ភ្នំពេញៈ ​អ្នក​រត់​ម៉ូតូ​កង់​បី​ជាង​ ១០០​ នាក់​ ដែល​កំ​ពុង​ប្រើ​ប្រាស់​សេវា​ ​Pass App​ របស់​ក្រុមហ៊ុន​ PassApp​ Technology Co,Ltd ​បាន​ប្រ​មូល​ផ្ដុំ​គ្នា​កាល​ពី​ម្សិល​មិញ​នៅ​លើ​ផ្លូវ​ធំ​ ៦០ ​ម៉ែត្រ​ ដើ​ម្បី​តវ៉ា​ទាម​ទារ​រក្សា​តម្លៃ​ដឹកជញ្ញូន​អ្នក​ដំ​ណើរ​ឲ្យ​នៅ​ដដែល​ ​ក្រោយ​ពី​ក្រុម​ហ៊ុន​បាន​បញ្ចុះ​តម្លៃ​សេវាទាប​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំណូល​ប្រចាំ​ថ្ងៃ​របស់​ពួកគេ។​

​នេះ​ជា​លើក​ទី២​ ហើយ​ដែល​​អ្នក​រត់​ម៉ូតូ​កង់​បី​ បាន​ប្រមូល​ផ្តុំគ្នា​ ដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​​ការបញ្ចុះ​តម្លៃ​នេះ​ ដោយ​កាល​ពី​ថ្ងៃ​អង្គារ​ ពួក​គេ​បាន​ប្រមូល​ផ្តុំ​គ្នា​ម្តង​រួច​មក​ហើយ​នៅ​ក្នុង​តំបន់​បឹង​កក់​ ប៉ុន្តែ​ដោយ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញា​ធរ​ ទើប​ពួកគេ​ព្រម​បំបែក​គ្នា។​

​យោង​តាម​លិខិត​ស្នើ​សុំ​របស់​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​បី​ទាំង​នោះ​បាន​ព្រមាន​ដល់​ក្រុម​ហ៊ុន​នេះ​ថា​៖​ «​យើង​ខ្ញុំ​ទាំង អស់​គ្នា​នឹង​ធ្វើ​បាតុ​កម្ម​នៅ​មុខ​ក្រុមហ៊ុន​ ឬ​ក៏បាតុ​កម្ម​បិទ​ក្រុម​ហ៊ុន​មិន​ឲ្យ​ធ្វើ​ការ​តែ​ម្ដង បើ​គ្មាន​ដំ​ណោះ​ស្រាយ​ទៀត​យើង​ខ្ញុំ​ទាំង​អស់​គ្នានឹង​ដាក់​ញត្តិ​ទៅ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន ​សែន»។​ ​

លិខិត​ដដែល​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​រក្សា​តម្លៃ​សេវា​ដឹក​អ្នក​ដំ​ណើរ​នៅ​ដដែល​ដែល​បាន​​កំ​ណត់​តម្លៃ​ ១ ​គី​ឡូ​ម៉ែត្រ​ដំ​បូង​ ៣ ០០០​ រៀល​នឹង​​ ១ គី​ឡូ​ម៉ែត្រ​បន្ត​ ១ ២០០ ​រៀល​ រួម​ទាំង​បញ្ចុះ​តម្លៃ​ជើង​សាពី​ ១៥ ​ភាគ​រយ ​មក​នៅ​ត្រឹម​ ១៣ ​ភាគ​រយ និង​សុំ​ឲ្យ​ក្រុម​ហ៊ុន​បង្កើត​ឲ្យ​មាន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នឹង​ម៉ូតូ​កង់បី​។

​​ស្ត្រី​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​ Pass App​ ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា ​ក្រុមហ៊ុន​ទើ​ប​តែ​សម្រេច​បញ្ចុះ​តម្លៃ​សេវា​នៅ​ដើម​ខែ​នេះ​ប៉ុណ្ណោះ​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រកួត​ប្រ​ជែ​ងជា​មួយ​នឹង​បណ្តា​ក្រុមហ៊ុន​ដទៃ​ ព្រោះ​តែ​មើល​ឃើញ​ថា​ តម្លៃ​សេវា​របស់​ខ្លួន ខ្ពស់​ជាង​ក្រុមហ៊ុន​ដទៃ។​

