ភ្នំពេញៈ ស្ថាប័ន​ស្រាវជ្រាវ​មួយចំនួន​រួមមាន​ទាំង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ​ផ្នែក​ក្សេត្រសាស្ត្រ​សម្រាប់​ការអភិវឌ្ឍន៍​ (CIRAD) វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា (IPC) ក្រសួង​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​កំពុង​ធ្វើការ​ស្រាវជ្រាវ​នៅក្នុង​គម្រោង​មួយ​ឈ្មោះថា ZooCov ដើម្បី​បង្ហាញ​ពី​ចង្វាក់​នៃ​ជំនួញ​សត្វព្រៃ​នៅ​កម្ពុជា និង​ការចម្លង​រោគ​ពី​សត្វព្រៃ​មក​មនុស្ស​។

គម្រោង​នេះ​នឹង​កត់ត្រា​នូវ​ប្រភេទ​ផ្សេងៗ​នៃ​វីរុស​កូរ៉ូណា​ដែល​ធ្វើ​ចលនា​តាមរយៈ​ចង្វាក់​ជំនួញ​សត្វព្រៃ ព្រមទាំង​បង្កើត​នូវ​ប្រព័ន្ធ​ផ្ដល់ព័ត៌មាន​ឆាប់រហ័ស​ដែល​មាន​ភាពបត់បែន​ និង​រួមបញ្ចូល​គ្នា​អំពី​ការព្រឹត្តិការណ៍​ដែលនាំឱ្យ​មាន​ការចម្លង​មេរោគ​។ នេះ​បើ​យោងតាម​លោកស្រី​វេជ្ជបណ្ឌិត Veronique Chevalier អ្នកសម្របសម្រួល​គម្រោង​នៃ​អង្គការ CIRAD និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​។

លោកស្រី​បានឱ្យ​ដឹងថា គម្រោង​ស្រាវជ្រាវ​នេះ​ធ្វើឡើង​នៅក្នុង​ខេត្តស្ទឹងត្រែង និង​មណ្ឌលគិរី​ដែល​មាន​រយៈពេល ១៨ ខែ​។ ខេត្ត​ទាំង​ ២ ​នេះ​ត្រូវបាន​ជ្រើសរើស​ដោយសារ​តែមាន​ការរាយការណ៍​ថា នៅទីនេះ​មាន​ការជួញដូរ និង​ការបរិភោគ​សត្វព្រៃ ហើយ​គេ​ក៏បាន​រកឃើញ​វត្តមាន​សត្វ​ប្រចៀវ​ជាច្រើន​ផងដែរ​។

គម្រោង​នេះ​ បានចាប់ផ្ដើម​កាលពី​ខែ​មេសា​ដោយ​មកទល់​ពេល​នេះ ក្រុម​ការងារ​បាន​បង្កើត​នូវ​ផែនទី​បង្ហាញ​តួអង្គ​ដែល​ពាក់ព័ន្ធ​នឹង​ជំនួញ​សត្វព្រៃ និង​តួអង្គ​ការពារ​សត្វព្រៃ​។ ក្រុមការងារ​ក៏បាន​ថត​ទុក​ក្នុង​បណ្ណាសារ​នូវ​សំណាក​មនុស្ស​ និង​សត្វ​រួចហើយ បន្ទាប់ពី​ពួកគេ​បាន​សម្ភាស​ជាមួយ​នឹង​អ្នក​ដែល​ប៉ះពាល់​សត្វព្រៃ និង​អ្នក​ដែល​មិន​ប៉ះពាល់​សត្វព្រៃ​។

នៅក្នុង​បទសម្ភាស​ទាំងនោះ ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​សាកសួរ​មនុស្ស​ដែលជា​គោលដៅ​នៃ​ការសម្ភាស​អំពី​ការយល់​ឃើញ​របស់​ពួកគេ​អំពី​ហានិភ័យ បន្ទាប់ពី​មានការ​ផ្ទុះឡើង​គ្រុន​ផ្ដាសាយ​បក្សី H5N1​។ ក្រុម​ការងារ​ពេលនេះ​កំពុង​រៀបចំ​កិច្ចប្រជុំ​ដើម្បី​បញ្ជាក់​ពី​បណ្ដាញ​ឃ្លាំមើល​សុខភាព​សត្វព្រៃ​ដែលមាន​ស្រាប់ ដែល​បណ្ដាញ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​អង្គការ «​សមាគម​អភិរក្ស​សត្វព្រៃ​» (WCS)​។

