កោះកុងៈ ​ក្រុម​អ្នកភូមិ​ប្រមាណ​ជាង​ ១០០ ​នាក់​ ដែល​បាននាំគ្នា​ទៅ​តវ៉ា​មុខ​សាលាដំបូង​ខេត្តកោះកុង​ដើម្បី​ឲ្យ​ដោះលែង​លោក ទិត្យ ស៊ីថា ជា​ប្រជាការពារ​ភូមិ​នោះ បាន​សម្រេច​ផ្អាក​ការតវ៉ា​របស់​ខ្លួន បន្ទាប់ពី​មាន​មន្ត្រី​សាលាខេត្ត​​បាន​សន្យាថា​នឹង​ជួយ​សម្រួល​ឲ្យ​មានការ​ដោះលែង​នៅក្រៅ​ឃុំ​ករណី​ចោទថា លោក​បាន​ «​គំរាមកំហែង​ថា​នឹង​សម្លាប់​» ​អភិបាលរង​ខេត្ត​មួយរូប​។

លោក រួត សុផល ជា​អ្នកភូមិ​ម្នាក់​ក្នុងចំណោម​ជាង​ ១០០ ​នាក់​ ដែល​បាន​ចូលរួម​តវ៉ា​កាលពី​ល្ងាច​ថ្ងៃទី​ ២៥ និង​ ២៦ ​ខែវិច្ឆិកា ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​ជាង​ ១០០ ​នាក់ ​បានសម្រេច​ផ្អាក​ការតវ៉ា បន្ទាប់ពី​មាន​មន្ត្រី​តំណាង​សាលាខេត្ត​បាន​សន្យាថា​នឹង​ជួយ​ដោះស្រាយ​ឲ្យ​លោក ទិត្យ ​ស៊ីថា បាន​នៅក្រៅ​ឃុំ​។

លោក​បាន​ថ្លែងថា​៖ «​យើង​បាន​តវ៉ា​ ២ ​ថ្ងៃ​រួចមកហើយ ឥឡូវ​ខាង​មន្ត្រី​គេ​ថា​គេ​នឹង​ដោះស្រាយ​ឲ្យ​យើង ហើយ​គេ​ថា​គេ​នឹង​ជួយ​ធ្វើយ៉ាងណា​ឲ្យ​មាន​ការដោះលែង ហើយ​ប្រាប់​ឲ្យ​យើង​ផ្អាក​ការតវ៉ា​សិន​។ យើង​សម្រេចចិត្ត​ផ្អាក​ធ្វើ​ការតវ៉ា​សិន ដោយ​រង់ចាំ​លទ្ធផល​ពី​ខាង​សាលាខេត្ត​»​។

លោក រួត សុផល បាន​បន្តថា ករណី​ចាប់ខ្លួន​នេះ​បាន​កើតឡើង បន្ទាប់ពី​អភិបាលរង​ខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​ប្តឹង​លោក​ ទិត្យ ស៊ីថា ថា​​បាន​ “​គំរាមកំហែង​ថា​នឹង​សម្លាប់​” ​រូបលោក​។ ករណីនេះ​ដោយសារ​លោក​ ទិត្យ ស៊ីថា បាន​ប្រឆាំង​នឹង​បទបញ្ជា​របស់​លោក សុខ សុទ្ធី ដែល​បាន​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ពលរដ្ឋ​កុំ​ឲ្យ​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ផ្លូវ​សម្រាប់​ប្រើប្រាស់​ក្នុងភូមិ​ដែល​មាន​ទីតាំងនៅ​តំបន់​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ញូញៀន ឌឹវើឡុបមេនគ្រុប​។

លោក​បាន​បញ្ជាក់ថា​៖ «​លោក ​សុខ សុទ្ធី មិន​ឲ្យ​ធ្វើ​ហើយ​ថា បើ​ហ៊ាន​ធ្វើ​គាត់​នឹង​យក​ប៉ូលិស និង​កងរាជអាវុធហត្ថ​ដកហូត​គ្រឿងចក្រ​។ ​ប៉ុន្តែ​លោក​ ទិត្យ ស៊ីថា គាំទ្រ​ប្រជាជន​ដោយ​មិន​ឲ្យ​លោក សុខ សុទ្ធី បញ្ឈប់​គ្រឿងចក្រ​នោះ​ទេ​»​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​កោះកុង​លោក អ៊ុន សុវណ្ណធានី បាន​ថ្លែង​ថា លោក​ ទិត្យ ស៊ីថា អាយុ​ ៤០ ​ឆ្នាំ រស់នៅ​ភូមិ​សំរុងតាកែវ ឃុំ​ព្រែកខ្សាច់ ស្រុក​គិរីសាគរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ថ្ងៃទី​ ២៥ ខែ​វិច្ឆិកា​ពាក់ព័ន្ធ​ការចោទប្រកាន់​ពី​បទ “​គំរាមកំហែង​ថា​នឹង​សម្លាប់​” ​តាម​មាត្រា​ ២៣៣ ​នៃ​ក្រមព្រហ្មទណ្ឌ​។

