ភ្នំពេញៈ ក្រុម​អាជីវករ​ផ្សារ​ស៊ិនជូរី​ផ្លាហ្សា ​នៅ​តាម​បណ្ដោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី ស្ថិត​នៅ​ខណ្ឌ​​ពោធិ៍​សែនជ័យ បាន​និង​កំពុង​តែ​ប្រមូល​ស្នាម​មេដៃ​ ដើម្បី​ធ្វើ​លិខិត​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ដើម្បី​សុំជួយ​អន្តរាគមន៍​កុំ​ឲ្យ​មាន​ការ​រុះរើ​ផ្សារ​នេះ​ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍ​ផ្សារ​ឲ្យ​ទៅជា​ផ្សារ​ទំនើប​ក្នុង​រយៈពេល ​២ ឆ្នាំ​ខាង​មុខ។

ការ​ប្រមូល​ស្នាម​មេដៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​ក្រោយ​ពេល​ក្រុម​អាជីវករ​ផ្សារ​នេះ​ប្រមាណ ​១០០ នាក់ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​ផ្សារ​ស៊ិន​ជូរី​ផ្លាហ្សា​ស្ថិត​នៅ​សង្កាត់​កាកាប ១​ ខណ្ឌ​ពោធិ៍សែនជ័យ ​រាជធានី​ភ្នំពេញ​កាល​ពី​សប្តាហ៍​មុន។

លោក ​សុខ វណ្ណៈ ​ដែល​ជា​អាជីវករ​លក់​មាន់​ទា​នៅ​ក្នុង​ផ្សារ​នេះ​ជិត ១៣ ឆ្នាំ ​មក​ហើយ​នោះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ចន្ទ​ថា​ នៅ​ពេល​នេះ​ អាជីវករ​បាន​និង​កំពុង​ប្រមូល​ស្នាម​មេដៃ ​ដើម្បី​ធ្វើ​លិខិត​ដាក់​ជូន​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ។ ​តែបើ​នៅ​តែ​គ្មាន​ដំណោះស្រាយ​ទេ​ ពួក​គេ​នឹង​បន្ត​ដាក់​ជូន​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បន្ត​ទៀត។

លោក​បន្ត​ថា ​យ៉ាងយូរ ​២ ​ថ្ងៃ​ទៀត​ ការ​ប្រមូល​ស្នាម​មេដៃ​ នឹង​ត្រូវ​បញ្ចប់ ​ព្រោះ​មាន​អាជីវករ​ប្រមាណ​ជា ៤០ ភាគរយ​ហើយ ​ដែល​បាន​ផ្តល់​ស្នាម​មេដៃ​របស់​ពួក​គេ។

លោក​បញ្ជាក់​ថា​៖ «នេះ​ជា​សំណើ​ស្នើសុំ​ទៅ​សម្តេច​នាយក ​[រដ្ឋមន្ត្រី] ​ដើម្បី​ជួយ​ឲ្យ​ក្រុមហ៊ុន​ឲ្យ​យើង​លក់ដូរ​ដូច​ដើម។​ អាជីវករ​ចង់​បាន​ គឺ​មាន​តែ​មួយ​ចំណុច​ទេ​ គឺ​ចង់​លក់​នៅ​ទីតាំង​ដដែល។ ពួក​គាត់​មិន​មាន​តូប​មាន​អី​ច្បាស់លាស់​ទេ ​គឺ​មាន​តែ​មួយ​កញ្រែ្ចង ​ហើយ​អ្នក​ខ្លះ​ទៅ​ខ្ចី​លុយ​អង្គការ​គេ​ទិញ​កន្លែង​ចិញ្ចើម​ថ្នល់​ពី​មួយ​ទៅ​មួយ។ បើ​ទៅ​ជា​ផ្សារ​ទំនើប​ទៅ​ឲ្យ​ពួក​គាត់​រក​អី?»​។

អាជីវករ​ផ្សារ​ម្នាក់​ទៀត ​ដែល​ជា​អ្នក​លក់​អង្ករ​ក្នុង​ផ្សារ ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ថា ​ភាគ​ច្រើន​អាជីវករ​នៅ​ក្នុង​ផ្សារ​នេះ ​គឺ​សុទ្ធ​តែ​ជា​ពលរដ្ឋ​ក្រីក្រ។ ដូច្នេះ​នៅ​ពេល​មាន​ការ​រុះរើ​ផ្សារ​ ឲ្យ​ទៅ​ជា​ផ្សារ​ទំនើប ​នោះ​នឹង​ធ្វើ​ឲ្យ​ពួក​គាត់ ​គ្មាន​លទ្ធភាព​ក្នុង​ការ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ទំនើប​ថ្មី​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​ជំទាស់​អ្វី​ទេ ​ក្នុង​ការ​រុះរើ​ធ្វើ​ជា​ផ្សារ​ទំនើប​ហ្នឹង។ យើង​មិន​ចង់​ប្រើ​របស់​ចាស់​ទេ ​តែង​ចង់​ប្រើ​របស់​ថ្មី។ តែ​កាល​ណា​រុះរើ​ទៅ ​គឺ​ត្រូវ​បាត់បង់​ចំណូល។ តើ​អ្នក​ណា​ជា​អ្នក​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួក​យើង ​ដូច្នេះ​មាន​តែ​សំណូមពរ​កុំ​ឲ្យ​មាន​ការ​រុះរើ»។