ព្រោះ​កន្លង​មក​ ក្រុមហ៊ុ​ន​កំណត់​តម្លៃ​ ដោយ​គិត​ដំបូង ​១ ​គីឡូ​ម៉ែត្រ​ ៣ ០០០​ រៀល​ នឹង​ ១ គី​ឡូ​ម៉ែត្រ​បន្ទាប់​គិត ១ ២០​០​ រៀល​ ប៉ុន្តែ​តម្លៃ​ ១​ គី​ឡូ​ម៉ែត្រ​បន្ទាប់​នេះ ​ត្រូវ​បាន​បញ្ចុះ​តម្លៃ​មក​ត្រឹម​ ១ ០០០ ​រៀល​វិញ​។​ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ស្ត្រី​ដែល​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​នេះ​ មិន​បាន​បញ្ជាក់​ពី​ដំ​ណោះ​ស្រាយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាម​ទារ​របស់​ក្រុម​អ្នក​រត់​កង់​បី​ទាំង​នោះ​ទេ ​ដោយ​អះអាង​ថា​ រង់ចាំ​ការ​ជជែក​ពិភាក្សា​ពី​ថ្នាក់​លើ ​ហើយ​ការ​ទាមទារ​របស់​ពួកគាត់​ ក្រុមហ៊ុន​ នឹង​ពិចារណា។​

​បុគ្គ​លិក​រូប​នេះ​ បញ្ជាក់​ថា​៖​ ​«​អ្នក​បើក​បរ​កង់​បី​ហ្នឹង​គាត់​តែង​តែ​ទាក់​ទង​មក​ខាង​ប្អូន​ ហើយ​យើង​ក៏​បាន​ប្រាប់​ពួក​គាត់​ថា ​យើង​នឹង​ធ្វើ​របាយ​ការណ៍​មួយ​ ទៅ​ខាង​លើ​សិន​ ហើយ​ខាង​លើ​កំពុង​ពិភា​ក្សា​បញ្ហា​ហ្នឹង​ ថា គេ​អាច​ដំឡើង​វិញ​ ឬ​យ៉ាងណា?»។

​លោក​ កែវ​ ណា​រី វ័យ​ ៣៣​ ឆ្នាំ​ អ្នក​រត់​ម៉ូតូ​កង់​បី​ ដែល​បាន​ប្រើប្រាស់​សេវា​កម្ម​ Pass App នេះ​តាំង​ពី​ឆ្នាំ​ ២០១៦​ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ពួក​គេ​ជាង​ ១០០​ នាក់​ ដោយ​រួម​មាន​អ្នក​បើក​ Pass​ App​ និង​អ្នក​រត់​តាក់​ស៊ី​ផង​នោះ ​បាន​ប្រមូល​ផ្តុំគ្នា​ជា​ថ្មី​ ដើម្បី​​ប្រមូល​ស្នាម​មេដៃ​ និង​ដាក់​ញត្តិ​ទៅ​ក្រុម​ហ៊ុន​ ដើម្បី​ទាម​ទារ​ឲ្យ​ក្រុមហ៊ុន​ រក្សា​តម្លៃ​សេវា​ឲ្យ​នៅ​ដដែល​។​

​លោក​ ណារី​ ​ថ្លែង​ថា​៖​ ​«​ខ្ញុំ​ចង់​ឲ្យ​ក្រុម​ហ៊ុន​ហ្នឹង​ទូទាត់​ដូច​តម្លៃ​ដើម​វិញ​ អត់​ទាម​ទារ​លើស​ ឬ​ក៏​អត់​ចង់​បាន​ខ្វះ​ដែរ​ ព្រោះ​ពី​មុន​យើង​ធ្លាប់​ដឹក​បាន ​១០​ គីឡូ​អី​បាន​ ១ ម៉ឺន​ ២ ​ពាន់​រៀល​ បូក​នឹង​គីឡូ​បន្ទាប់​ បាន​ ១ ម៉ឺន​ ៥ ពាន់​រៀល​ ដល់​គាត់​ទម្លាក់​តម្លៃ​ទៀត ​១០​ គីឡូ​អី​បាន​ ៨ ពាន់​រៀល ហើយ​កាត់ ១៥​ ភាគ​រយ។ ​គិត​មើល​ទៅ​ ៨ ពាន់​រៀល​ ដឹក​ ១០​ គី​ឡូ​ដី ​វា​សល់​តិច​តួច​មែន​ទែន នឹង​​មិន​ទាន់​គិ​ត​ពី​កម្លាំង ​និង​ថ្លៃ​ហ្គាស​ផង»។​