បើ​តាម​ដីកា​សាលាដំបូង​ខេត្ត​កោះកុង​បាន​ស្រង់​សំឡេង​សារ​របស់​លោក ទិត្យ ស៊ីថា ដែល​បាន​និយាយ​សំដៅ​លោក សុខ សុទ្ធី ថា​៖ «​បង​ឯង​និយាយ​ជាមួយ​មេឃុំ បង​ឯង​គំរាម​មេឃុំ​ម៉េច​ខ្លះ​។ ស្តាប់​ពាក្យសម្តី​បង​ឯង​ឲ្យ​ច្បាស់ និយាយ​ជាមួយ​មេឃុំ ហើយ​បង​ឯង​គិត​ឧត្តមគតិ​ខ្លួនឯង​ផង​។ ​បង​ឯង​និយាយ​ពី​មុន​យ៉ាងម៉េច និយាយ​ក្រោយ​យ៉ាងម៉េច បង​ស្តាប់​ឲ្យ​ច្បាស់ ប្រយ័ត្ន​ជាន់​ដាន​ខ្លួនឯង​ណា​បង​ងាប់!

ខ្ញុំ​ឲ្យ​បងឯង​ងាប់​ថ្ងៃ​ណា​ក៏​បាន​ដែរ អ្នកភូមិ​ខ្ញុំ ខ្ញុំ​ប្រាប់​មិន​យក​បង​ឯង​ជា​មុខ​ទេ​បង​ឯង​ត្រៀម​ងាប់​ទៅ​។ បើ​បង​ឯង​និយាយ​ខុស​តែមួយ​ម៉ាត់ អូខេ​បងប្អូន​ថា ចាំ​ទទួល​បង ស្វាគមន៍​បង​ជានិច្ច​»​។

អភិបាលរង​ខេត្ត​កោះកុង​លោក សុខ សុទ្ធី បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក​ ទិត្យ ស៊ីថា បាន​គំរាម​សម្លាប់​លោក​កាលពី​ថ្ងៃទី​ ៨ ខែ​មេសា​ឆ្នាំ ២០១៩​។ កន្លង​មក​លោក​ធ្លាប់​ឲ្យ​លោក ទិត្យ ស៊ីថា សុំទោស​ជា​សាធារណៈ​ដើម្បី​បញ្ចប់រឿង​ដែរ ប៉ុន្តែ​គាត់​មិន​ព្រម​ទើប​លោក​ប្ដឹង​ឲ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​។

យ៉ាងណាក្ដី​លោក សុខ សុទ្ធី បាន​ទទួល​ស្គាល់​ថា ពិតជា​មាន​មន្ត្រីខេត្ត​ចូលរួម​សម្របសម្រួល​ជុំវិញ​ករណី​នេះ​មែន ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ​អាស្រ័យ​លើ​តុលាការ ខណៈ​ជំហរ​របស់​លោក​អាច​ពិចារណា​ពី​ការដកពាក្យ​បណ្ដឹង​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វី​ដែល​សំខាន់ គឺ​គាត់​ត្រូវ​ទទួល​នូវ​កំហុស​​របស់គាត់ ហើយ​ទី​ ២ ​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ឈប់​នាំគ្នា​មក​ធ្វើបាតុកម្ម​ដើម្បី​បុគ្គល​ដែល​​ខិលខូច​។ សម្រាប់​ខ្ញុំ​អាច​ដក​ពាក្យបណ្តឹង តែ​វា​ជា​ឆន្ទានុសិទ្វិ​របស់​ចៅក្រម​ដែលជា​អ្នកសម្រេច​ដោះលែង​ ឬ​មិន​ដោះលែង​។ មាន​មន្ត្រី​សម្របសម្រួល​​ជាមួយ​ខ្ញុំ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ​ថា មិន​អី​ទេ សម្រាប់​ខ្ញុំ​តែ​អាស្រ័យ​ទៅលើ​ចៅក្រម​»​។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​អង្គការ​អាដហុក​ប្រចាំខេត្ត​កោះកុង លោក ថោង ច័ន្ទតារា បាន​ថ្លែងថា វា​ជា​រឿង​អយុតិ្តធម៌​សម្រាប់​លោក ទិត្យ ស៊ីថា ​ដោយសារតែ​រូបលោក​គ្រាន់​តែ​ទៅ​ជួយ​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​ពួកគាត់​ធ្វើ​ផ្លូវ​ក្នុង​ភូមិ ហើយ​ការដែល​លោក​គំរាម​លោក សុខ សុទ្ធី ដោយសារ​ការខឹង​សម្បា​តែប៉ុណ្ណោះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ដោយសារ​តែ​ការជជែក​ឈ្លោះ​គ្នា​ទៅវិញ​ទៅមក​។

លោក​មិន​ហ៊ាន​ទៅ​ដល់​ថ្នាក់​ប៉ុនប៉ង​ធ្វើតាម​ការចោទប្រកាន់​នោះ​ទេ គាត់​ខឹង​ទៅវិញ​ទៅមក​ដែល​នាំឲ្យ​វាយប្រហារ​ពាក្យសម្ដី​ដាក់​គ្នា​»៕