ខេត្តរតនគិរីៈ ក្រុម​អភិរក្ស​សត្វ​ស្លាប​ព្រៃ​នៃ​អង្គការ BirdLife International (Cambodia) បាន​រកឃើញ​សម្បុក​សត្វ​ត្រយង​ចង្កំកស ជិត​ផុត​ពូជ​ចំនួន​ ១០ ​សម្បុក​នៅក្នុង​ដែនជម្រក​សត្វព្រៃ​លំផាត់​ក្នុង​នោះ​សម្បុក​ចំនួន ៦ បាន​ញាស់​កូន​ចំនួន ១២ ​ក្បាល​។

ទោះ​យ៉ាងណា​ចំនួន​នេះ​មិន​បាន​ធ្វើឲ្យ​ក្រុម​អ្នក​អភិរក្ស​សត្វស្លាប​មាន​ក្ដីរំភើប​ឡើយ ព្រោះ​វា​នៅតែ​ជា​តួលេខ​មួយ​ដែល​បង្ហាញថា មាន​ការថយចុះ​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ​។ នេះ​បើ​តាម​ការផ្សព្វផ្សាយ​របស់​អង្គការ BirdLife​។

BirdLife បញ្ជាក់​ថា​ក្នុង​រយៈពេល​ពេញ​ ១ ​ឆ្នាំ​ (២០១៩-២០២០) ​ក្រុម​អ្នកស្រាវជ្រាវ​បាន​រកឃើញ​សម្បុក​សត្វ​ត្រយង​ចង្កំកស​ដ៏កម្រ និង​ជិត​ផុត​ពូជ​បំផុត​ចំនួន​ ១០ ​សម្បុក​នៅក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ខេត្ត​រតនគិរី​ក្នុងនោះ​សម្បុក​ចំនួន ៦ បាន​ញាស់​កូន​ចំនួន ១២ ​ក្បាល​។ ៥០ ​ភាគរយ​នៃ​សម្បុក​ទាំងនេះ​រកឃើញ​នៅក្រៅ​ដែនជម្រក​សត្វព្រៃ​លំផាត់ ពិសេស​នៅ​តំបន់​ស្រែអង្គ្រង និង​ស្រែជ្រៃ​។ «​ការបាត់បង់​ព្រៃឈើ​ដែល​ជា​ទីជម្រក ការបរបាញ់ និង​ការរំខាន​នានា​ដែល​បង្ក​ឡើង​ពី​សកម្មភាព​របស់​មនុស្ស​កំពុងតែ​គំរាមកំហែង​ខ្លាំង​ដល់​ការរស់នៅ​របស់​ត្រយង​ចង្កំកស​។ កត្តា​រំខាន​ទាំងអស់​នេះ​ហើយ​ដែល​បណ្តាល​ឲ្យ​សម្បុក​របស់​ពួកវា​មួយ​ចំនួន​ត្រូវ​បរាជ័យ​ ឬ​មិន​ញាស់​កូន​»​។

ទោះ​យ៉ាងណា​អង្គការ​នេះ​នៅ​ខំប្រឹងប្រែង​បន្តទៀត​ក្នុង​កិច្ចការពារ​សម្បុក​ពងកូន​នៃ​សត្វ​ជិត​ផុត​ពូជ​នេះ តាមរយៈ​ការគាំទ្រ​ដល់​ឧទ្យានុរក្ស​ក្នុង​ការល្បាត​អនុវត្ត​ច្បាប់ និង​លើកកម្ពស់​ការចូលរួម​របស់​សហគមន៍​ក្នុង​កិច្ចការពារ និង​តាមដាន​សម្បុក​សត្វ​ទាំងនេះ​តាមរយៈ​គម្រោង​សាកល្បង​បង្កើន​ជីវភាព​ស្រូវ​មិត្ត​សត្វព្រៃ​។

លោក​ ប៊ូ វរសក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប អន្តរជាតិ ឲ្យ​ដឹងថា កាលពី​ខែ​មេសា​ក្រុមការងារ​របស់​លោក​បាន​រកឃើញ​សត្វ​ត្រយង​ចង្កំកស​ដែល​កំពុង​រង​នូវ​ការគំរាមកំហែង​ជិត​ផុត​ពូជ​ជាង ៣០ ​ក្បាល​នៅ​ខេត្ត​ស្ទឹងត្រែង​។​ «​យើង​កំពុង​មាន​ការព្រួយបារម្ភ​អំពី​ការរស់រាន​របស់​សត្វ​ត្រយង​ចង្កំកស​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុត​ពូជ​បំផុត​នេះ បើ​ទោះ​ជា​វត្តមាន​របស់​វា​នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ច្រើន​បើ​ធៀប​នឹង​ប្រទេស​មួយ​ចំនួន នៅក្នុង​ពិភពលោក​ក្ដី​»​។ លោក​បន្តថា សព្វ​ថ្ងៃនេះ​សត្វ​ត្រយង​ចង្កំកស​មួយ​ចំនួន​កំពុង​បង្ហាញ​វត្តមាន​នៅ​លើ​ដី​កោះ​ស្រឡាយ​ក្នុង​ស្រុក​សៀមបូក​ភាគ​ខាងលិច​ខេត្ត​ស្ទឹងត្រែង​។

លោក កែន សិរីរដ្ឋា ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា (WCS) ថ្លែងថា មាន​តែ​ការដាក់ពិន័យ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ទៅលើ​ជន​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់​ និង​ការលើក​កម្ពស់​ការយល់ដឹង​របស់​ប្រជាសហគមន៍​មូលដ្ឋាន​ក្នុង​និង​ជុំវិញ​តំបន់​ការពារ​អភិរក្ស​ឲ្យ​ចូលរួម​ការពារ​ និង​អភិរក្ស​ប៉ុណ្ណោះ​ទើប​អាច​ធ្វើឲ្យ​មាន​កំណើន​ឡើងវិញ​នៃ​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុតពូជ​ទាំងនេះ​។ «​ការយល់ដឹង និង​ការចូលរួម​របស់​ប្រជាសហគមន៍​គឺជា​គន្លឹះ​ដ៏សំខាន់​ឈាន​ទៅ​រក​ភាពជោគជ័យ​សម្រាប់​ការងារ​អភិរក្ស​»​។

សូមបញ្ជាក់​ថា សត្វ​ត្រយង​ចង្កំកស​ស្ថិត​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ រងគ្រោះ​ជិត​ផុត​ពូជ​បំផុត​នៅលើ​សកលលោក​។ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា មាន​ច្រើន​ជាង​ ១ ​ពាន់​ក្បាល​នៅលើ​ពិភពលោក​។ ក្នុង​នោះ ៩៧៣ ក្បាល ​ត្រូវ​បាន​គេ​ប្រទះឃើញ​កំពុង​រស់នៅ​ក្នុងព្រៃ​នៃ​ប្រទេស​កម្ពុជា​ភាគ​ខាងជើង និង​ភាគ​ឦសាន ក្រៅពី​នោះ​មាន​នៅ​ក្នុង​ប្រទេស​ឡាវ វៀតណាម និង​ឥណ្ឌូនេស៊ី​៕