ភ្នំពេញៈ ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ផ្នែក​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ចំនួន​ ៧ ​នាក់​​ បាន​មកដល់​កម្ពុជា​ហើយ​កាលពី​ព្រឹក​ម្សិលមិញ ដើម្បី​ចែករំលែក​បទពិសោធ​ល្អៗ​ដល់​កម្ពុជា​ក្នុង​កិច្ចប្រឹងប្រែង​ព្យាបាល និង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ទាំងនេះ​មកកាន់​កម្ពុជា​តាម​ការស្នើសុំ​របស់​ក្រសួងសុខាភិបាល​។ ក្រុម​អ្នកជំនាញ​បាន​នាំមក​ជាមួយ​នូវ​ស្រោមដៃ​ចំនួន ៧ ០០០, ​ម៉ាស់​វះកាត់​ចំនួន​ ៥៨ ០០០, ម៉ាស់​វេជ្ជសាស្ត្រ​ចំនួន ៥៥ ០០០, ​ម៉ាស់ N95 ចំនួន​ ៥ ០០០, មួក​ចំនួន​ ១៨ ៥០០, គម្រប​ស្បែកជើង​ចំនួន ១ ៣០០, អាវអៀម​ចំនួន​ ១ ៣០០, សម្លៀកបំពាក់​សុវត្ថិភាព​មន្ត្រី​សុខាភិបាល​ចំនួន ១ ២៥០, របាំងមុខ​វេជ្ជសាស្ត្រ​ចំនួន ២ ០៨០,​ទែម៉ូម៉ែត្រ​វាស់​កម្ដៅ​ប្រើ​អ៊ិនហ្វ្រារ៉េត​ចំនួន​ ៥០ និង​វ៉ែនតា​សុវត្ថិភាព​ចំនួន ២ ២៨០​។

ក្រសួង​សុខាភិបាល​បញ្ជាក់ថា ក្រុម​អ្នកជំនាញ​ទាំង​ ៧ ​នាក់​នេះ​ ដឹកនាំ​ដោយ​លោក Ai Xiang អនុប្រធាន​នាយកដ្ឋាន​ថែទាំ​សុខភាព​នៃ​គណៈកម្មាធិការ​សុខាភិបាល​តំបន់​ស្វយ័ត​ខេត្ត​ក្វាងស៊ី​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ដែល​បាន​ទៅ​ទទួល​ប្រតិភូ​វេជ្ជសាស្ត្រ​បាន​ថ្លែង​យ៉ាងខ្លី​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា​៖ «​នេះ​ជា​កិច្ចសហប្រតិបត្តិការ​រវាង​បងប្អូន​ដែល​មាន​បញ្ហាលំបាក​កិច្ចសហប្រតិបត្តិការ​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ប្រធានាធិបតី ស៊ី ជីនភីង ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រួមសុខ​រួមទុក្ខ​ជាមួយ​គ្នា​រវាង​ប្រជាជន​ចិន​ជាមួយ​ប្រជាជន​កម្ពុជា​»​។

ទំព័រ​ហ្វេសប៊ុក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ថ្លែងថា ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នេះ​គឺជា​ក្រុមទី​ ១ ​ហើយ​ដែល​ប្រទេស​ចិន​បាន​បញ្ជូន​ទៅកាន់​ប្រទេស​នៅ​តំបន់​អាស៊ាន​ចាប់ផ្ដើម​ជាមួយ​កម្ពុជា​ក្នុង​កិច្ច​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

ស្ថានទូត​ចិន​សរសេរ​ថា​៖ «​សមាជិក​នៃ​ក្រុមគ្រូពេទ្យ​ជំនាញ​នឹង​អញ្ជើញ​ពិភាក្សា​អំពី​បទពិសោធ​នៃ​កិច្ចប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ វីរុស ជាមួយ​នឹង​ភាគី​កម្ពុជា​ជួយ​សម្របសម្រួល​កិច្ចប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​វីរុស​ដល់​ភាគី​កម្ពុជា ហើយ​នឹង​ផ្តល់​យោបល់​ណែនាំ​ជូន​ដល់​អ្នកជំងឺ​ក្នុងពេល​ព្យាបាល​»​។

