​ស៊ីជម្រៅ​មួយ​របស់​រដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ តម្លាភាព និង​គណនេយ្យភាព​។

ប្រកាស​អន្តរក្រសួង​ស្តីពី​ការបង្កើត​ក្រុមអធិការកិច្ច​អន្តរក្រសួង​វិស័យ​កម្មន្តសាល​ចុះ​ថ្ងៃទី​ ២៧ កុម្ភៈ បាន​ឲ្យ​ដឹងថា ប្រកាស​នេះ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រីក្រសួង​ការងារ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ក្នុង​គោលបំណង​បង្កើត​ក្រុមអធិការកិច្ច​អន្តរក្រសួង ដើម្បី​ចុះ​ធ្វើ​អធិការកិច្ច​រួមគ្នា​ក្នុង​ពេល​តែមួយ​ក្នុង​ទិសដៅ​ត្រួតពិនិត្យ​ការអនុវត្ត​របស់​សហគ្រាស គ្រឹះស្ថាន នូវ​បទប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​នានា​ជុំវិញ​វិស័យនេះ​។

ចំណែក​ប្រកាស​អន្តរក្រសួង​ស្តីពី​ការបង្កើត​ក្រុមការងារ​អធិការកិច្ច​អន្តរក្រសួង​ក្នុង​វិស័យ​ឧស្សហកម្ម​ទេសចរណ៍​មួយច្បាប់​ទៀត​ចុះ​ថ្ងៃ​ដដែល​មាន​ចុះហត្ថលេខា​រួមគ្នា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់ដែរថា ក្រុមការងារ​អន្តរក្រសួង​នេះ​នឹង​មាន​គោលដៅ​ចុះ​ធ្វើ​អធិការកិច្ច​រួមគ្នា​ក្នុង​ពេល​តែមួយ​ផងដែរ ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​របស់​សហគ្រាស គ្រឹះស្ថាន នូវ​បទប្បញ្ញត្តិ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ វិស័យ​ឧស្សាហកម្ម​ទេសចរណ៍ និង​វិស័យ​បរិស្ថាន​។

ប្រកាស​អន្តរក្រសួង​ទាំង​ ២ ​ច្បាប់​នោះ​មាន​ខ្លឹមសារ​ដូចគ្នា​ថា​៖ «​និយោជក​នៃ​សហគ្រាស គ្រឹះស្ថាន​ដែល​ស្ថិតក្រោម​ដែន​អនុវត្តន៍​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទាំងនោះ ត្រូវ​អនុវត្ត​ការបំពេញបែបបទ និង​លក្ខខណ្ឌ​ការងារ​ដែល​ច្បាប់​បាន​កំណត់ និង​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុមអធិការកិច្ច​អន្តរក្រសួង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​បន្ថែមថា ការចេញប្រកាស​អន្តរក្រសួង​នេះ​គឺជា​ការ​អនុវត្តតាម​ស្មារតី​នៃ​លទ្ធផល​វេទិកា​រាជរដ្ឋាភិបាល​ផ្នែកឯកជន​លើក​ទី​ ១៨ នា​ថ្ងៃទី​ ២៩ ខែ​មីនា ឆ្នាំ​ ២០១៩ ដែល​នៅក្នុង​វេទិកា​នោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​កញ្ចប់​វិធានការ​កែទម្រង់​​ដ៏មុតស្រួច​ចំនួន​ ១៥ ​ចំណុច​សំដៅ​សម្រួល​ការធ្វើ​ធុរកិច្ច ពង្រឹង​ភាព​ប្រកួតប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ចកម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​អធិការកិច្ច​អន្តរក្រសួង​នឹង​ជួយ​សម្រួល​ទៅដល់​វិស័យ​ឯកជន ដោយសារ​តែ​ក្រុមអធិការកិច្ច​តាម​ក្រសួង​នីមួយៗ​នឹង​ចុះទៅ​រួមគ្នា​តែម្តង ដោយ​នឹង​មើល​កម្មវត្ថុ​ទាំងអស់​គ្នា ហើយ​អ្វីដែល​ត្រូវ​មើល យើង​នឹង​មើល​រួមគ្នា​ដែល​ធ្វើឲ្យ​វិស័យ​ឯកជន គាត់​ចំណេញ​ពេលវេលា​»​។

