ភ្នំពេញៈ ក្រុមអឺរ៉ុប (Team Europe) កំពុងកៀរគរថវិកាចំនួន ៤៤៣ លានអឺរ៉ូ ជាជំនួយឥតសំណង និងប្រាក់កម្ចី ដើម្បីអនុវត្តការងារជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ខណៈលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានប្រាប់រដ្ឋមន្ត្រីអាស៊ានឲ្យធ្វើការឆ្លើយតបជាចាំបាច់ទៅនឹងកិច្ចគាំពារសង្គមឱ្យទាន់ពេលវេលាដល់ជនក្រីក្រ និងក្រុមជនងាយរងគ្រោះក្នុងបណ្តាប្រទេសអាស៊ាន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ ១៩។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានបញ្ជាក់ថា ថវិកាចំនួន ៤៤៣ លានអឺរ៉ូ ជាជំនួយឥតសំណង និងប្រាក់កម្ចីដែលប្រមូលដោយក្រុមអឺរ៉ុបនេះ គឺដើម្បីអនុវត្តការងារជាមួយប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់សង្គម សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា អឺរ៉ុបនឹងធ្វើការងារជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ការស្ដារខឿនសេដ្ឋកិច្ច និងការបង្កើតការងារ។ ការគាំទ្ររបស់ក្រុមអឺរ៉ុបនឹងរួមចំណែកពង្រឹងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ដែលក្នុងនោះរួមមានការវិនិយោគសាធារណៈ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិទ្ធភាពថាមពល និងការស្ដារឡើងវិញដែលគិតគូរពីបរិស្ថាន។
ជាមួយគ្នានេះលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានថ្លែងប្រាប់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកសុខុមាលភាពសង្គមនៅក្នុងកិច្ចប្រជុំពិសេសតាមប្រព័ន្ធ Online ស្តីពីការកាត់បន្ថយផលប៉ះពាល់ដោយជំងឺកូវីដ ១៩ លើក្រុមជនងាយរងគ្រោះក្នុងតំបន់អាស៊ានកាលពីថ្ងៃទី ១០ ខែមិថុនា ថា៖ «ជំងឺកូវីដ ១៩ បានវិវត្តមកដល់លឿនហើយបាននិងកំពុងរីករាលដាលពីវិស័យមួយទៅវិស័យមួយ ដែលយើងចាំបាច់ត្រូវមានការឆ្លើយតបឱ្យទាន់ពេលវេលា»។ នេះបើយោងតាមគេហទំព័រ ក្រសួងសង្គមកិច្ចកាលពីថ្ងៃទី ១០ មិថុនា។
លោក វង សូត បន្ថែមថារហូតមកទល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកំណត់អត្តសញ្ញាណកម្មគ្រួសារពលរដ្ឋក្រីក្រក្នុងអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ ១៩ ដើម្បីឧបត្ថម្ភសាច់ប្រាក់ទាំងនៅតំបន់ជនបទ និងទីប្រជុំជនតាមរយៈវិធានការជំនួយសង្គម។