ក្រុម​អ្នកជំនាញ​វេជ្ជសាស្ត្រ​ចិន​ពេល​ចុះ​ពី​យន្តហោះ​កាលពី​ម្សិលមិញ​។ហេង ជីវ័ន

លោក លី សូវ៉ាន់ ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល ដែល​បាន​ទៅ​ទទួល​ស្វាគមន៍​ប្រតិភូវេជ្ជសាស្ត្រ​ចិន​ដែរនោះ​ថ្លែងថា ប្រទេស​ចិន​បាន​ទទួល​ជោគជ័យ​ក្នុង​ការប្រយុទ្ធ​ជាមួយ​ជំងឺ​នេះ ហើយ​លោក​សង្ឃឹម​ថា ក្រុម​វេជ្ជបណ្ឌិត​ទាំង​ ៧ ​រូប​នឹង​ចែករំលែក​បទពិសោធ​ជោគជ័យ​ទាំងនោះ​ជាមួយ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​មន្ត្រី​របស់​យើង​នឹង​ធ្វើការ​សិក្សា​ពី​គាត់​ទាំង​បទពិសោធ និង​ចំណេះដឹង​នានា​ពី​គាត់ ដើម្បី​យក​មក​អនុវត្ត​ក្នុង​ប្រទេស​យើង​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។ យើង​នឹង​ជម្រាបជូន​គាត់​នូវ​អ្វីដែល​យើង​បានធ្វើ​កន្លងមក​នេះហើយ​យើង​រង់ចាំ​មើលថា ចំណុច​ណាខ្លះ​គាត់​នឹង​ផ្ដល់យោបល់​ទាំង​ការរុករក​ករណី​សង្ស័យ ករណី​ប៉ះពាល់​ក៏ដូចជា​ទាក់ទង​នឹង​មន្ទីរពិសោធន៍ ព្រោះ​ថា​បច្ចុប្បន្ន​នេះ​យើង​មាន​មន្ទីរពិសោធន៍​តែមួយ​ទេ​។ យើង​ចង់​ពង្រីក​វិសាលភាព​មន្ទីរពិសោធន៍​ឲ្យ​មាន​ច្រើន​កន្លែង​។ ត្រូវការ​យោបល់​ពី​គាត់ និង​ការគ្រប់គ្រង​មន្ទីរពេទ្យ​»​។

លោក​បន្តថា លោក​មិនទាន់​ច្បាស់​ថា តើ​ក្រុម​វេជ្ជសាស្ត្រ​ចិន​នឹង​ស្នាក់នៅ​កម្ពុជា​ក្នុង​រយៈពេល​យូរ​ប៉ុនណា​ទេ ហើយ​កម្ពុជា​ក៏​អាច​ស្នើសុំ​ឲ្យ​ពួកគាត់​បន្ត​នៅ​កម្ពុជា​ក្នុងករណី​ចាំបាច់​។

កាលពី​ថ្ងៃ​សៅរ៍ សារព័ត៌មាន​ចិន China Daily ចុះផ្សាយ​ថា វ៉ាក់សាំង​ប្រឆាំង​នឹង​មេរោគ​កូរ៉ូណា​ត្រូវ​បាន​ចាប់ផ្ដើម​ពិសោធ​នៅ​មន្ទីរពិសោធន៍​។ វ៉ាក់សាំង​នេះ​ត្រូវ​បាន​ចុះបញ្ជី​នៅក្នុង​បញ្ជី​សាកល្បង​គ្លីនិក​ចិន ឬ Chinese Clinical Trial Registry កាលពី​ថ្ងៃ​ ១៧ មីនា​។

ស្រដៀង​គ្នា​នេះ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន​ថា វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ដែល​ផលិតឡើង​ដោយ​លោកស្រី​វេជ្ជបណ្ឌិត Chen Wei អ្នកជំនាញ​ផ្នែក​កិច្ចការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​យោធា​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​យោធា​ប្រទេស​ចិន ត្រូវ​បាន​អនុម័ត​យល់​ព្រម​ឲ្យ​ធ្វើតេស្ត​សាកល្បង​នៅ​គ្លីនិក​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​ចន្ទ​។