​ក្រៅពី​​ទាម​ទារ​ឲ្យ​ក្រុម​ហ៊ុន​ Pass App​ រក្សា​តម្លៃ​ដដែល​ ទន្ទឹម​គ្នា​នេះ​ដែរ​ក្រុម​អ្នក​រត់​កង់​បី​ទាំង​នោះ​ ក៏​ទាម​ទារ ​និង​ដាក់​លិខិត​ទៅ​ក្រុម​ហ៊ុន​ Grap​ ដែល​ជា​ក្រុមហ៊ុន​ប្រកួត​ប្រ​ជែ​ង​មួយ​លើ​សេវា​ដឹក​អ្នក​ដំណើរ​នេះ​ ឲ្យ​ដំឡើង​ថ្លៃ​វា​ដូច​គ្នា​ជា​មួយ​ក្រុម​ហ៊ុន​ Pass App​ ផងដែរ។​

​លោក​ ឡុង​ វុទ្ធី​ អគ្គ​លេខា​ធិ​ការ​រង​សមា​គមប្រជា​ធិប​តេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា​ វា​មិន​ខុស​នោះ​ទេ​ បើ​គិត​ពី​ការ​ប្រកួតប្រ​ជែ​ងក្នុង​សេដ្ឋ​កិច្ច​ទីផ្សា​រសេរី​ ដែល​ក្រុម​ហ៊ុន​នេះ ​សម្រេច​បញ្ចុះ​តម្លៃ​ ដើម្បី​ទាក់​ទាញ​អតិ​ថិ​ជន​ ប៉ុន្តែ​នៅ​ចំពោះ​មុខ​ បញ្ហា​នេះ ឃើញ​ថា​ អ្នក​ដែល​រង​គ្រោះ​ភាគ​ច្រើន​ គឺ​អ្នក​រត់​ម៉ូតូ​កង់បី​ ដែល​កំពុង​ប្រើ​ប្រាស់​សេវាកម្មនេះ​។​ ​រាល់​ថ្ងៃ​នេះ​ អ្នក​បើក​បរ​កង់​បី​​នេះ ​សម្បូរ​ណាស់ ​សូម្បី​តែ​អ្នកធ្វើការ​ក៏​គាត់​ឆ្លៀត​រក​ស៊ី​នេះ​ដែរ អ៊ី​ចឹង​សូម​ឲ្យ​គិត​ឡើង​វិញ​ ចំពោះ​ការ​ចាប់​យក​អាជីព​នេះ។​

​លោក​ វុទ្ធី​ ​ថ្លែង​ថា​៖ «​ការ​ប្រកួត​ប្រ​ជែង​​នេះ​ វា​ប៉ះ​ពាល់​អ្នក​បើក​បរ​នេះ​ឯង​ ព្រោះ​បើ​ក្រុម​ហ៊ុន ចង់​ធ្វើ​ការ​ប្រកួត​ប្រ​ជែ​ង ​បញ្ចុះ​តម្លៃ​ពី​ ១ ២០០ ​រៀល​ មក​ ១ ០០០ ​គត់​ សូម​មេត្តា​កាត់​ភាគ​រយ​កុំមីស្យុ​ង​ដែល​ដឹក​ ១ ​ជើង​ ១៥ ​ ឬ ១០ ភាគរយ ​ហ្នឹង​ សូម​ទម្លាក់​តម្លៃ​ហ្នឹង​ផង​ ដើម្បី​ឲ្យ​អ្នក​បើក​បរ​គាត់​សល់​លុយ​ សល់​កាក់​ខ្លះ។​ បើ​សិន​ជា​ការ​ប្រកួត​ប្រ​ជែ​ង​បញ្ចុះ​​តម្លៃ​សម្រាប់​តែ​អតិ​ថិ​ជន ប៉ុន្តែ​ការ​តម្លៃ​ជើង​សា​កាត់​ពី​អ្នក​បើកបរ​មិន​ចុះ​ ​ងាប់​តែ​អ្នក​បើកបរ »។​

