តាកែវ៖ សត្វ​ត្រយង​ខ្លួន​រលោង​ដែល​ជា​ប្រភេទ​សត្វ​កម្រ និង​ជិត​ផុត​ពូជ ត្រូវ​បាន​ក្រុម​មន្រ្តី​ឧទ្យានុរក្ស និង​ក្រុម​ជំនាញ​ការ​សត្វ​ស្លាប​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ ប្រទះ​ឃើញ​មាន​វត្តមាន ៥៣ ក្បាល នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ខណៈ​ពួក​គេ​បាន​ចុះល្បាត​ និង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​សត្វស្លាប​ដ៏​កម្រៗ​នៅ​ក្នុង​តំបន់​នេះ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក លឹម វ៉ាត ប្រធាន​ស្ដីទី​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​ឧសភា​ថា ជា​យូរ​ឆ្នាំ​មក​ហើយ សត្វ​ត្រយ៉ង​ខ្លួន​រលោង មិន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​តំបន់​ទេសភាព​នេះ​ទេ​។ ក្នុង​ឆ្នាំ ២០១៦ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​សត្វ​ត្រយង​យក្ស និង​សត្វ​ត្រយង​ចង្កំ​ក​ស​តែ​ប៉ុណ្ណោះ​នៅ​កម្ពុជា​ និង​មាន​ចំនួន​តិច​តួច​បំផុត។

ចំណែក​​សត្វ​ត្រយង​ខ្លួន​រលោង គឺ​គ្មាន​កំណត់ត្រា​ណា​មួយ​បញ្ជាក់​ពី​ការ​រក​ឃើញ​នូវ​វត្តមាន​របស់​ពួក​វា​នោះ​ទេ។

ប៉ុន្តែ​នៅ​ឆ្នាំ ២០១៩ ក្រុម​មន្ត្រី​ឧទ្យានុរក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​តាកែវ បាន​សហការ​ជាមួយ​ក្រុម​ជំនាញ​ការ​សត្វ​ស្លាប នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរ​ជាតិ​ចុះ​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​សត្វស្លាប​ដ៏​កម្រ​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ហើយ​បាន​ប្រទះ​ឃើញ​សត្វ​ត្រយ៉​ងខ្លួន​រលោង​នេះ ចំនួន​មួយ​គូ។

លោក​ថ្លែង​ថា៖ «ក្រុម​ការងារ​យើង​មាន​ចិត្ត​អរ​សប្បាយ​ជា​ខ្លាំង​នៅ​ពេល​ប្រទះ​ឃើញ​វត្តមាន​សត្វ​ត្រយង​ខ្លួន​រលោង ១ គូ​នោះ បង្ហាញ​ខ្លួន​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​របស់​យើង»។

ចាប់​ពី​ពេល​នោះ​មក ក្រុម​មន្ត្រី​ឧទ្យានុរក្ស និង​ក្រុម​អភិរក្ស​សត្វ​ស្លាប​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​បាន​រួម​សហការ​គ្នា​ជា​ដៃគូ ចុះ​សិក្សា​ស្រាវជ្រាវ តាមដាន និង​ឃ្លាំ​មើល​ពួក​វា​ជា​ប្រចាំ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​បាន​ប្រទះ​ឃើញ​សំបុក្រ​ពង​កូន​របស់​ពួក​វា​នៅ​ក្នុង​តំបន់​នេះ​ទេ​។

ទោះ​ជា​បែប​ណា​ក្ដី ចំនួន​ពួក​វា​ត្រូវ​បាន​គេ​រក​ឃើញ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈពេល ២ ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ពី ១ គូ ក្នុង​ឆ្នាំ ២០១៩ និង​ឡើង​ដល់​ ២៥ ក្បាល នៅ​ឆ្នាំ ២០២០ ហើយ ៥៣ ក្បាល​នៅ​ឆ្នាំ ២០២១ នេះ។

សត្វត្រយងខ្លួនរលោង ដែលរកឃើញនៅក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ ។ រូបថត ក្រសួងព័ត៌មាន

