ភ្នំពេញៈ ក្រុម​អភិរក្ស​សត្វ​ស្លាប​នៅ​កម្ពុជា​បាន​អំពាវនាវ​ជាថ្មី​ដល់​ពលរដ្ឋ ដែល​រស់នៅ​ជុំវិញ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ឲ្យ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម ដើម្បី​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​។

ការអំពាវនាវ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ការចុះ​ល្បាត​ស្រាវជ្រាវ​នៅ​តាម​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ទេសភាព​មួយចំនួន​នៅ​ភាគ​ឦសាន និង​និរតី​នាពេល​ថ្មីៗ​នេះ បាន​រកឃើញ​មាន​ករណី​ប្រើ​ថ្នាំពុល ដើម្បី​ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់​។

លោក​ ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​និយាយ​ថា​៖ «​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​នៅក្នុង​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារ​ទេសភាព គឺជា​វិនាសកម្ម​ដ៏មហន្តរាយ​បំផុត​មួយ ដល់​សត្វព្រៃ ជីវចម្រុះ ធនធាន​ធម្មជាតិ និង​បរិស្ថាន​ដែល​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ពិសេស​ប្រជាសហគមន៍​ក្នុង​មូលដ្ឋាន​ត្រូវ​ចូលរួម​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ក្នុង​តំបន់​ការពារ​ និង​អភិរក្ស​ទាំងនេះ​»​។

កាលពី​សប្ដាហ៍​មុន ក្រុមមន្ត្រី​ឧទ្យានុរក្ស​នៃ​តំបន់​ការពារ​ទេសភាព បឹង​ព្រែកល្ពៅ​បាន​សហការ​ជាមួយ​ក្រុម​ជំនាញ​ផ្នែក​អភិរក្ស​សត្វ​ស្លាបព្រៃ​នៃ​អង្គការ​ជីវិត​សត្វស្លាប​អន្តរជាតិ​បាន​ចុះ​ល្បាត និង​សិក្សា​ស្រាវជ្រាវ​អំពី​ប្រភេទ​សត្វ​ស្លាប​ព្រៃ​ដ៏កម្រ និង​ជិត​ផុត​ពូជ ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​តំបន់​នេះ ក៏​បាន​ប្រទះឃើញ ទាកាប​ព្រៃ​ចំនួន ៨ ​ក្បាល​ងាប់​នៅ​ចំណុច​ក្បែរ​មាត់​អាង​នៃ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​ស្ថិត​ក្នុង​ភូមិ-ឃុំ​កំពង់ឈូក ស្រុក​កោះអណ្ដែត ខេត្ត​តាកែវ​។ ករណីនេះ​ត្រូវ​ក្រុមមន្ត្រី​ជំនាញ​អះអាង​ថា ជា​បទល្មើស​ «​បំពុល​សត្វ​ស្លាប​ព្រៃ​»​។

លោក លឹម វ៉ាត នាយករង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែកល្ពៅ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា នៅក្បែរ​កន្លែង​ដែល​សត្វ​ទាព្រៃ​ទាំង​ ៨ ​ក្បាល​ងាប់​នោះ ក្រុមមន្ត្រី​ឧទ្យានុរក្ស និង​ក្រុម​ជំនាញ​សត្វ​ស្លាប​ព្រៃ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បាន​រកឃើញ​គ្រាប់ស្រូវ​ជាច្រើន​ដែល​សង្ស័យថា មាន​លាយ​ថ្នាំពុល​កសិកម្ម​ត្រូវ​បាន​គេ​ដាក់​នៅ​មាត់ទឹក​ជា​ទី​ដែល​សត្វ​ស្លាប​ចុះ​រកស៊ី​ចំណី​។

លោក​ វ៉ាត ​បញ្ជាក់​ថា​៖ «​ការចាប់​សត្វ​ដោយ​ប្រើ​ថ្នាំពុល​គឺជា​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សត្វព្រៃ និង​សុខភាព​មនុស្ស​។ ការបំពុល​ ១ ​ករណី​អាច​សម្លាប់សត្វ​គ្រប់​ប្រភេទ​រាប់រយ​ក្បាល​រួមទាំង​សត្វ​ស្លាប​ជិត​ផុតពូជ​ដែល​មាន​ចំនួន​ដ៏តិចតួច​ក្នុង​លោក​។ វា​ក៏​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ផងដែរ តាមរយៈ​ការបរិភោគ​សត្វ​ដែល​ស្លាប់​ដោយ​ការបំពុល​នេះ​»​។

