ភ្នំពេញៈ ក្រុម​អង្គការ​អភិរក្ស​សត្វព្រៃ​បាន​ចាត់ទុក​ការ​បង្វឹក​សត្វ​របស់​ក្រុម​អ្នក​ថែរក្សា​សត្វ​នៃ​សួនសត្វ Safari World ថា​ជា​ទង្វើ​ព្រៃផ្សៃ​ប្រឆាំង​នឹង​សត្វ ហើយ​ថា​សួន​សត្វ​ដ៏ធំ​បំផុត​នៅ​ភ្នំពេញ​មួយ​នេះ​រៀបចំ​ឡើង​សម្រាប់​បម្រើ​ឲ្យ​តែ​ការសប្បាយ​ដោយ​ពុំ​គិត​ដល់​ការងារ​អភិរក្ស​សត្វ​អ្វី​បន្តិច​ឡើយ​។

លោក Nick Marx នាយក​កម្មវិធី​សត្វព្រៃ​នៃ​អង្គការ​ការពារ​ និង​អភិរក្ស​សត្វព្រៃ (Wildlife Alliance) ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញ​ថា​ប្រភេទ​សត្វព្រៃ​ដ៏កម្រ​នៅ​កម្ពុជា ដូចជា ខ្លា ដំរី ទន្សោង ខ្ទីង ក្ដាន់ ឈ្លូស​តូច ស្វាព្រាហ្មណ៍ និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​ការ​ជិត​ផុត​ពូជ​ដែល​ចាំបាច់​ត្រូវ​រួម​គ្នា​ការពារ និង​អភិរក្ស​ឲ្យ​បាន​ល្អ ប៉ុន្តែ​សួនសត្វ​ភ្នំពេញ​សាហ្វារី​ដ៏ធំ​បំផុត​ក្នុង​រាជធានី​ភ្នំពេញ​បែរ​ជា​រៀបចំ​ឡើង​សម្រាប់​កែ​កម្សាន្ត​អារម្មណ៍​ដោយ​ពុំ​គិត​ដល់​ការងារ​អភិរក្ស​សត្វ​អ្វី​បន្តិច​សោះ​។

ជាមួយ​គ្នា​នេះ​លោក​បាន​ចាត់ទុក​សួនសត្វ​ភ្នំពេញ​សាហ្វារី​ថា​ដូចជា «​រោង​សៀក​»​។ ការ​បង្វឹក​សត្វ​ឲ្យ​ចេះ​លេង​សៀក គឺ​ត្រូវ​ប្រើ​វិធីសាស្ត្រ​ច្រើន​យ៉ាង ដែល​ជា​ធម្មតា វិធីសាស្ត្រ​ដែល​ត្រូវ​បាន​គេ​ប្រើ​ទៅ​លើ​សត្វ​ទាំងនោះ​មាន​ភាពឃោរឃៅ​បំផុត​។

លោក​បាន​និយាយ​ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​សត្វ​ដំរី ដែល​ក្រុម​ការងារ​សួនសត្វ​នេះ​បាន​នាំ​មកពី​សហគមន៍ និង​ពី​សួនសត្វ​ឯកជន​មួយ​ចំនួន​មក​ថែរក្សា​ និង​បង្វឹក​ឲ្យ​ចេះ​សម្ដែង​សៀក​ថា ត្រូវ​បាន​គេ​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ ដើម្បី​ជា​ប្រយោជន៍​នាំ​វា​ទៅ​សម្ដែង​សៀក យក​លុយ​ពី​ទស្សនិកជន​ដែល​ចូល​ទៅ​ទស្សនា​សួនសត្វ​មួយ​នេះ​ដែល​សកម្មភាព​នេះ​ផ្ទុយ​ពី​កិច្ចការ​អភិរក្ស​ដែល​រដ្ឋបាល​ព្រៃឈើ និង​អង្គការ​ដៃគូ​កំពុង​ធ្វើ​សព្វថ្ងៃ​។

លោក Marx បាន​សង្កត់​ធ្ងន់​ថា​៖ «​សត្វ​នៅ​ទី​នេះ [ Phnom Penh Safari] គឺ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ការកម្សាន្ត​សប្បាយ​របស់​មនុស្ស​។ សួនសត្វ​នេះ​មិន​បាន​ធ្វើ​កិច្ចការ​ពាក់ព័ន្ធ​នឹង​ការងារ​អភិរក្ស ឬ សង្គ្រោះ​សត្វ​នោះ​ឡើយ »​។

ជុំវិញ​ករណី​នេះ​បុគ្គលិក​ផ្នែក​គ្រប់គ្រង និង​ថែរក្សា​សត្វ​ម្នាក់​នៃ​សួនសត្វ ភ្នំពេញ​សាហ្វារី ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ថ្វី​ដ្បិត​សត្វ​ដំរី​ដែល​ក្រុមហ៊ុន​នាំ​យក​មកពី​សហគមន៍​ខេត្ត​មណ្ឌលគិរី កោះកុង និង​សួនសត្វ​នៅ​ទឹកឈូ ខេត្ត​កំពត​របស់​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​ដំរី​ស្រុក​មែន ប៉ុន្តែ​ពួកវា​មាន​អត្តចរិត​កាច និង​រឹងរូស​ដែល​ចាំបាច់​ត្រូវ​ផ្សាំង​វា ដោយ​បង្ហាត់បង្រៀន​វា​ឲ្យ​បាន​ល្អ​ដើម្បី​ចៀសវាង​បង្ក​គ្រោះថ្នាក់​ដល់​ទស្សនិកជន​។