លោក​ វុទ្ធី​ អះអាង​កន្លង​ទៅ​ របស់​ក្រសួង​សាធារ​ណ​ការ​ និង​ដឹក​ជញ្ជូន​ បាន​ឲ្យ​ដឹង​ថា​ បច្ចុ​ប្បន្ន​ម៉ូតូ​កង់​បី​ ដែល​គេ​និយម​ហៅ​ថា ​កង់បី​ឥណ្ឌា ​មាន​ជាង​ ២ ម៉ឺន​គ្រឿង​ ដែល​កំពុង​ត្រូវ​បាន​ចរា​ចរ​នៅ​លើ​ដង​ផ្លូវ​សាធារ​ណៈ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ពួក​គេ​ទាំង​នោះ ​បាន​ភ្ជាប់​សេវា​កម្ម​ដឹក​អ្នក​ដំណើរ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ​ហៅថា​ App ​ដែល​បង្ក​ភាព​ងាយ​ស្រួល ​និង​កំណត់​តម្លៃ​សេវា​ជា​ស្រេច​ សម្រាប់​អតិថិជន។

លោក​ ម៉ុក​ ​ផល្លា ​អ្នក​រត់​កង់​បី​ម្នាក់​ទៀត​ដែល​បាន​ភ្ជាប់​សេវា​កម្ម​ជា​ច្រើន​ក្រុម​ហ៊ុន​ រួ​ម​ទាំង ​Pass App ផងដែរ​​នោះ​​បាន​ឲ្យ​ដឹង​ថា៖ «ការ​ទាម​ទារ​នេះ​ដោយ​សារ​ក្រុម​ហ៊ុន​ដ​ទៃ ​មិន​សូវ​មាន​អ្នក​ជិះ​ដូ​ច​ក្រុម​ហ៊ុន​ Pass App​នោះ​ទេ ហេតុ​នេះ​ហើយ​ ​ទើប​ខ្ញុំ​ នៅ​តែ​ចង់​បន្ត​ប្រើ​ប្រាស់​សេ​វា​ក​ម្ម​របស់ ​Pass​ App ​ដោយ​រំពឹង​ថា ​អាច​នឹង​រក​ចំណូល​បាន​ច្រើន​ ប៉ុ​ន្តែ​នៅ​ពេល​ក្រុម​ហ៊ុន​នេះ​ ​បញ្ចុះ​តម្លៃ​បែប​នេះ​ ខ្ញុំ​បារម្ភ​ ​ពី​ប្រាក់​កម្រៃ ​អាច​នឹង​ធ្លាក់​ចុះ ​និង​រត់​មិន​រួច​សម្រាប់​ផ្គត់ផ្គង់​ជីវភាព»។

លោក​ ​ម៉េត​ ​មាស​ភក្តី​ ​អ្នក​នាំ​ពាក្យ​សាលា​រាជ​ធា​នី​ភ្នំ​ពេញ​ ​បាន​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា​ ​ជា​ទូ​ទៅ​ប្រជា​ពល​រដ្ឋ គឺ​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​សុំ​ ​ហើយ​ក្នុង​នាម​ជា​ភា​គី​ម្ខាង​ទៀត​ ​គឺ​មាន​សិទ្ធិ​ឆ្លើយ​តប​ ដូច្នេះ​ ក្នុង​នា​មអាជ្ញា​ធ​រ​ ទោះ​ជា​ក្នុង​រូប​ភាព​ណា​ក៏​ដោយ​ ​គឺ​ត្រូវ​ចូល​រួម​សម្រប​សម្រួល​​ដើម្បី​ឲ្យ​ភា​គី​ទាំង​ ២ បាន​ជួប​ជជែក​គ្នា។​

លោក​បញ្ជាក់​ថា​៖ «​ជា​ក់ស្តែង​ក្នុង​រឿង​នេះ​ ​ល្ងាច (​ម្សិ​ល​មិញ)​ ហ្នឹង​យើង​បាន​ជួប​ជា​មួយ​នឹង​ខាង​ពួក​គាត់​ ដើម្បី​ឲ្យ​ដឹង​ពី​កង្វល់​ជាក់​ស្តែង​ជា​ផ្លូវការ​ ​ហើយ​ទើប​តែ​បញ្ចប់​ ​ដូច្នេះ​យើង​នឹង​ប្រជុំ​ជាមួយ​ក្រុម​ការងារ​ ដើ​ម្បី​ស្វែង​រក​ដំណោះស្រាយ​រួម»៕