លោក ហេង សួរ បាន​បន្ថែម​ថា ការបង្កើត​ក្រុមអធិការកិច្ច​រួមគ្នា​នេះ​គឺ​មិនមែន​បាន​ន័យ​ថា ក្រុមអធិការកិច្ច​ដែល​មាន​ស្រាប់​នៅតាម​បណ្តា​ក្រសួង​ទាំងនោះ ត្រូវ​លុបចោល​នោះទេ​គឺ​បានន័យថា ក្រុម​អធិការកិច្ច​ដែលមាន​ស្រាប់​នៅតាម​ក្រសួង​ទាំងនោះ​នឹង​ត្រូវ​ងាក​មក​សហការ​រួមគ្នា នៅពេល​ចុះ​ធ្វើ​អធិការកិច្ច​នៅតាម​ស្ថាប័នឯកជន​ម្តងៗ​ក្នុង​ ១ ​ឆ្នាំ​។

លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ការ​សមាហរណកម្ម​អង្គភាព​ផ្ទៃក្នុង​របស់​ក្រសួង​នីមួយៗ ទៅ​ជា​ក្រុមអធិការកិច្ច​អន្តរស្ថាប័ន​តែមួយ​នេះ​គឺជា​ការធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​មួយទៀត​របស់​ក្រសួង​ពាក់ព័ន្ធ​នានា​នៃ​រាជរដ្ឋាភិបាល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ តម្លាភាព និង​គណនេយ្យភាព​។

លោក​បន្ត​ថា ​ចាប់ពី​ខែមេសា ឆ្នាំ​ ២០២០ តទៅ​នៅពេល​ចុះ​អធិការកិច្ច​សាមញ្ញ​លើ​សហគ្រាស​ណាមួយ​ក្នុង​ ១ ​ឆ្នាំ​ គឺ​មន្ត្រី​ក្រសួង​ទាំង​ ៣ នឹង​ចុះ​បំពេញការងារ​រួមគ្នា​តែម្តង​។

លោក​បន្ថែមថា​៖ «​ការធ្វើ​សមាហរណកម្ម​នេះ​នឹង​កាត់បន្ថយ​ការរំខាន​ពេលវេលា​របស់​សហគ្រាស​គ្រឹះស្ថាន​ក្នុង​ការទទួល​ប្រតិភូ​អធិការកិច្ច​ដែល​ពី​មុននេះ​ស្ថាប័ន​នីមួយៗ ចុះ​ធ្វើ​អធិការកិច្ច​ផ្សេងៗ​គ្នា​ដែល​ពេលខ្លះ​កម្មវត្ថុ​នៃ​ការធ្វើ​អធិការកិច្ច​គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​»​។

លោក វ៉ន ណៃ ម្ចាស់​សិប្បកម្ម​ផលិត​សម្បក​ដប​ទឹក​សុទ្ធ​មួយ​កន្លែង​ស្ថិតនៅ​តាម​បណ្តាយ​ផ្លូវជាតិ​លេខ​ ៣ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ការរួម​គ្នា​ចុះមក​ត្រួតពិនិត្យ​ក្នុង​ពេល​តែមួយ​បែបនេះ​គឺជា​រឿង​ដែល​ល្អ សម្រាប់​សហគ្រាស​។

លោក​បន្តថា ការធ្វើ​យ៉ាង​ដូច្នេះ​ធ្វើឲ្យ​លោក​ចំណេញ​ពេលវេលា ជាពិសេស​ប្រាក់កាស ព្រោះតែ​កន្លងទៅ​ក្នុង​មួយ​ ១ ​ឆ្នាំៗ​មាន​មន្ត្រី​មកពី​ស្ថាប័ន​ជាច្រើន​ខុសៗ​គ្នា​បាន​ចុះមក​ធ្វើការ​អធិការកិច្ច​។

លោក​បន្ថែមថា​៖ «​ខ្ញុំ​គ្រាន់តែ​ជា​លក្ខណៈ​សិប្បកម្ម​ខ្នាតតូច តែ​ចុះមក​ញឹកញាប់​ណាស់​ដែល​មក​ម្តងម្នាក់ៗ ខុស​ពេល​គ្នា​អី​អ៊ីចឹង​ទៅ​មាន​ខាង​បរិស្ថាន ខាង​ក្រសួងមហាផ្ទៃ​ផង ចុះ​មក​ពិនិត្យមើល​ដល់​ទីតាំង​របស់​យើង​។ ពេល​ចុះមក​ម្តងៗ យើង​ពេល​ខ្លះ​ចំណាយ​ឲ្យ​គាត់​ដែរ​តើ ឲ្យ​លុយ​ចាក់​សាំង ចាក់​អី​ទៅវិញ ព្រោះ​គាត់​មក ៤ ទៅ​ ៥ ​នាក់ៗ ប៉ុន្តែ​បើ​មក​រួមគ្នា​មក​តែ​រួច​អ៊ីចឹង​គឺ​ស្រួល​ដែរ យើង​ចំណាយ​តែម្តង​ចប់​»៕