លោក​បន្ថែមថា​៖ «​សំណាក​សត្វ​ទាកាប​ព្រៃ​ដែល​ស្លាប់ និង​គ្រាប់ស្រូវ​ដែល​សង្ស័យ​មាន​លាយ​ថ្នាំពុល​កសិកម្ម​នោះ​ត្រូវ​បាន​ក្រុម​ឧទ្យានុរក្ស​យើង​ប្រមូលយក និង​បញ្ជូន​ទៅ​ក្រុមការងារ​អង្គការ WCS ដែលជា​ដៃគូ​នៅ​ភ្នំពេញ ដើម្បី​ធ្វើ​កោសល្យវិច័យ​»​។

តាមរយៈ​ការរកឃើញ​បទល្មើស​បំពុល​សត្វព្រៃ​នៅក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ ក្រុម​ឧទ្យានុរក្ស​បាន​បង្កើន​ការងារ​ចុះ​ល្បាត និង​អប់រំ​ផ្សព្វផ្សាយ​អំពី​ហានិភ័យ​នៃ​ការប្រើប្រាស់​ថ្នាំ​គីមី​ពុល​កសិកម្ម​ដល់​ពលរដ្ឋ​ក្នុង​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​ជុំវិញ​តំបន់​ដែនជម្រក​សត្វព្រៃ និង​តំបន់​ការពារទេសភាព​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​បញ្ឈប់​ការប្រើប្រាស់​វា ដើម្បី​គាំទ្រ​ដល់​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​សត្វព្រៃ ជីវចម្រុះ និង​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា ប្រកប​ដោយ​និរន្តរភាព​។

កញ្ញា នី ណៃគី មន្ត្រី​សម្របសម្រួល​គម្រោង​អភិរក្ស​សត្វ​ត្មាត​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ថ្លែង​ពីថ្ងៃ​ទី​ ២ ខែមិថុនា​ថា ក្នុង​រយៈពេល​ ១ ​សប្ដាហ៍​កន្លង​មក​ក្រុមការងារ​របស់​នាង​បាន​សហការ​ជាមួយ​មន្ទីរ​កសិកម្ម ខេត្តស្ទឹងត្រែង​ចុះ​ត្រួតពិនិត្យ​ទីតាំង​លក់​ថ្នាំ​គីមី​ពុល​កសិកម្ម​នៅ​ទូទាំង​ស្រុក​សៀមប៉ាង ហើយ​បាន​រកឃើញ​ទីតាំង​លក់​ថ្នាំពុល​កសិកម្ម​ ៨ ​កន្លែង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​។

កញ្ញាបន្ត​ថា ​ក្នុង​ចំណោម​ទីតាំង​លក់​ថ្នាំពុល​កសិកម្ម​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ទាំង​ ៨ ​កន្លែង​ក្នុងស្រុក​សៀមប៉ាង​នោះ​មាន​ ១ ​កន្លែង​បាន​លក់​ថ្នាំពុល​កសិកម្ម​ដែល​មាន​ជាតិពុល​កម្រិត​ខ្ពស់ ។ «​ក្រោយពី​រកឃើញ​មាន​ការលក់​នូវ​ប្រភេទ​ថ្នាំពុល​កសិកម្ម ដែល​ត្រូវ​បាន​ហាមឃាត់​នោះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ដកហូត និង​ណែនាំ​ឲ្យ​បញ្ឈប់​ការនាំ​យក​នូវ​ថ្នាំពុល​កសិកម្ម​នោះមក​លក់​ក្នុង​ទីផ្សារ​កម្ពុជា​បន្តទៀត​»​។

បើ​តាម​អ្នកស្រី នូ ចាន់ពៅ ម្ចាស់​ទីតាំង​លក់​ជី និង​ថ្នាំពុល​កសិកម្ម​ដែល​ត្រូវបាន​ហាមឃាត់​នោះ​ថ្លែង​ថា ថ្នាំពុល​កសិកម្ម​ឈ្មោះ Molecule គឺ​អ្នកស្រី​បាន​ទិញ​មកពី​ប្រទេស​ថៃ​ដើម្បី​មក​ប្រើប្រាស់​ជា​លក្ខណៈ​ឯកជន​ក្នុង​ចម្ការ​ស្វាយចន្ទី​របស់​អ្នកស្រី មិន​សម្រាប់​លក់​នោះទេ​។ ​«​ប៉ុន្តែ​នៅពេល​នេះ​ខ្ញុំ​ឈប់​នាំ​វា​ចូល​ហើយ ព្រោះ​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម​ថា វា​ជា​ថ្នាំពុល​កសិកម្ម​ដែល​មាន​កម្រិត​ជាតិពុល​ខ្ពស់ និង​ត្រូវ​បាន​ហាមឃាត់​»៕