លោកបានបន្តថា រាជរដ្ឋាភិបាលមានការប្តេជ្ញាបន្តអនុវត្តរាល់កម្មវិធីគាំពារសង្គមទាំងឡាយដែលមានស្រាប់ មិនឱ្យខកខាន និងទាន់ពេលវេលា ដោយប្រើប្រាស់យន្តការអង្កេតរហ័សស្តីពីផលប៉ះពាល់នៃជំងឺកូវីដ១៩ លើអ្នកទទួលផលនៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ និងក្រុមគ្រួសារ។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំ ដាក់ឱ្យអនុវត្តនៅក្នុងខែមិថុនា ឆ្នាំ ២០២០ នេះនូវកម្មវិធីជំនួយសង្គមសំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃនៅក្នុងអំឡុងពេលនៃវិបត្តិដោយសារជំងឺកូវីដ១៩ និងក្រុមជនរងគ្រោះជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រដែលមានបណ្ណសមធម៌ទូទាំងប្រទេសដោយផ្តោតការយកចិត្តទុកដាក់បន្ថែមដល់កុមារអាយុក្រោម ៥ ឆ្នាំ ជនពិការជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រទាំងនោះទៀតផង»។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរពីផលប៉ះពាល់ ដោយរៀបចំផ្ទេរសាច់ប្រាក់ដល់ជនក្រីក្រងាយរងគ្រោះ ឬអ្នកក្រីក្រដែលមានបណ្ណសមធម៌ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ។
លោកថ្លែងថា៖ «រដ្ឋាភិបាលតាមប្រទេសនីមួយៗគឺបានចាប់ផ្តើមពិចារណាពីផលប៉ះពាល់គឺរដ្ឋាភិបាលបានបញ្ចេញថវិកាសម្រាប់គាំទ្រដូចជា នៅប្រទេសឥណ្ឌូនេស៊ី ប្រជាពលរដ្ឋដែលមានចំណូលតិចហ្នឹង រដ្ឋាភិបាលគឺមិនយកថ្លៃភ្លើង ៥០ ភាគរយឱ្យបង់តែ ៥០ ភាគរយទេ»។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា ថ្លែងពីថ្ងៃព្រហស្បតិ៍ថា ក្រុមជនងាយរងគ្រោះ និងអ្នកក្រីក្របំផុតអាចជាជនចំណាកស្រុកដែលអាចមករស់នៅតំបន់សំណង់អនាធិបតេយ្យ ឬតំបន់ដែលមិនទាន់មានរបៀបរៀបរយនៅទីក្រុង និងនៅតំបន់ជនបទដាច់ស្រយាល។ ដើម្បីជួយពួកគេ រដ្ឋាភិបាលអាចតាមដានបន្ថែមទៅលើទិន្នន័យដែលបានមកពីការប្រមូលអត្តសញ្ញាណជនក្រីក្រជាមួយនឹងឃុំ សង្កាត់។
លោកបន្តថា តួអង្គអ្នកជួយសម្របសម្រួលទៅដល់ក្រុមងាយរងគ្រោះនេះគឺអាជ្ញាធរមូលដ្ឋាន និងអង្គការសង្គមស៊ីវិលដែលធ្វើការនៅមូលដ្ឋានដើម្បីបញ្ជាក់អត្តសញ្ញាណរបស់ពួកគេ ហើយរដ្ឋាភិបាលត្រូវរកមធ្យោបាយដើម្បីផ្តល់នូវសេវាគាំពារសង្គម។
លោក ជ័យ ថ្លែងថា៖ «ពេលវេលានេះគឺពួកគេត្រូវការមែនទែននូវសេវាសង្គមមួយចំនួន។ អ៊ីចឹងការផ្តល់នូវសេវាគាំពារសង្គមដល់ពួកគេដើម្បីឱ្យពួកគេអាចប្រើប្រាស់យន្តការនេះ ដើម្បីទៅរកសេវាសាធារណៈនៅមូលដ្ឋានបានយ៉ាងងាយ»។
សេចក្តីថ្លែងការណ៍រួមរបស់អាស៊ានបញ្ជាក់ថា រដ្ឋមន្ត្រីអាស៊ានទាំង ១០ បានប្តេជ្ញាចិត្តធានាឱ្យមានការទទួលបាននូវការគាំពារសង្គមចំពោះជនក្រីក្រ និងជនងាយរងគ្រោះឱ្យបានទាន់ពេលវេលា និងបែងចែកថវិកាសាធារណៈឱ្យបានសមស្របសម្រាប់ចំណាយក្នុងសង្គម។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «យើងសូមប្តេជ្ញាចិត្តបែងចែកការចំណាយជាសាធារណៈឱ្យបានគ្រប់គ្រាន់ ដែលធានានូវនិរន្តរភាព សុខុមាលភាពសង្គម បណ្តាញសុវត្ថិភាពសង្គម និងការផ្តល់កិច្ចគាំពារសង្គម»៕