ស្ថានទូត​ចិន​សរសេរ​ថា​៖ «​វ៉ាក់សាំង​ប្រភេទ​នេះ​ទទួល​បាន​ការអនុញ្ញាត​ក្នុង​ដំណើរ​ការពិសោធ​ព្យាបាល​ជំងឺ​។ តាម​ស្តង់ដា​កំណត់​នៃ​អន្តរជាតិ និង​តាម​បទប្បញ្ញត្តិ​ក្នុងប្រទេស​ចិន វ៉ាក់សាំង​នេះ​ត្រូវបាន​ចាត់ជា​កិច្ចការ​រៀបចំ​បឋម​ដែល​ប្រកប​ដោយ​សុវត្ថិភាព ប្រសិទ្ធភាព គុណភាព​ដែល​អាច​គ្រប់គ្រង​បាន និង​ការផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​»​។

ខណៈ​ដែល​មនុស្ស​ជាច្រើន​ស្វាគមន៍​ការរកឃើញ​វ៉ាក់សាំង​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​លើ​ពិភពលោក​នេះ​មនុស្ស​មួយចំនួន​មាន​ការបារម្ភ​ថា វ៉ាក់សាំង​នេះ​ត្រូវបាន​យក​មក​ប្រើ​សាកល្បង​លើ​ពលរដ្ឋ​ខ្មែរ​។ ពាក់ព័ន្ធ​ចំណុច​នេះ​លោក លី សូវ៉ាន់ ថ្លែង​ដូច្នេះ​ថា​៖ «​អ្វីដែល​គាត់​កំពុងតែ​ផលិត សិក្សា​ស្រាវជ្រាវ និង​ផលិត​គឺជា​ជំហាន​បឋម​ទេ​។ ធម្មតា​ការសិក្សា​ស្រាវជ្រាវ​ឱសថ ឬក៏​វ៉ាក់សាំង​ហ្នឹង ត្រូវការ​ពេលវេលា​យ៉ាងតិច​ ៦ ​ខែ​ចាប់ពី​ការរកឃើញ និង​ចាប់ផ្ដើម​។ នេះ​ជា​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក​។

លោក​បន្តថា​៖ «​ខ្ញុំ​សង្ឃឹមថា មុននឹង​យើង​មាន​ការចាក់​វ៉ាក់សាំង​នឹងត្រូវ​តែមាន​ការទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​។ សូមបញ្ជាក់​ថា រហូត​មក​ទល់​ពេលនេះ​ពិតមែន​តែ​យើង​ឃើញ​មាន​ការផ្សព្វផ្សាយ​ពី​ប្រទេស​មួយចំនួន​ដែល​ប្រើ​ថ្នាំ​នេះ​ថ្នាំ​នោះ ប៉ុន្តែ​រហូត​ពេលនេះ​យើង​អត់​ទាន់​មាន​ការទទួលស្គាល់​ជា​ផ្លូវការ​របស់​អង្គការ​សុខភាព​ពិភពលោក​»​។

គិត​ត្រឹម​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា កម្ពុជា​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​ ១៩ ចំនួន​ ៨៧ ​ករណី​ ក្នុង​នោះ​មាន​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ជនជាតិ​បារាំង ពលរដ្ឋ​ខ្មែរ​កាន់សាសនា​អ៊ិស្លាម​ដែល​បាន​ទៅ​ចូលរួម​ពិធី​សាសនា​នៅ​ម៉ាឡេស៊ី​កាលពី​ចុង​ខែ​កុម្ភៈ និង​ភ្ញៀវទេសចរ​ពី​អឺរ៉ុប​ផ្សេងទៀត និង​ការចម្លង​មក​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តូច​។ ចំនួន​ ៨៧ ​ករណី​នេះ​​​ ក៏​បូក​រួមទាំង​អ្នក​ដែល​បាន​ជា​សះស្បើយ​ ២ ​ករណី​ផងដែរ​៕

វីដេអូ៖