បុគ្គលិក​រូប​នោះ​បាន​បន្ត​ថា​៖ «​ជាទូទៅ​ការ​ផ្សាំង​សត្វ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ពិសេស​សត្វ​ដំរី បើ​យើង​មិន​វាយ​វា​ខ្លះ​ទេ ធ្វើ​ម្ដេច​អាច​បង្ក្រាប និង ផ្លាស់ប្ដូរ​ឥរិយាបថ​របស់​វា​បាន​។ បើ​យើង​មិន​អាច​គ្រប់គ្រង​វា​បាន ធ្វើ​ម៉េច​អាច​រក្សា​សុវត្ថិភាព​ជូន​ទស្សនិកជន​ដែល​មក​ទស្សនា​សួន​សត្វ​យើង​បាន​។ ការ​លើកឡើង​ថា​គម្រោង​កម្មវិធី​របស់​យើង មិន​ជាប់​ពាក់ព័ន្ធ​ការការពារ និង​អភិរក្ស​សត្វ​គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ​។ កម្មវិធី​របស់​យើង​គឺជា​ផ្នែក​មួយ​នៃ​កិច្ចការ​អភិរក្ស ព្រោះ​យើង​មាន​គោលដៅ​បំផុស​ចលនា​ពលរដ្ឋ​ទូទៅ​ឲ្យ​ស្គាល់ និង​យល់ដឹង​ពី​សត្វ​តាមរយៈ​ការបង្កើត​ភាពស្និទ្ធស្នាល​ជាមួយ​សត្វ និង​មាន​គំនិត​ស្រឡាញ់ និង​ការពារ​សត្វ »​។

ប៉ុន្តែ​លោក Marx អះអាង​ថា​កម្មវិធី​បង្វឹក​សត្វ​មក​សម្ដែង​សៀក​នៅ​ប្រទេស​អាមេរិក និង អង់គ្លេស គេ​បាន​បញ្ឈប់​ហើយ​ដោយសារ​កម្មវិធី​នេះ​វា​មាន​ផលប៉ះពាល់​ដល់​សិទ្ធិ​របស់​សត្វ និង​បង្ក​ឲ្យ​អន្តរាយ​ដល់​សត្វ ។

លោក Marx ដែល​អង្គការ​របស់​លោក​ជា​ដៃគូ​ដ៏ល្អ​របស់​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​អប្សរា នៅក្នុង​កិច្ចការ​អភិរក្ស​សត្វព្រៃ​បាន​លើក​សរសើរ​លើ​កម្មវិធី​របស់​ឧទ្យានជាតិ​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ថា ជា​កម្មវិធី​ដ៏ល្អ​ឥតខ្ចោះ ដែល​អ្នកវិនិយោគ​សួនសត្វ​ដទៃ​ទៀត​គប្បី​យក​ជា​គំរូ​។

លោក​ថា​៖ «​ម្ចាស់​សួនសត្វ​ទាំងអស់​គប្បី​យក​គំរូ​ពី​កម្មវិធី​របស់​ឧទ្យាន​ជាតិ​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ដោយ​ធ្វើការ​រៀបចំ​ដាំ​ដើមឈើ​បង្កើត​ជា​ព្រៃ​សម្រាប់​ជា​ជម្រក​ដល់​សត្វ​តាម​បែប​ធម្មជាតិ មិន​ត្រូវ​ឃុំឃាំង​សត្វ​ដោយ​ដាក់​ចំណី ខ្វះមុខ​ខ្វះក្រោយ និង​វាយ​ធ្វើ​បាប​សត្វ​នោះ​ទេ​»​។

លោក​និយាយ​ទៀត​ថា​នៅពេល​នេះ​សួនសត្វ​នៅ​ស្រុក​ទឹកឈូ ខេត្ត​កំពត របស់​លោក​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា នឹង​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​យូរ​ឡើយ ដោយសារ​កង្វះ​ចំណី​អាហារ​សម្រាប់​ផ្គត់ផ្គង់​ដល់​សត្វ ខណៈ​ចំនួន​អ្នកទស្សនា​ក៏​កាន់តែ​តិច​។

ប៉ុន្តែ​លោក ប៊ុន ប្រាស្នា អ្នក​មើលថែ​សត្វ​នៅ​សួនសត្វ​ខាង​លើ​នេះ​អះអាង​ដែរ​ថា សត្វ​ធំៗ​មួយ​ចំនួន​ដូចជា សត្វ​ខ្លា ដំរី និង​រមាំង ត្រូវ​បាន​នាំ​យក​ទៅ​កាន់​ទីតាំង​ថ្មី​នៅ​ខេត្ត​ព្រៃវែង និង​វិនិយោគ​ជាមួយ​សួនសត្វ ភ្នំពេញ សាហ្វារី​។

លោក​បាន​បញ្ជាក់​ថា​៖ «​សួន​សត្វ​របស់​យើង​នៅ​ទឹកឈូ​នេះ​នៅ​សល់​ប្រភេទ​សត្វ​តែ​ជាង​ ១០ ​ប្រភេទ​ប៉ុណ្ណោះ​គឺ​នៅ​សត្វ​ខ្លាឃ្មុំ​ ២​ ​ក្បាល សត្វ​ឈ្លូស និង​សត្វ​ស្លាប​មួយ​ចំនួន​ទៀត​»៕