លោកស្រី​វេជ្ជបណ្ឌិត Veronique Chevalier មានប្រសាសន៍​ដូច្នេះ​ថា​៖ «​ផលប្រយោជន៍​ចម្បង​ទទួល​បាន​ពី​គម្រោង​នេះ គឺ​ការវិភាគ​អំពី​ហានិភ័យ​ចម្បងៗ ឬ​ដែល​កំពុង​កើតមាន​ក្នុង​ទំនាក់ទំនង​រវាង​សត្វ និង​មនុស្ស​ដែល​កើតមាន​តាមរយៈ​ទីផ្សារ​លក់​សត្វព្រៃ និង​ការបរិភោគ​សាច់សត្វ​ព្រៃ​នៅ​កម្ពុជា​។ នេះ​ជាការ​ចូលរួមចំណែក​ដល់​ការកំណត់​វិធានការ​តាមដាន​ និង​ការពារ​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅក្នុង​ប្រទេស​នេះ​»​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ចេញ​ផ្សាយ​ថ្ងៃទី​ ១១ វិច្ឆិកា បញ្ជាក់​ថា​គម្រោង​នេះ​ក៏មាន​កិច្ចសហការ​ពី​ក្រសួង​សុខាភិបាល ក្រសួងកសិកម្ម ក្រសួងបរិស្ថាន រដ្ឋបាល​ជលផល និង​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ខេត្ត​ទាំង​ ២ ​នេះ​។

ក្រៅពីនេះ​ក៏មាន​ការចូលរួម​ពី​អង្គការ​មួយចំនួន​ដូចជា អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​របស់​បារាំង (IRD) និង​សាកលវិទ្យាល័យ​ហុងកុង​។ វិទ្យាស្ថាន​ប៉ាស្ទ័រ​បញ្ជាក់ថា ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ចុង​ក្រោយនេះ​ជំងឺ​រាតត្បាត​សកល​ធំៗ​ ៣ រួមមាន​ជំងឺសា ជំងឺ​មើស និង​ជំងឺ​កូវីដ​១៩ បានបង្ហាញ​ពី​លទ្ធភាព​ខ្ពស់​នៃ​ការចម្លង​មេរោគ​ពី​សត្វ​ទៅកាន់​មនុស្ស ដែលជា​ការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ​។

លោក នេត្រ ភត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ១២ ខែវិច្ឆិកា ថា ក្រសួងបរិស្ថាន​គាំទ្រ​ការ​ស្រាវជ្រាវ​នេះ​ដែល​នឹង​អាច​ចូលរួម​ដល់​ការទប់ស្កាត់​បទល្មើស​សត្វព្រៃ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ក្រសួងបរិស្ថាន​រីករាយ​ជាមួយនឹង​ការស្រាវជ្រាវ​នេះ ពីព្រោះ​វា​ជា​កិច្ចការងារ​សំខាន់​សម្រាប់​សុខភាព​សាធារណៈ មិនមែន​សម្រាប់តែ​ប្រទេស​កម្ពុជា​ទេ តែ​សម្រាប់​ពិភពលោក​ទាំងមូល​។ ក្រសួងបរិស្ថាន​បាន​ធ្វើការ​អំពាវនាវ​ជា​យូរ​មកហើយ​តាំងពី​ជំងឺ​កូវីដ​ ១៩​ បានចាប់ផ្ដើម ទោះបី​មិនទាន់​មាន​ភាពជាក់លាក់​ថា ជំងឺ​នេះ​ចម្លង​មកពី​សត្វ​ពិតប្រាកដ​ឬ​យ៉ាងណា​តែ​ក្រសួង​បរិស្ថាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ឈប់​ប៉ះពាល់​ និង​ឈប់​បរិភោគ​សាច់សត្វ​ព្រៃ​ជា​អាហារ​ដើម្បី​ចៀសវាង​ការចម្លង​ជំងឺ​ផង និង​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​សត្វព្រៃ​ដែល​យើង​មាន​»​។

ក្រសួងបរិស្ថាន​ក៏បាន​ធ្វើការ​អប់រំ​ប្រជាពលរដ្ឋ​រួចហើយ​ថា ការបរិភោគ​សត្វព្រៃ​មិន​ត្រឹម​តែមាន​ហានិភ័យ​ដល់​បញ្ហា​សុខភាព​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ធ្វើឱ្យ​ពួកគេ​ប្រឈមមុខ​ផ្លូវច្បាប់​ទៀតផង​។ លោក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ឈប់​បរិភោគ​សាច់សត្វ​ព្រៃ​ដើម្បី​ចូលរួម​កុំឱ្យ​មានការ​បរបាញ់​សត្វព្រៃ​៕