លោក​ វ៉ាត បញ្ជាក់​ថា៖ «ថ្វី​ដ្បិត​តែ​ក្រុម​ការងារ​យើង​រក​មិន​ឃើញ​សម្បុក​ពង​កូន​របស់​ពួក​វា​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ប៉ុន្តែ​យើង​ជឿជាក់​ថា ពួក​វា​បាន​បង្កាត់​ពូជ​នៅ​កន្លែង​ណា​មួយ​ក្នុង​តំបន់​នេះ ព្រោះ​ការ​បង្ហាញ​វត្តមាន​របស់​ពួក​វា​ចំនួន ៥៣ ក្បាល នៅ​ក្នុង​ឆ្នាំ​នេះ គឺ​មាន​ជំទង់​ ១២ ក្បាល​ផង​ដែរ»។

លោក ប៊ូ វរសក្ស នាយក​កម្មវិធី​អង្គការ​ជីវិត​សត្វ​ស្លាប​ប្រចាំ​កម្ពុជា​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា សត្វ​ត្រយង​ខ្លួន​រលោង​នេះ គឺ​ជា​សត្វ​មួយ​ប្រភេទ​ដែល​មាន​សម្បុរ​ខ្មៅ​រលោង និង​មាន​មាឌ​តូច​ជាង​សត្វ​ត្រយង​យក្ស និង​ត្រយ៉ង​ចង្កំ​ក​ស​ ប៉ុន្តែ​ពួក​វា​គឺ​ស្ថិត​នៅ​ក្នុង​អម្បូរ​សត្វ​ត្រយ៉ង​តែ​មួយ​នោះ​ទេ។

វត្តមាន​របស់​សត្វ​ត្រយង​ខ្លួន​រលោង​នៅ​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ គឺ​បង្ហាញ​ថា តំបន់​នេះ​មាន​សក្តានុពល​ជាច្រើន​សម្រាប់​ពពួក​សត្វ​ស្លាប​មិន​ថា សត្វ​ត្រយង ឬ​សត្វ​ក្រៀល​ប៉ុណ្ណោះ​ទេ តែ​វា​មាន​អត្ថប្រយោជន៍​សម្រាប់​ពពួក​ធនធាន​ធម្មជាតិ​ជាច្រើន​ទៀត។

លោក​ថ្លែង​ថា៖ «តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ គឺ​ជា​ទីតាំង​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ការ​គាំទ្រ​ដល់​សត្វ​ស្លាប​ទឹក​ដែល​ជិត​ផុត​ពូជ​ក្នុង​ការ​រក​ចំណី​អាហារ​ និង​រស់នៅ​បង្កាត់​ពូជ»។

បើ​តាម​លោក​ វរសក្ស តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិសាស្ត្រ​ខេត្ត​តាកែវ​ក្នុង​ស្រុក​បូរីជលសារ និង​ស្រុក​កោះអណ្ដែត​នេះ មាន​លក្ខណ​ពិសេស​ដែល​មិន​ងាយ​រក​បាន ដែល​អាច​ទាក់ទាញ​នូវ​សត្វ​ស្លាប​ដ៏កម្រ​ជា​ច្រើន​ប្រភេទ ដូចជា​សត្វ​ក្រៀល ចាប​ព្រៃវែង ត្រយង​ទាំង ៣ ប្រភេទ សត្វ​ចាប​ពពិច​ថ្ម​ទ្រូង​ត្នោត មក​សំចត​រក​ចំណី នៅ​ក្នុង​បណ្តាញ​ផ្លូវ​ហោះហើរ​របស់​ពួក​វា។

ទន្ទឹម​នឹង​នេះ លោក វរសក្ស​ ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ការពារ​កុំ​ឲ្យ​មាន​ការ​ទន្ទ្រាន​យក​ដី​នៅ​តំបន់​នេះ​មក​ពង្រីក​ផ្ទៃ​ដី​កសិកម្ម​ដាំដុះ ដែល​នាំ​ឲ្យ​ឈាន​ទៅ​រក​ការ​បាត់បង់​ប្រភេទ​សត្វ​កម្រ​ដែល​ជិត​ផុត​ពូជ​ទាំង​អស់​នេះ៕