កំពង់ស្ពឺ៖ ក្រុម​អ្នក​ជំនាញ​បាន​និង​កំពុង​ដំឡើង​ឡ​ទំនើប​ស្វ័យ​ប្រវត្តិកម្ម​ចំនួន ៥ នៅ​លើ​ផ្ទៃដី ១០ ហិកតា នៅ​ក្នុង​ឃុំ​តាសាល ស្រុក ១០ ហិកតា ស្ថិត​ក្នុង​ឃុំតាសាល ស្រុក​ឱរ៉ាល់ សម្រាប់​បូជា​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩។ នេះ​បើ​តាម​លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ព្រឹក​ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ នេះ។

លោក​បាន​ថ្លែង​ថា ៖«ក្រុម​ជំនាញ​ការ​បច្ចេកទេស កំពុង​រៀបចំ​ផ្គុំ​គ្រឿង​ឧបករណ៍​សម្ភារ ដើម្បី​ដំឡើង​ឡ​ទំនើប​ស្វ័យ​ប្រវត្តិកម្ម​ចំនួន ៥ លើ​គ្រឹះ​បេតុង​ដែល​ជា​ជើង​ទម្រ ដើម្បី​ភ្ជាប់​បណ្ដាញ​អគ្គិសនី ដែល​កិច្ចការ​នេះ ត្រូវ​ចំណាយ​ពេល​យ៉ាងយូរ ១ សប្ដាហ៍​ទៀត នឹង​ត្រូវ​រួចរាល់​ជា​ស្ថាពរ»។

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ទិញ​គ្រឿង​ឧបករណ៍ និង​សម្ភារ​ទាំង​នោះ​ពី​ប្រទេស​ថៃ កាល​ពី​ដើម​ខែ​មីនា បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​ហានិភ័យ​កាន់​តែ​ខ្លាំង​ឡើង នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដោយ​តម្រូវ​ឲ្យ​គ្រប់​អាជ្ញាធរ​រាជធានី-ខេត្ត ដែល​មាន​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ​ធ្ងន់ធ្ងរ ត្រូវ​រៀបចំ​ឈាបនដ្ឋាន និង​កន្លែង​បញ្ចុះ​សព អ្នក​ដែល​ស្លាប់​ដោយ​ជំងឺ​កូវីដ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ ១៩ គិត​ត្រឹម​ល្ងាច​ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២១ មាន​ចំនួន ៤៥ នាក់៕