នៅ​ក្នុង​ផ្សារ​ស៊ិនជូរី​ផ្លាហ្សា​មាន​​តូប​ចំនួន ៣៤១ ​និង​មាន​អ្នក​លក់ដូរ​នៅ​ខាង​ក្រៅ​ជុំវិញ​ផ្សារ​ច្រើន​ជាង​អ្នក​លក់ដូរ​ក្នុង​តូប ​៣ ដង។ អាជ្ញាធរ​បាន​ទុក​រយៈពេល ​៣ ខែ ​ឲ្យ​អាជីវករ​ទាំង​អស់​រើ​ចេញ ​ដែល​នឹង​ផុត​កំណត់​ក្នុង​អំឡុង​ខែ​តុលា​ខាង​មុខ។ នេះ​បើ​យោង​តាម​អាជីវករ។

ភ្នំពេញ​ប៉ុស្តិ៍​មិន​អាច​ទាក់ទង​ប្រធាន​ផ្សារ​នេះ​បាន​ទេ​ម្សិលមិញ ​ព្រោះ​លេខ​ទូរស័ព្ទ​ដែល​ទទួល​បាន​មិន​អាច​ទាក់ទង​បាន។

លោក ​ហែម ដារិទ្ធិ ​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ ​ថ្លែង​ថា​ ការ​អភិវឌ្ឍ​ផ្សារ​ទំនើប ​នឹង​ដើរ​ទៅមុខ ​បើ​ទោះ​ជា​មាន​ការ​តវ៉ា​ពី​អាជីវករ​ផ្សារ​មួយ​ចំនួន​ក៏​ដោយ។ លោក​ថា ​ជាមួយ​នឹង​ការ​តវ៉ា​នេះ ​អាជ្ញាធរ​ មាន​គោល​នយោបាយ​ដោះស្រាយ​ជូន​ម្ចាស់​តូប​ទាំង​ជាង ​៣០០ តូប។​ ប៉ុន្តែ​ អាជ្ញាធរ​នឹង​មិន​មាន​គោលការណ៍​ទទួល​ខុស​ត្រូវ​ចំពោះ​អាជីវករ​ដែល​លក់​នៅ​តាម​ផ្លូវ​ជុំវិញ​ផ្សារ​ដោយ​ខុស​ច្បាប់​នោះ​ទេ។

លោក​បញ្ជាក់​ថា​៖ «យើង​រើ​តែ​អ្នក​លក់​នៅ​ក្នុង​ផ្សារ ​ដោយ​ឲ្យ​ពួក​គាត់​មក​លក់​នៅ​ផ្សារ​ថ្មី​សិន។ ​ពេល​ហើយ ឲ្យ​គាត់​មក​លក់​នៅ​កន្លែង​ដើម​វិញ ​ដោយ​គេ​មិន​មាន​យក​លុយ​ថ្លៃ​សំណង​ថ្លៃ​អ្វី​ទាំង​អស់។ ​យើង​ដោះស្រាយ​តែ​នៅ​ក្នុង​ផ្សារ​ស៊ិនជូរី​ផ្លាហ្សា​ហ្នឹង​ទេ​»។

លោក​អះអាង​ថា​៖ «ការ​តវ៉ា​នេះ ​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ ​ព្រោះ​ពួក​គេ​ចេះ​តែ​បំបះបំបោរ។ នរណា​ដែល​គេ​ធ្វើ​ផ្សារ​ថ្មី​ឲ្យ​លក់​ហើយ ​មក​តវ៉ា​ម៉េច? ​គេ​ធ្វើ​ផ្សារ​ថ្មី​ឲ្យ​ហើយ ​អត់​មាន​ទៅ​យក​លុយ​អី​ណា។ ៥ ទៅ ​៦ ឆ្នាំ ​ក្រោយ​បាន​គេ​យក​លុយ ​ហើយ​គេ​យក ​១ ខែ​តែ ១០ ​ដុល្លារ​ហ្នឹង»។

លោក ​ហែម ដារិទ្ធិ បាន​បញ្ជាក់​ថា​ នៅ​ពេល​សាងសង់​ផ្សារ​នេះ ​ឲ្យ​ក្លាយ​ទៅ​ជា​ផ្សារ​ទំនើប ​តូប​ទាំង​អស់​ក្នុង​ផ្សារ​នឹង​មាន​​តម្លៃ ហើយ​ការ​លក់ដូរ​របស់​អាជីវករ​ក៏​ល្អ​ទៅ​តាម​ហ្នឹង​ដែរ។ លោក​ថា​ ក្នុង​អំឡុង​ពេល​នៃ​ការ​អភិវឌ្ឍ​ផ្សារ​រយៈពេល ២ ឆ្នាំ ​អាជីវករ​ទាំង​អស់​ នឹង​ត្រូវ​បាន​ផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី​ ដែល​នៅ​លើ​សួន​សាធារណៈ​មួយ​របស់​រដ្ឋ ​ក្បែរ​ផ្សារ​ស៊ិនជូរី​នេះ​បណ្តោះ​អាសន្ន​សិន៕