សៀមរាប៖ ក្រុមអ្នកបុរាណវិទូអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណនៅព្រះលានជល់ដំរី ដែលមានមុខងារ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំងក្នុងសម័យបុរាណ ដែលត្រូវបានធ្វើការសន្និដ្ឋានបឋមថា ទបង្ហូរទឹកបុរាណនេះ អាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។
នៅលើទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១២ ឧសភា បានឱ្យដឹងថា ការរកឃើញនេះ បានធ្វើឡើងក្នុងការអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹកនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំ។ ការសិក្សាអំពីផលប៉ះពាល់បុរាណវិទ្យា គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណាក់កាលនៃការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង និងការវិវឌ្ឍរបស់រចនាសម្ព័ន្ធបុរាណផ្សេងៗ ដែលនៅក្រោមដីទៅតាមយុគសម័យនីមួយៗ។
អាជ្ញាធរនេះ បានបញ្ជាក់ថា៖ «ជាលទ្ធផលក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ព័ន្ធបុរាណជាច្រើនដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។ ពិសេសជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ (លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលបុព្វបុរសស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ (ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង) នៃក្រុងអង្គរធំ។ ទបង្ហូរទឹកនេះ ក៏មានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថា មានសំណង់អំពីឈើ ឬហៅថា រោងទងអំពីឈើប្រក់ក្បឿងនៅតាមបណ្តោយផ្លូវប្រវែងជិត ៨០ ម៉ែត្រផងដែរ។
លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយបានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូងនៃព្រះបរមរាជវាំង ដែលប្រហែលជារាជព្រះបាទយសោវរ្ម័ន (ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរ ដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។
លោក ខៀវ ច័ន្ទ បានបញ្ជាក់ថា៖« (ទបង្ហូរ)បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ និងទទឹងមុខសម្រាប់ទឹកហូរ ០,២ ម៉ែត្រ និងមានបណ្តោយ ៦ ម៉ែត្រ»។
លោកបញ្ជាក់ថា ទបង្ហូរទឹកនេះ គឺមានមុខងារ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំងចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើតដែលនៅអបផ្លូវទៅខ្លោងទ្វារជ័យ ហើយហូរចូលទៅបឹងធំដែលស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។
លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យ (ការប្រមូលផ្សំ) ដែលបានរកឃើញនៅក្នុងស្រទាប់ដីនីមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះ អាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។
លោកបន្តថា ការស្ថាបនារបស់ព្រះអង្គក៏មានរន្ធត្រដេវនៅទិសឥ្ឍសានសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូវទិសនិរតីសម្រាប់បង្ហូរទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ហើយក្រៅពីនេះ ព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ ៣ គីឡូម៉ែត្របួនជ្រុងទៀតផង។
ព្រះលានជល់ដំរី ត្រូវបានសាងឡើងនៅចុងសតវត្សរ៍ទី១២ ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាប័ទ្មបាយ័ន។ នៅទីនេះ បុព្វបុរសខ្មែរបានសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបី និងមានពីរជាន់។ នៅលើខឿននេះ ដើមឡើយមានអគារសាងពីឈើប្រកក្បឿងតែសព្វថ្ងៃមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។ នេះបើតាមការរកឃើញរបស់អ្នកបុរាណវិទូអាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុងអង្គរធំ មានអាងស្តុកទឹកចំនួន ៣គឺ បឹងតាតួតនៅទិសឥ្ឍសាន បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតីនេះ៕